ជាតិ
ភូមិអណ្ដូងឬស្សី និងភូមិចំបក់ ទីតាំងផលិតក្អមឆ្នាំងដ៏ល្បីល្បាញប្រចាំខេត្តកំពង់ឆ្នាំង
05, Jul 2021 , 7:59 am        
រូបភាព
ភ្នំពេញ៖ ភូមិអណ្តូងឫស្សីនិងភូមិចំបក់ ក្នុងស្រុករលាប្អៀរ គឺជាភូមិដែលផលិត ចង្ក្រាន ក្អម ឆ្នាំង ពាងនិងសម្ភារធ្វើពីដីជាច្រើនទៀតដ៏ល្បីល្បាញប្រចាំខេត្តកំពង់ឆ្នាំង។ នៅទីនោះគេធ្វើក្អមឆ្នាំងដោយប្រើដីឥដ្ឋ ដែលយកដីពីភ្នំ«ក្រាំងដីមាស» ដើម្បីកែច្នៃនិងផលិតក្អម ឆ្នាំង និងចង្ក្រានផងដែរ។

 
សៀវភៅខ្ញុំចង់ដឹង របស់អង្គការស៊ីប៉ា ដែលមានចំណងជើងថា «ជីវិតជុំវិញបឹងទន្លេសាប» បានរៀបរាប់ថាប្រជាជនជាច្រើនក្នុងភូមិ ឃុំ ស្រុក នៃតំបន់ទំនាបជុំវិញបឹងទន្លេសាប បាននាំគ្នាធ្វើសិប្បកម្មស្មូនដី។ ពេលផលិតឧបករណ៍ទាំងនោះរួច​ស្រេច គេបានដាក់លក់នៅកំពង់ទឹក ដែលជាប់នឹងដងទន្លេសាប។ ក្រៅពីលក់ក្នុងខេត្ត គេក៏បានលក់ពាសពេញប្រទេសតាមផ្លូវគោកនិងផ្លូវទឹកផងដែរ។ កំពង់ទឹក​នេះ បានក្លាយជាកន្លែងលក់ដូរឧបករណ៍ប្រើប្រាស់ធ្វើអំពីដីដុតដ៏សំខាន់ក្នុងខេត្តនេះ។ គេបានដាក់ឈ្មោះកំពង់ទឹកនោះថា កំពង់ឆ្នាំង។ ប​ន្ទាប់មក គេបានដាក់ឈ្មោះខេត្តនេះថា ខេត្តកំពង់ឆ្នាំងតែម្ដង។
 
ក្រៅពីនេះ ខេត្តដែលនៅជាប់បឹងទន្លេសាបមួយនេះ ក៏ជាកំពង់ផែនេសាទ ផែទូកកាណូតដឹកទំនិញ និងដឹកអ្នកដំណើរដ៏ធំមួយ លើផ្លូវទឹកពីភ្នំពេញទៅសៀមរាប។ ខេត្តដែលមានចម្ងាយ៩១គីឡូមែត្រពីក្រុងភ្នំពេញនេះ ក៏ជាជង្រុកស្រូវសម្រាប់កម្ពុជាផងដែរ ព្រោះ​ប្រជាជនអាចធ្វើស្រូវវស្សា ស្រូវប្រាំង និងស្រូវឡើងទឹក។ លើសពីនេះ​ គេក៏បានដាំសណ្តែកបាយ ឪឡឹក និងបន្លែ នៅតាមច្រាំងទន្លេទៀងផង។ តំបន់នេះ ក៏ជាកន្លែងនេសាទដ៏សកម្ម ហើយគេក៏មានចិញ្ចឹមត្រីផងដែរ។
 
ចំណែកព្រៃ៦០ភាគរយនៃផ្ទៃដីខេត្តកំពង់ឆ្នាំង គឺជាជម្រកសត្វជាច្រើនប្រភេទ។ នៅជិតក្រុងមានអាកាសយានដ្ឋានធំមួយ សាងសង់នៅឆ្នាំ១៩៧៧​ ដល់ឆ្នាំ១៩៧៨ក្រោមរបបផ្តាច់ការខ្មែរក្រហម។ សព្វថ្ងៃ គេមិនប្រើទៀតឡើយ ព្រោះសំណង់មិនទាន់ចប់សេ្រចនៅឡើយ។ 
 
ជាងនេះទៅទៀតបើគេជិះទូកឆ្លងទៅត្រើយខាងជើង គេអាចទស្សនាប្រាសាទបុរាណមុនសម័យអង្គរនិងស្ថានីយបុរេប្រវត្តិសំរោងសែននៅលើដីទួលមួយនៅទំនាបបឹង។
 
ឯកសាររបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា ឈ្មោះខេត្តកំពង់ឆ្នាំង កើតចេញពីឈ្មោះមាត់កំពង់ទឹកមួយ ដែលជាកន្លែងមនុស្សសម័យមុនលក់ដូរសម្ភារប្រើប្រាស់ធ្វើពីដី។ កាលនោះ គេមិនទាន់រកឃើញលោហៈធាតុ ដើម្បីកែច្នៃជាឧបករណ៍ប្រើប្រាស់នៅឡើយទេ ហើយមានតែដីប៉ុណ្ណោះ ដែលអាចគេយកច្នៃជាសម្ភារប្រើប្រាស់ដូចជា ចង្ក្រាន, ក្អម, ឆ្នាំង សម្រាប់ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ៕
 

Tag:
 អង្គការ ស៊ីប៉ា
  ខ្ញុំចង់ដឹង
© រក្សាសិទ្ធិដោយ thmeythmey.com