ជាតិ
ផ្លែឈើព្រៃ៨ប្រភេទដុះតាមព្រៃភ្នំ ដែលពលរដ្ឋភាគច្រើនមិនសូវស្គាល់
03, Jul 2021 , 8:59 pm        
រូបភាព
ដោយ៖ ប៉ូ សុភា 

ភ្នំពេញ៖ ផ្លែ រំដួល សិរមាន់ ច័ន ស្រគំ  ដង្កោ ទ្រៀល សម៉ និងផ្ដៅដំបង ជាផ្លែឈើព្រៃរបស់ខ្មែរដុះតាម ព្រៃ ឬតាមភ្នំ និងសម្បូរដោយតំបន់ និងតាមរដូវ។ ប្រជាពលរដ្ឋខ្មែរ ភាគច្រើនដែលរស់នៅតំបន់ផ្សេងគ្មានផ្លែឈើទាំងនេះ មិនសូវស្គាល់ទេ ជាពិសេសយុវជនជំនាន់ក្រោយ។ ក្រៅពីផ្លែឈើទាំង៨ ប្រភេទនេះក៏នៅមានផ្លែឈើកម្រផ្សេងៗទៀតដែលមិនសូវមានអ្នកស្គាល់ដែរ។

 
ផ្លែឈើមានច្រើនប្រភេទនៅកម្ពុជា​ទាំងផ្លែឈើស្រុក និងផ្លែឈើព្រៃ។ផ្លែឈើស្រុកជាទូទៅសម្បូរអ្នកស្គាល់ ដោយសារវាអាចដាំបានគ្រប់ទីកន្លែងនិងមានលក់នៅតាមទីផ្សារ។ ផ្លែឈើព្រៃ ដុះតែតំបន់មានព្រៃ និងតាមភ្នំមួយចំនួន ដែលផ្លែតាមរដូវកាលប៉ុណ្ណោះ។
 
ផ្លែរំដួល៖ ជាផ្លែឈើព្រៃមួយប្រភេទសម្បូរនៅក្នុងព្រៃជុំវិញភ្នំគូលែន ក្នុងខេត្តសៀមរាម ។ រំដួលមានផ្លែចងជាចង្កោមពេលទុំ​មានព័ណ៌ក្រហមក្រមៅ  មានរសជាតិជូរអែម និងផ្អែមផ្លែខ្លះមានគ្រាប់មួយ ឬពីរតាមទំហំរបស់វា។


ផ្លែរំដួលរួបភាពផ្ដល់ដោយ កញ្ញា គឹមសៀវ
 
ផ្លែសិរមាន់៖ ជាផ្លែឈើព្រៃមានរសជាតិជូរកម្រមានផ្អែមណាស់ ។ ភាគច្រើន គេបរិភោគជាមួយអំបិលម្ទេស ឬទឹកត្រីស្ករ។ផ្លែរបស់វាមានសម្បកប្រហាក់ប្រហែលទៅផ្លែគូលែន។ ប៉ុន្តែផ្លែមានរាងតូចៗនិងចងជាចង្កោម។ សិរមាន់សម្បូរនៅចន្លោះខែមេសា ដល់ខែឧសភា ជារៀងរាល់ឆ្នាំ។  


ផ្លែសិរមាន់Thmey Thmey
 
ផ្លែច័ន៖ ជាផ្លែឈើព្រៃមានព័ណ៌លឿងស្រស់និងក្រអូបឈ្ងុយប្លែកពីផ្លែឈើដទៃ។ ពលរដ្ឋនិយមទិញយកទៅដាក់ក្នុងផ្ទះស្រូបក្លិន​របស់វា។ផ្លែឈើប្រភេទនេះ គេអាចយកមកបរិភោគបាន។ ភាគច្រើន គេប្រទះឃើញមានលក់នៅក្នុងខេត្តកំពង់ធំ និងព្រះវិហារ។ ពេលខ្លះ ផ្លែនេះក៏មានលក់ក្នុងទីក្រុងភ្នំពេញម្ដងម្កាលដែរ។ 


ផ្លែច័នThmey Thmey
 
ផ្លែស្រគំ៖ ផ្លែប្រភេទនេះកម្រមានអ្នកស្គាល់ជាងផ្លែឈើព្រៃប៉ុន្មានប្រភេទទៀត ដោយសារបច្ចុប្បន្នផ្លែឈើ នេះស្ទើរដាច់ពូជទៅហើយ។  ដើមវា ភាគច្រើនមានដុះនៅក្នុងខេត្តកំពង់ធំ ហើយចាស់ៗភាគច្រើនស្គាល់។​ផ្លែរបស់វាចងជាចង្កោម ដែលគេអាចបរិភោគបានទាំងពេលចាស់ និងទុំ។ ផ្លែចាស់មានរស់ជាតិផ្អែមនិងស្រួយ។នៅពេលទុំ មានរសជាតិផ្អែមឈ្ងុយ។ គ្រាប់មានព័ណ៌ខ្មៅប្រហាក់ប្រហែលគ្រាប់ល្មុតតែតូចៗជាងបន្តិច។


ផ្លែស្រគំ  រួបភាពផ្ដល់ដោយ កញ្ញា គឹមសៀវ
 
ផ្លែដង្កោ៖ ផ្លែ​មូល​ៗ​ ពេលចាស់ព័ណ៌របស់វាចាប់ច្រឡំសម្បុរល្មុតចាស់ និងមាន​រសជាតិ​ចត់​សម្រាប់​ប្រើ​ជា​គ្រឿង​ជ្រលក់ឬ​យក​មក​កែ​ផ្សំ​ធ្វើ​ជា​អាហារ​ក៏​បាន។ ពេលទុំ ផ្លែនេះប្រែព័ណ៌ទៅ​​ក្រហមសាច់ទន់ៗ  ដែលមានរសជាតិផ្អែមប្រហាក់ប្រហែលទៅរស់ជាតិផ្លែទន្លាប់។គេអាចបរិភោគផ្លែនេះបាន។


ផ្លែដង្កោ រូបភាពផ្តល់ដោយ កញ្ញ   ខនចន្រ្ទា
 
ផ្លែទ្រៀល៖ ​ជាផ្លែឈើព្រៃមានតាមរដូវច្រើនសម្បូរនៅក្នុងខេត្តសៀមរាម។ ផ្លែនេះពេលទុំមានព័ណ៌ក្រមាម ដែលអាចយកទៅបរិភោគជាមួយអំបិលនិងមានផ្លែខ្លះមានរសជាតិផ្អែមដែរ។


ផ្លែទ្រៀលThmey Thmey
 
ផ្លែសម៉៖  ជាផ្លែឈើមួយប្រភេទគេនិយមយកធ្វើជាឱសថព្យាបាលជំងឺបានច្រើនមុខ។ ផ្លែប្រភេទនេះអាចយកមកបរិភោគតាមធម្មតាឬអាចលាយជាមួយអំបិលម្ទេសកាន់តែឆ្ងាញ់។ 
 
ផ្លែផ្ដៅដំបង៖ ផ្លែនេះមានរូបរាងច្រឡំជាមួយផ្លែផ្តៅធម្មតាតែខុសគ្នាត្រង់ផ្តៅដំបងមានផ្លែជាខ្សែវែង​ៗ និងរសជាតិផ្អែមនៅពេលទុំ។ ផ្តៅប្រភេទនេះសម្បូរនៅតាមព្រៃជុំវិញភ្នំគូលែន នៅពេលដល់រដូវវាទុំពលរដ្ឋតែចូលព្រៃកាប់ផ្លែរបស់វាយកមកលក់តាមទីផ្សារក្នុងខេត្តសៀមរាប៕


ផ្លែដំបង Thmey Thmey

 

Tag:
 ផ្លែឈើព្រៃ
© រក្សាសិទ្ធិដោយ thmeythmey.com