ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
មុនខួប៥ឆ្នាំមកដល់ ពលរដ្ឋខ្លះ នាំគ្នារម្លឹកដល់បណ្ឌិត កែម ឡី
05, Jul 2021 , 2:50 pm        
រូបភាព
ពិធីដង្ហែសពលោកបណ្ឌិត កែម ឡី ចេញពីវត្តចាស់ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៦ ទៅបញ្ចុះនៅស្រុកកំណើតរបស់លោក នៅភូមិអង្គតាកុប ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។ រូបពី AFP
ពិធីដង្ហែសពលោកបណ្ឌិត កែម ឡី ចេញពីវត្តចាស់ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៦ ទៅបញ្ចុះនៅស្រុកកំណើតរបស់លោក នៅភូមិអង្គតាកុប ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។ រូបពី AFP
គ្រាន់តែឈានចូលខែកក្កដាភ្លាម អ្នកគោរពស្រឡាញ់លោកបណ្ឌិត កែម ឡី និងអ្នកកែមឡីនិយម ចាប់ផ្តើមនាំគ្នារម្លឹកដល់រមណភាពរ​បស់លោក ដែលនឹងមកដល់នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១។



អ្នកប្រើប្រាស់បណ្តាញសង្គម បាននាំគ្នាប្តូររូប (Profile) របស់ពួកគេ ដោយជំនួសមកវិញនូវរូបរបស់លោកបណ្ឌិត កែម ឡី។ អ្នកខ្លះ មិនដូរដាក់រូបរបស់លោកបណ្ឌិត កែម ឡី ឡើយ តែពួកគេ បានសរសេរថា «កែម ឡី និយាយការពិត» នៅក្នុងរូបរបស់ពួកគេ។ 
 
បន្ថែមពីនេះ អ្នកខ្លះទៀត បានបង្ហោះ និងចែករំលែកឡើងវិញនូវវីដេអូទាក់ទងនឹងលោកបណ្ឌិត កែម ឡី រួមទាំងប្រសាសន៍ខ្លីៗរបស់លោកផងដែរ ដែលលោក ធ្លាប់បាននិយាយកាលនៅមានជីវិត។ «ខ្ញុំ នឹងនិយាយអ្វី ដែលអ្នកដទៃ មិនហ៊ានិយាយ» «បើអ្នក មិនធ្វើអ្វីសោះ ក៏គង់តែទទួលរងគ្រោះដែរ គ្រាន់តែមិនទាន់ដល់វេនអ្នកប៉ុណ្ណោះ» «ជូនទឹកភ្នែករបស់អ្នក រួចបន្តដំណើរទៅមុខទៀត» ទាំងនេះ សុទ្ធតែជាប្រសាសន៍របស់លោកបណ្ឌិត កែម ឡី ហើយនៅមានប្រសាសន៍របស់លោកជាច្រើនទៀត ដែលត្រូវបានចែករំលែកលើបណ្តាញសង្គម។ 
 
មិនមែនតែប្រជាពលរដ្ឋទេ ដែលចាប់ផ្តើមរម្លឹកពីមរណភាពរបស់លោកបណ្ឌិត កែម ឡី ក្នុងលក្ខណៈជាបុគ្គលរបស់ពួកគេ ក្រុមអង្គការសង្គមស៊ីវិលនិងគណបក្សនយោបាយមួយចំនួន ក៏ចាប់ផ្តើមរម្លឹកដែរ។ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) ជាស្ថាប័នក្រៅរដ្ឋាភិបាលដ៏ធំមួយ ដែលធ្វើការផ្នែកសិទ្ធិមនុស្សនៅកម្ពុជា បានបង្កើតយុទ្ធនាការជំរុញឲ្យមានការប្តូរដាក់រូបរបស់លោកបណ្ឌិត កែម ឡី លើបណ្តាញសង្គម រយៈពេល១ខែពេញនៃខែកក្កដា ឆ្នាំ២០២១នេះ។
 
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ប្រកាសក្នុងសេចក្តីថ្លែងការណ៍ថា នឹងចាក់បញ្ចាំងវីដេអូស្តីពីខ្សែជីវិតរបស់លោកបណ្ឌិត កែម ឡី លើទំព័រហ្វេសប៊ុករបស់ខ្លួន នៅថ្ងៃទី៨ ខែកក្កដា។ ក្រៅពីនេះ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា នៅមានកម្មវិធីមួយចំនួនទៀត ដែលនឹងត្រូវរៀបចំឡើងតាមបណ្តាញសង្គម ដោយអនុញ្ញាតឲ្យអ្នកដែលគោរពស្រឡាញ់លោកបណ្ឌិត កែម ឡី ចូលរួមបញ្ចេញមតិយោបល់ និងបង្ហាញពីក្តីនឹករលឹកដល់លោកបណ្ឌិត កែម ឡី។ 
 
គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដែលគេដឹងថា ជាគណបក្សរបស់ក្រុមបញ្ញវន្ត ក៏បានចេញសេចក្តីថ្លែងការណ៍មួយដែរ ជុំវិញការរម្លឹកខួប៥ឆ្នាំនៃមរណភាពរបស់លោកបណ្ឌិត កែម ឡី។ តាមរយៈសេចក្តីថ្លែងការណ៍របស់ខ្លួន គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ប្រកាសថា នឹងរៀបចំពិធីបង្សុកូលជូនវិញ្ញាណក្ខន្ធលោកបណ្ឌិត កែម ឡី និងរៀបចំពិធីចែកអំណោយដល់ក្រុមគ្រួសារ ដែលមានជីវភាពលំបាកខ្លាំង។ 
 
សូមរម្លឹកថា នៅ​ព្រឹក​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៦ លោក​បណ្ឌិត កែម ឡី ដែលជាសិក្សាស្រាវជ្រាវពីការអភិវឌ្ឍសង្គម និងជាអ្នកអត្ថាធិប្បាយដ៏ល្បីល្បាញពីរឿងនយោបាយ ​ត្រូវ​បានឃាតក បាញ់សម្លាប់ ក្នុង​ស្តារ​ម៉ាត់​នៃ​ស្ថានីយ៍​ប្រេង​ឥ​ទ្ទ​នៈ​កាល់​តិចស្តុបបូកគោ ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ខណៈលោក កំពុងអង្គុយពិសាអ្វីនៅក្នុងស្តារម៉ាត់នោះ។ បុរស​ឈ្មោះ អឿ​ត អាង ហៅ ជួប សម្លាប់ ត្រូវបាន​ចាប់ខ្លួន និង​ត្រូវ​ចោទថា ជា​ឃាតក ដែល​បាញ់សម្លាប់​លោ​កប​ណ្ឌិ​ត​។ 
 
​ជួប សម្លាប់ បាន​សារភាពថា រូបគេ ពិតជា​បាន​បាញ់សម្លាប់​លោក​បណ្ឌិត​មែន ហើយ​លើក​មូល​ហេតុថា ព្រោះ​ខឹង​នឹង​លោក​បណ្ឌិត ដែល​ជំពាក់​លុយ​៣​ពាន់​ដុល្លារ ហើយ​មិន​សង​វិញ​។ រូបគេ ត្រូវ​តុលាការ​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​មួយជីវិត​។ 
 
​យ៉ាងណា មជ្ឈដ្ឋានមួយចំនួន ជាពិសេស​អ្នកស្រី ប៊ូ រចនា ជា​ភរិយា​របស់លោក​បណ្ឌិត មិន​ជឿថា ជួប សម្លាប់ ជា​ឃាតក​នោះទេ​។ ពួកគេ រឹតតែ​មិន​ជឿថា លោក​បណ្ឌិត ជំពាក់​លុយ​ជួប សម្លាប់​។ មជ្ឈដ្ឋានទាំងនោះ រួមទាំងអ្នកស្រី ប៊ូ រចនា នៅតែចង់​ឲ្យ​អាជ្ញាធរ ស្វែងរក​ឃាត​កពិត ដែល​បាញ់សម្លាប់​លោ​កប​ណ្ឌិ​ត យកទៅ​ផ្តន្ទាទោស​។ បច្ចុប្បន្ន អ្នកស្រី ប៊ូ រចនា និង កូនប្រុស​ទាំង​៥​នាក់ កំពុង​រស់នៅ​ប្រទេស​អូស្ត្រាលី​៕ 
 
 
 

Tag:
 កែម ឡី
  ខួប៥ឆ្នាំ
© រក្សាសិទ្ធិដោយ thmeythmey.com