ជាតិ
ប្រព័ន្ធអេកូឡូស៊ី៣ប្រភេទ លេចធ្លោជាងគេនៅកម្ពុជា
04, Jul 2021 , 7:59 am        
រូបភាព
ភ្នំពេញ៖ ប្រទេសកម្ពុជាមានធនធានសម្បូរបែបជាច្រើន ​ទាំងនៅលើគោក និងនៅក្នុងទឹក។ ក្នុងនោះដែរតំបន់ព្រៃត្រូពិកសើមនៅខ្ពង់រាប តំបន់ដីសើមទំនាបកណ្តាល និងតំបន់ឆ្នេរសមុទ្រជាប្រព័ន្ធអេកូឡូស៊ី៣ ដែលលេចធ្លោជាងគេនៅកម្ពុជា។ នេះបើតាមសៀ​វភៅខ្ញុំចង់ដឹងរបស់អង្គការស៊ីប៉ា ដែលមានចំណងជើងថា «ធនធានធម្មជាតិនៅកម្ពុជា»។


 
ប្រព័ន្ធអេកូឡូស៊ី​ទាំង៣នេះ បានផ្តល់ជាប្រយោជន៍យ៉ាងច្រើន ដល់ថនិកសត្វជីវចម្រុះក្នុងទឹក និងទីតាំងទេសចរណ៍ ដ៏មានសក្តានុពលដល់មនុស្សផងដែរ។
 
ប្រព័ន្ធអេកូឡូស៊ីជាប្រព័ន្ធទូលំទូលាយមួយ ដែលរួមបញ្ចូលអន្តរកម្មនៃភាវរស់ទាំងអស់ រួមមានរុក្ខជាតិសត្វនិងធាតុផ្សេងៗ ដូចជាខ្យល់ ផែនដី ព្រះអាទិត្យ អាកាសធាតុ និងបរិយាកាស​។ ជាទូទៅ ការសិក្សាពីប្រព័ន្ធអេកូឡូស៊ីគឺជាសិក្សាពីដំណើរការជាក់លាក់មួយចំនួន​ ​ទាក់ទងនឹងភាវរស់ ឬសមាសធាតុជីវសាស្ត្រដែលជាសមាសធាតុមិនមានជីវិត ឬអសកម្ម​។ នេះបើតាមឯកសាររបស់អេកូម៉ាក ដែលមានសរសេរនៅក្នុងសៀវភៅ«ធនធានធម្មជាតិនៅកម្ពុជា»របស់អង្គការស៊ីប៉ា។
 
​​ចំពោះតំប​ន់ព្រៃត្រូពិចសើមនៅខ្ពង់រាប ត្រូវបានគេចាត់ថា ជាប្រភេទប្រព័ន្ធអេកូឡូស៊ីលេចធ្លោមួយ ក្នុងចំណោមប្រព័ន្ធអេកូឡូស៊ីលេចធ្លោជាងគេ ៣ប្រភេទ។ នៅក្នុងតំបន់នេះ ជួរភ្នំក្រវាញ គឺជាតំបន់ភ្នំដែលមិនទាន់មានរងការប៉ះពាល់ និងនៅល្អជាងគេនៅកម្ពុជា។ តាមរយៈការស្រាវជ្រាវកន្លងមក តំបន់នេះគឺជម្រករបស់ថនិកសត្វ ដែលកំពុងរងការគំរាមកំហែងជាច្រើនប្រភេទដូចជា ដំរីអាស៊ី និងខ្លា ដែលជាសត្វរស់នៅតាមព្រៃល្បោះ វាលស្មៅ និងព្រៃស្រោង ព្រមទាំងសត្វផ្សេងៗទៀត ដែលមិនរស់នៅលើដី។
 
ប្រព័ន្ធអេកូឡូស៊ីលេចធ្លោមួយទៀតនៅកម្ពុជា គឺតំបន់សើមទំនាបកណ្តាល ដែលតំបន់នេះ ​មានទន្លេមេគង្គ ជាទីកំណើតផ្សោត។ វាមានចរន្តទឹកហូរប្រែប្រួលទៅតាមរដូវ និងជាប្រភពទឹក ផ្គត់ផ្គង់បឹងទន្លេសាបផងដែរ។ ទន្លេដ៏ធំនេះ បង្កើតឲ្យមានជម្រកពិសេសៗជាច្រើនសម្រាប់រុក្ខជាតិ សត្វ ដូចជាព្រៃលិចទឹកដ៏ធំល្វឹងល្វើយ និងអន្លង់ជ្រៅៗជាដើម។
 
​តំបន់សមុទ្រក៏ជាប្រភេទប្រព័ន្ធអេកូឡូស៊ី ដ៏លេចធ្លោមួយ​ដែរ។ ឆ្នេរសមុទ្រនៅកម្ពុជា មានប្រវែង៤៣៥គីឡូម៉ែត្រគឺជាផ្នែកមួយនៃឈូងសមុទ្រថៃ។ កន្លែងខ្លះ ពោរពេញទៅដោយផ្ទាំង​ថ្មខ្ពស់ទាប។ វាជាកន្លែងដែលជើងទេរចូលទៅក្នុងទឹក។ កន្លែងខ្លះទៀត សម្បូរទៅដោយព្រៃកោងកាង ដែលជាព្រំដែនទឹកសាបនិងទឹកប្រៃ។ នៅជុំវិញកោះ ផ្កាថ្មជាច្រើន ដែលនៅផ្តុំគ្នា ជាជម្រកសត្វសមុទ្រច្រើនប្រភេទ៕

Tag:
 អង្គការស៊ីប៉ា
  ខ្ញុំចង់ដឹង
  ​ធនធានធម្មជាតិនៅកម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com