ជាតិ
សុខភាព
កម្ពុជានឹងទទួលបានវ៉ាក់សាំងកូវីដ-១៩ ចំនួន៥លានដូសទៀត នៅខែកក្កដា
02, Jul 2021 , 8:59 am        
រូបភាព
ភ្នំពេញ៖ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន៥លានដូសទៀត ដែលកម្ពុជាបញ្ជាទិញពីប្រទេសចិន នឹងមកដល់នៅថ្ងៃទី៦ និងថ្ងៃទី១០ខែកក្កដានេះ។ ថ្លែងនៅក្នុងកិច្ចប្រជុំ និងថ្លែងសារពិសេសដោះស្រាយបញ្ហាជំងឺកូវីដ-១៩ តាមប្រព័ន្ធអនឡាញ នាព្រឹកថ្ងៃទី១កក្កដា សម្តេច ហ៊ុន សែន បានបញ្ជាក់ថា ក្នុងចំណោមវ៉ាក់សាំងបង្ការកូវីដ-១៩ ទាំង៥លានដូសនោះ គឺមាន២លានដូស ជាវ៉ាក់សាំងរបស់ក្រុមហ៊ុនស៊ីណូហ្វាម និងមាន៣លានដូស ជាប្រភេទវ៉ាក់សាំងរបស់ក្រុមហ៊ុនស៊ីណូវ៉ាក់។

 
បើតាមប្រសាសន៍ សម្តេច ហ៊ុន សែន វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន៥លានដូសនោះ នឹងមកដល់កម្ពុជា នៅត្រឹមថ្ងៃទី១០ ខែកក្កដា។ ប្រមុខរដ្ឋមន្ត្រីរដ្ឋាភិបាល បានបន្តរៀបរាប់ថា  វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ របស់ក្រុមហ៊ុនស៊ីណូហ្វាម ចំនួន១លានដុល្លារ នឹងមកដល់កម្ពុជា នាថ្ងៃទី៦កក្កដា។
 
ចំពោះវ៉ាក់សាំងកូវីដ-១៩ ចំនួន៤លានដូសទៀត នឹងមកដល់កម្ពុជា នាថ្ងៃទី១០កក្កដាឆ្នាំ២០២១។  សម្តេច ហ៊ុន សែន បានបញ្ជាក់ថា ក្នុងចំណោមវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ទាំង៤លានដូស គឺមាន៣លានដូស ជាវ៉ាក់សាំងរបស់ក្រុមហ៊ុនស៊ីណូវ៉ាក់ និងមាន១លានដូស ជាវ៉ាក់សាំងរបស់ក្រុមហ៊ុន ស៊ីណូហ្វាម។
 
គិតត្រឹមថ្ងៃទី១កក្កដា ឆ្នាំ២០២១ កម្ពុជា មានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សម្រាប់ចាក់ប្រជាពលរដ្ឋ ចំនួន ១១,០២៤,០០០ដូស។ ក្នុងនោះ មានវ៉ាក់សាំងកូវីដ-១៩របស់ស៊ីណូវ៉ាក់ ៧,៥លានដូស, ស៊ីណូហ្វាម៣,២លានដូស និង វ៉ាក់សាំងកូវីដ-១៩ ប្រភេទ Covishield( Astra Zineca) ចំនួន៣២៤,០០០ដូស។
 
ជាមួយគ្នានេះ កម្ពុជាក៏បានសម្រេចផែការចាក់វ៉ាក់បង្ការកូវីដ-១៩ដល់ពលរដ្ឋ បាន៤,២០២,៧៥១នាក់ ផងដែរ។ ចំនួននេះ គឺស្មើនឹងជាង៤២ភាគរយ នៃផែនការរបស់រដ្ឋាភិបាល ដែលនឹងចាក់សាំងបង្ការកូវីដ-១៩ដល់ពលរដ្ឋ១០លាននាក់ ដោយគ្រោងសម្រេច១០០ភាគរយ នៅក្នុងវិច្ឆិកា ឆ្នាំ២០២១៕ 
 
 

Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com