ជាតិ
លោក នួន ផារ័ត្ន៖«ការយកសំណាកលឿន ជាវិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ» លោក នួន ផារ័ត្ន អភិបាលរង សាលារាជធានី កំពុងណែនាំអាជីវករផ្សារអូឡាំពិកអនុវត្តវិធានការ សុខាភិបាល និង ឱ្យទៅយកសំណាកនៅវិទ្យាល័យទួលស្វាយព្រៃ
× អភិបាលរងសាលារាជធានីភ្នំពេញ លោក នួន ផារ័ត្ន បានចុះពិនិត្យស្ថានភាពផ្សារអូឡាំពិក និងបានអំពាវនាវដល់អាជីវករផ្សារនេះទៅយកសំណាក ក្រោយរកឃើញអ្នកវិជ្ជមានជាង១០នាក់។
នាព្រឹកថ្ងៃទី២ខែកក្កដានេះ លោក នួន ផារ័ត្ន អភិបាលរងសាលារាជធានី បានលើកទឹកចិត្តឱ្យអាជីវករផ្សារអូឡាំពិកទៅយកសំណាកនៅវិទ្យាល័យទួលស្វាយព្រៃជាបន្ទាន់។ លោកអភិបាលរងបានបញ្ជាក់ថា ការយកសំណាកបានលឿន គឺជាវិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ដ៏មានប្រសិទ្ធភាព។
លោក នួន ផារ័ត្ន បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោកយ៉ាងដូច្នេះ៖«មកទល់ពេលនេះ អាជ្ញាធរមិនបានសម្រេច បិទផ្សារអូឡាំពិកនោះទេ។ ដូច្នេះសូមបងប្អូនរក្សាភាពស្ងប់ស្ងាត់ និងបន្តកិច្ចសហការជាមួយអាជ្ញាធរ មកយកសំណាក នៅវិទ្យាល័យទួលស្វាយព្រៃ ជាបន្ទាន់។»។
លោកបន្តថា អាជីវករត្រូវរៀនរស់ជាមួយនឹងជំងឺកូវីដ-១៩ ដោយនៅបន្តការលក់ដូរបណ្ដើរ និងទៅយកសំណាកបណ្ដើរ។
ផ្សារបានក្លាយជាកន្លែងផ្ទុះជំងឺកូវីដ-១៩ ឡើងវិញដ៏គួរព្រួយបារម្ភ។ អាជ្ញាធរបានបិទផ្សារបឹងកេងកង កាលពីដើមសប្តាហ៍បន្ទាប់រកឃើអ្នកវិជ្ជមានកូវីដច្រើនរយនាក់។
© រក្សាសិទ្ធិដោយ thmeythmey.com