កីឡាអន្តរជាតិ
អន្តរជាតិ
Everton តែងតាំង Benitez ជាអ្នកចាត់ការទាំងចម្រូងចម្រាស ឯ Santo ទៅដឹកនាំ Spurs
01, Jul 2021 , 10:33 am        
រូបភាព
Rafael Benitez បានក្លាយជាអ្នកចាត់ការទូទៅថ្មី Everton ក្រោយកៅអីទំនេរចាប់តាំងពីលោក Carlo Ancelotti សម្រេចចាកចេញទៅដឹកនាំ Real Madrid។ ការជ្រើសអតីតគ្រូ Liverpool ដែលជាក្រុមគូប្រជែងនេះ Everton ទទួលស្គាល់ថា ជាការសម្រេចចិត្តដ៏ចម្រូងចម្រាសមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ ១៤៣ឆ្នាំមក។ លោក Nuno Espirito Santo អ្នកចាត់ការ Wolves ចូលខ្លួនទៅដឹកនាំ Tottenham Hotspur ដោយចុះកិច្ចសន្យារយៈពេល២ឆ្នាំ។


 
លោក Benítez បានជាអ្នកចាត់ការទូទៅដ៏ចម្រូងចម្រាសបំផុតនៅក្នុងប្រវត្តិសាស្រ្ត Everton ដ្បិតលោកជាអ្នកដឹកនាំទី២ ដែលគ្រប់គ្រងទាំងក្រុម Everton និង Liverpool បន្ទាប់ពីលោក Willian Edward Barclay ចាប់តាំងពីសតវត្សទី១៩ មកពោលគឺក្នុងឆ្នាំ១៨៩០។ 
 
អ្នកចាត់ការសញ្ជាតិអេស្ប៉ាញរូបនេះ ត្រូវបានរាយការណ៍ថាទទួលការបំពាន និងការគំរាមទៀតផង មុនពេលចុះកិច្ចសន្យាជាមួយ Everton ខណៈប៉ូលិសតំបន់ Merseyside កំពុងស៊ើបអង្កេតជុំវិញករណីនេះ។ អ្នកគាំទ្រមិនពេញចិត្តនឹងការតែងតាំងនេះឡើយ ពីព្រោះលោក Benítez ធ្លាប់មានប្រវត្តិមិនល្អដោយហៅ Everton «ជាក្លិបតូចសម្រាប់លោកលេងសើច» កាលនៅដឹកនាំ Liverpool។ 
 
យ៉ាងណាក៏ដោយ លោក Benítez បានអំពាវនាវឱ្យមានសាមគ្គីភាពនៅ Everton ហើយលោកប្តេជ្ញាបង្ហាញស្មារតីជួយក្រុមឱ្យរីកមុខមាត់ខ្លាំងឡើង ឱ្យដូចក្រុមដ៏ទៃដែលលោកធ្លាប់ដឹកនាំ។

Farhad Moshiri ដែលជាម្ចាស់ភាគហ៊ុនច្រើនជាងគេរបស់ក្រុមរហស្សនាមស្កគ្រាប់ អះអាងថា Benítez គឺជាបុរសល្អបំផុត ដែលអាចផ្តល់ភាពជោគជ័យដល់ក្រុម Everton។ មុនជ្រើសយកអ្នកចាត់ការអេស្ប៉ាញនេះលោក Moshiri បានបដិសេធការណែនាំបេក្ខភាពច្រើននាក់រួចមកហើយ។
 
ដោយឡែក Tottenham Hotspur ឯណោះវិញ ពួកគេរកបានអ្នកចាត់ការថ្មីហើយ ក្រោយទំនេរកៅអីចាប់តាំងពីបញ្ចប់លោក Jose Mourinho មក។ លោក Nuno Espirito Santo ដែលបានចាកចេញពី Wolves កាលពីខែឧសភា ត្រូវបានក្រុមរហស្សនាមមាន់ខ្នាយមាសតែងតាំងជាអ្នកចាត់ការទូទៅថ្មី គិតចាប់ពីរដូវកាល ២០២២១-២២ តទៅ ដោយមានកិច្ចសន្យារយៈពេល២ឆ្នាំ។
 
Spurs បានបញ្ចប់លោក Mourinho ពីតំណែងកាលពីខែមេសា និងបានដាក់លោក Ryan Mason វ័យ២៩ឆ្នាំ ជំនួសរហូតដល់ចុងបញ្ចប់រដូវកាលមុន។

បន្ទាប់បានក្លាយជាអ្នកចាត់ការ Spurs លោក Santo សញ្ជាតិអេស្ប៉ាញបង្ហាញក្តីរីករាយ ដោយអះអាងថា នេះជាកិត្តិយសដ៏ធំធេងដែលបានទៅរួមរស់ជាមួយក្រុមដ៏ល្បីកម្រិតពិភពលោក។ «ខ្ញុំរីករាយនិងទន្ទឹងរង់ចាំការចាប់ផ្តើមការងារនៅ Spurs។ យើងត្រូវតែចាប់ផ្តើមធ្វើការងារភ្លាមៗ នៅពេលដែលរដូវកាលថ្មីចាប់ផ្តើមនៅប៉ុន្មានអាទិត្យខាងមុខទៀត»។ នេះជាការបញ្ជាក់របស់លោក Santo ដែលបានដឹកនាំ Wolves ជោកជ័យប៉ុន្មានរដូវកាលចុងក្រោយ៕
 

Tag:
 Rafael Benitez
  Everton
  Nuno Espirito Santo
  Tottenham Hotspur
© រក្សាសិទ្ធិដោយ thmeythmey.com