កីឡាអន្តរជាតិ
អន្តរជាតិ
អត្តពលិកជាប់កាតព្វកិច្ចបំបៅដោះ អាចនាំកូនទៅអូឡាំពិកក្រុងតូក្យូបាន
02, Jul 2021 , 8:29 am        
រូបភាព
អត្តពលិកដែលមានកាតព្វកិច្ចបំបៅកូនដោយទឹកដោះ ត្រូវបានអនុញ្ញាតឱ្យនាំកូនទៅកាន់ការប្រកួតអូឡាំពិករដូវក្តៅក្រុងតូក្យូបាន។ អ្នករៀបចំព្រឹត្តិការណ៍ ប្រកាសដូច្នេះ បន្ទាប់ពីមានការរិះគន់ពីម្តាយ ដែលជាអត្តពលិក ជុំវិញច្បាប់តឹងរឹងលើការនាំក្រុមគ្រួសារទៅចូលរួមកីឡាលំដាប់ពិភពលោកមួយនេះ។


បើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ការអនុញ្ញាតនេះ ទទួលបានការស្វាគមន៍យ៉ាងខ្លាំងពីសំណាក់អត្តពលិកមួយចំនួន។ ដំបូងឡើយក្រុមគ្រួសាររបស់អត្តពលិក ត្រូវបានហាមមិនឱ្យចូលរួមកីឡានៅជប៉ុន ដែលត្រូវបានពន្យារពេល១ឆ្នាំ ដោយសារកូវីដ-១៩នេះឡើយ ដ្បិតអ្នករៀបចំកម្មវិធី ចង់រៀបព្រឹត្តិការណ៍នេះដោយសុវត្ថិភាព។
 
ច្បាប់នេះ មិនទទួលបានការសាទរពីក្រុមអត្តពលិកឡើយ ក្នុងនោះតារាបាល់ទាត់អាមេរិក Alex Morgan បានរិះគន់អ្នករៀបចំដែលធ្វើឱ្យនាងពិបាកក្នុងការចូលរួម។ Morgan ម្ចាស់ជ័យលាភី World Cup ផ្នែកនារីអាមេរិក និងជាម្ចាស់មេដាយមាសអូឡាំពិក ដែលមានកូនស្រីឈ្មោះ Charlie អាយុមួយឆ្នាំ ធ្លាប់លើកឡើងកាលពីខែឧសភាថា គោលការណ៍នេះមិនទទួលបានដំណើរការល្អទេ។
 
យ៉ាងណាក៏ដោយ ប្រធានអ្នករៀបចំព្រឹត្តិការណ៍អូឡាំពិក បានសម្រេចលើកលែងសម្រាប់ទារកជាពិសេសវិញ។ ក្មេងដែលបៅដោះម្តាយ ត្រូវបានអនុញ្ញាតឱ្យរួមដំណើរជាមួយម្តាយដែលជាអត្តពលិកទៅកាន់ក្រុងតូក្យូ បើសិនពួកគេចាំបាច់។
 
ដោយឡែក អ្នកមើលក្មេងឱ្យអត្តពលិក មិនត្រូវបានអនុញ្ញាតឱ្យស្នាក់នៅភូមិកីឡាអូឡាំពិកឆ្នាំ២០២០នេះទេ ប៉ុន្តែអាចស្នាក់នៅកន្លែងឯកជនដូចជាសណ្ឋាគារជាដើម។
 
ការកែប្រែច្បាប់សម្រាប់កុមារនេះ ដោយសារអ្នករៀបចំកម្មវិធីចង់ឱ្យអត្តពលិកដែលមានក្មេងតូចអាចបន្តការប្រកួតប្រជែងដណ្តើមមេដាយក្នុងព្រឹត្តិការណ៍កីឡារដូវក្តៅកាន់តែច្រើន៕
 

Tag:
 Olympic
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com