អន្តរជាតិ
លោក បូរីស ចនសុន៖ អង់គ្លេស រំពឹងបញ្ចប់ការបិទខ្ទប់ប្រទេសតាមផែនការ
06, Jul 2021 , 2:59 pm        
រូបភាព
ដោយ៖ ជា ពេជ្រដាឡែន

នាយករដ្ឋមន្ត្រីអង់គ្លេស បូរីស ចនសុន នៅថ្ងៃទី៥ ខែកក្កដា បានដាក់ចេញផែនការសម្រាប់ការបិទ បញ្ចប់ការបិទខ្ទប់ប្រទេស និងការបន្ធូរបន្ថយវិធានការរឹតត្បិតដែលអនុវត្តកន្លងមកដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ ។ វិធានការមួយចំនួនរាប់បញ្ចូលការពាក់ម៉ាស ការរក្សាគម្លាតសុវត្ថិភាព និងការធ្វើការពីផ្ទះជាដើម នឹងលែងអនុវត្តទៀតហើយក្រោយការបើកប្រទេសវិញ។
 
ក្នុងសុន្ទរកថាទៅកាន់ប្រជាជននៅថ្ងៃទី៥ ខែកក្កដា លោក បូរីស ចនសុន ប្រកាសក្ដីរំពឹងថា រដ្ឋាភិបាលរបស់លោកនឹងបញ្ចប់ការរឹតត្បិតដំណាក់កាលចុងក្រោយនៅថ្ងៃទី១៩ ខែកក្កដា។ ចំណែកការសម្រេចចុងក្រោយលើផែនការបន្ថូរបន្ថយនេះនឹងធ្វើឡើងនៅថ្ងៃទី១២ ខែកក្កដាខាងមុខ។ ការបើកប្រទេសវិញនេះ ជាលទ្ធផលនៃយុទ្ធនាការចាក់វ៉ាក់សាំងដែលប្រជាជនភាគច្រើនទទួលបានវ៉ាក់សាំងយ៉ាងតិចមួយដូស ខណៈចំនួនអ្នកចូលសម្រាកនៅមន្ទីរពេទ្យ និងអ្នកស្លាប់ក៏ធ្លាក់ចុះ។ 
 
មួយវិញទៀត រដ្ឋាភិបាលអង់គ្លេស ក៏គ្រោងពន្លឿនការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សម្រាប់ ប្រជាជនអាយុក្រោម៤០ឆ្នាំទាំងអស់ក្នុងរយៈពេលប្រាំបីសប្ដាហ៍ផងដែរ។​ 
 
ចំពោះផែនការបន្ធូរបន្ថយថ្មី បញ្ញត្តិដែលតម្រូវឱ្យ ពាក់ម៉ាស នឹងមិនមានទៀតឡើយ។ រដ្ឋាភិបាលអង់គ្លេសនឹងបន្តណែនាំពីកាលៈទេសៈណាមួយដែលគួរតែពាក់ម៉ាស ប៉ុន្តែនេះគ្រាន់តែជាជម្រើសផ្ទាល់ខ្លួនតែប៉ុណ្ណោះ។ ឯការរក្សាគម្លាតមួយម៉ែត្រពីគ្នា ក៏នឹងមិនមានទៀតឡើយ។ មនុស្សអាចជួបជុំគ្នាបាននៅក្នុងពិធីផ្សេងៗដោយមិនកំណត់ចំនួន និងទីតាំង។ ប៉ុន្តែវិធានការត្រួតពិនិត្យការឆ្លងនឹងត្រូវបានអនុវត្ត។
 
បន្ថែមពីនេះ រដ្ឋាភិបាលអង់គ្លេស នឹងមិនណែនាំលើការធ្វើការពីផ្ទះនោះទៀតដែរ។ ក្រុមហ៊ុននានា អាចសម្រេចចិត្តអនុញ្ញាតឱ្យបុគ្គលិកត្រឡប់មកធ្វើការនៅកន្លែងធ្វើការវិញ។ ចំណែក រដ្ឋាភិបាល នឹងណែនាំវិធានការស្រាលៗក្នុងការរក្សាសុវត្ថិភាពសម្រាប់កន្លែងធ្វើការនេះ។ អាជីវកម្មផ្សេងៗ ក្លិបបរាត្រី នឹងត្រូវបានបើកឡើងវិញដោយមិនកំណត់ចំនួនមនុស្សផងដែរ។
 
ទាក់ទងការធ្វើដំណើរ ក្នុងផែនការនេះ រដ្ឋាភិបាលអង់គ្លេសនឹងធ្វើការជាមួយក្រុមហ៊ុនដឹកអ្នកដំណើរដើម្បី អនុញ្ញាតឱ្យអ្នកដែលបានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ពេញលេញវិលត្រឡប់មកពី ប្រទេសដែលជាប់ក្នុងបញ្ជីហានិភ័យមធ្យមដោយមិនចាំបាច់ធ្វើចត្តាឡីស័ក។ លើសពីនេះ រដ្ឋាភិបាលបានសម្រេចចិត្តមិនដាក់ចេញប្រព័ន្ធអនុវត្តច្បាប់លើលិខិតបញ្ជាក់ស្ថានភាពជំងឺកូវីដ-១៩ទេ។
 
យ៉ាងណាមិញ វិធានការមួយចំនួននៅតែបន្តអនុវត្ត។ រដ្ឋាភិបាលនៅតែបន្តតេស្តអ្នកដែល មានរោគសញ្ញាឆ្លងជំងឺកូវីដ-១៩។ ការធ្វើចត្តាឡីស័កដោយខ្លួនឯងនៅតែជាច្បាប់សម្រាប់ អ្នកតេស្តវិជ្ជមានកូវីដ ឬអ្នកដែលទទួលបានការណែនាំពីរដ្ឋាភិបាល។ ក៏ប៉ុន្តែរដ្ឋាភិបាល មានគោលបំណងលើកលែងចំពោះអ្នកដែលបានចាក់វ៉ាក់សាំងរួចរាល់ក្នុងករណីដែលពួកគេបានប៉ះពាល់អ្នកផ្ទុកជំងឺកូវីដ-១៩។
 
បច្ចុប្បន្ន ករណីឆ្លងសរុបនៅអង់គ្លេសមានចំនួនលើសពី៤លានករណី និងអ្នកស្លាប់១២ម៉ឺននាក់។ អង់គ្លេសបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឱ្យប្រជាជនប្រមាណ៥៩ភាគរយនៃប្រជាជនសរុប៕
 

Tag:
 អង់គ្លេស
© រក្សាសិទ្ធិដោយ thmeythmey.com