ជាតិ
ខួប២៤ឆ្នាំនៃការផ្ទុះអាវុធឆ្នាំ៩៧ ហាក់ស្ងប់ស្ងាត់
06, Jul 2021 , 3:25 pm        
រូបភាព
ទិដ្ឋភាពក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ១៩៩៧ គឺក្រោយ១ថ្ងៃនៃការផ្ទុះអាវុធ។ រូបពី AFP
ទិដ្ឋភាពក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ១៩៩៧ គឺក្រោយ១ថ្ងៃនៃការផ្ទុះអាវុធ។ រូបពី AFP
ថ្ងៃទី៥-ទី៦ ខែកក្កដា ឆ្នាំ១៩៩៧ កម្ពុជា បានជួបព្រឹត្តិការណ៍ផ្ទុះអាវុធនៅកណ្តាលទីក្រុងភ្នំពេញ ដែលគេដឹងថា ជាការប្រើកម្លាំងតទល់គ្នារវាងគណបក្សប្រជាជនកម្ពុជា និង គណបក្សហ៊្វុនស៊ិនប៊ិច។ មកដល់ថ្ងៃទី៥-ទី៦ ខែកក្កដា ឆ្នាំ២០២១ គឺជាខួប២៤ឆ្នាំនៃព្រឹត្តិការណ៍ផ្ទុះអាវុធដ៏រន្ធត់មួយនេះ។



គេ មិនទាន់ឃើញភាគីណាមួយ ជាពិសេសគណបក្សហ៊្វុនស៊ិនប៊ិច ដែលមានកងកម្លាំងរបស់ខ្លួនបាត់បង់ជីវិតក្នុងព្រឹត្តិការណ៍ផ្ទុះអាវុធថ្ងៃទី៥-ទី៦ ខែកក្កដា ឆ្នាំ១៩៩៧ រៀបចំពិធីរម្លឹកខួប និងចេញសេចក្តីថ្លែងការណ៍អំពីព្រឹត្តិការណ៍នេះទេ ខណៈគណបក្សរាជានិយមមួយនេះ តែងធ្វើជារៀងរាល់ឆ្នាំកន្លងមក។ ចំណែក អតីតគណបក្សសង្គ្រោះជាតិ ដែលតែងចេញសេចក្តីថ្លែងការណ៍អំពីព្រឹត្តិការណ៍ផ្ទុះអាវុធនេះស្ទើរតែរៀងរាល់ឆ្នាំដែរនោះ ក៏គេ មិនទាន់ឃើញចេញសេចក្តីការណ៍ដែរ សម្រាប់ឆ្នាំ២០២១នេះ។
 
មានតែអ្នកតាមស្ថានការណ៍សង្គម និងអ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួនតូចប៉ុណ្ណោះ ដែលបានបង្ហោះសាររម្លឹកពីព្រឹត្តិការណ៍ប្រវត្តិសាស្រ្តនេះ។ 
 
លោក គឹម សុខ អ្នកអត្ថាធិប្បាយរឿងនយោបាយ ដែលកំពុងភៀសខ្លួនទៅរស់នៅក្នុងប្រទេសហ្វាំងឡង់ បានសរសេរលើគណនីហ្វេសប៊ុករបស់លោកថា៖«ដើម្បីកុំឲ្យកម្អែលអំណាចរដ្ឋប្រហារ​៥-៦កក្កដា​១៩៩៧ នៅបន្តឥទ្ធិពលបំផ្លាញកម្ពុជា សហគមន៍អន្តរជាតិ ជាប្រទេសសេរីប្រជាធិបតេយ្យធំៗ គួរស្វែងរកការធានា និងបញ្ជាក់ច្បាស់លាស់ពីរបប [លោក]​ ហ៊ុន​ សែន ថា ប្រធាន និងក្រុមមេដឹកនាំសកម្មជនទាំងអស់នៃគណបក្សប្រឆាំងកម្ពុជា អាចចូលរួមក្នុងក្នុងបោះឆ្នោតឆ្នាំ២០២២ និង​ឆ្នាំ​២០២៣​ ដោយ​សេរី ​និង​សុខ​សុវត្ថិភាព​​»។
 
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា សរសេរក្នុងបណ្តាញតេឡេក្រាមថា៖«ព្រឹត្តិការណ៍ថ្ងៃ៥-៦កក្កដា ឆ្នាំ១៩៩៧ គឺជាការចាត់វិធានការទប់ស្កាត់សកម្មភាពនាំយកខ្មែរក្រហមចូលស្រុកដោយខុសច្បាប់ អត់មានការស៊ើបអង្កេតស្អីទេ»។    
 
ព្រឹត្តិការណ៍ផ្ទុះអាវុធថ្ងៃទី៥-ទី៦ ខែកក្កដា ឆ្នាំ១៩៩៧ កើតឡើងមុនការបោះឆ្នោតថ្នាក់ជាតិ១ឆ្នាំ ពោលគឺ នៅឆ្នាំ១៩៩៨ គឺជាការបោះឆ្នោតថ្នាក់ជាតិអាណត្តិទី២ បន្ទាប់ពីកម្ពុជា ក្រោមការជ្រោមជ្រែងរបស់អ៊ុនតាក់ បានរៀបចំការបោះឆ្នោតថ្នាក់ជាតិអាណត្តិទី១ ក្នុងឆ្នាំ១៩៩៣មក។ ឯកសារខ្លះ ហៅព្រឹត្តិការណ៍នេះ ថាជាព្រឹត្តិការណ៍បង្ហូរឈាម ឬជាការធ្វើរដ្ឋប្រហារ។ ប្រជាពលរដ្ឋជាង១០០នាក់ ដោយក្នុងនោះ ក៏មានកងទ័ពខាងគណបក្សហ៊្វុនស៊ិនប៊ិចដែរនោះ បានបាត់បង់ជីវិតក្នុងព្រឹត្តិការណ៍នេះ។ 
 
ក្នុងអាណត្តិទី១ (១៩៩៣-១៩៩៨) កម្ពុជា មាននាយករដ្ឋមន្រ្តីដល់ទៅ២រូប គឺសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធានគណបក្សហ៊្វុនស៊ិនប៊ិច ជានាយករដ្ឋមន្រ្តីទី១ ហើយសម្តេច ហ៊ុន សែន ដែលកាលនោះជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ជានាយករដ្ឋមន្រ្តីទី២។ ចាប់តាំងពីឆ្នាំ១៩៩៨មក កម្ពុជា ប្រែមកមាននាយករដ្ឋមន្រ្តីតែ១រូបវិញ គឺសម្តេច ហ៊ុន សែន។  
 
ក្នុងឆ្នាំ១៩៩៧ កម្ពុជា បានជួបព្រឹត្តិការណ៍ផ្ទុះអាវុធ១ទៀត គឺការគប់គ្រាប់បែកចូលទៅក្នុងក្រុមបាតុករ ដែលដឹកនាំដោយលោក សម រង្ស៊ី ប្រធានគណបក្សសមរង្ស៊ី នៅថ្ងៃទី៣០ ខែមីនា នៅបរិវេណខាងក្រៅវិមានរដ្ឋសភាចាស់ ដែលបច្ចុប្បន្ន ក្លាយជាតុលាការកំពូល។ បើតាមការអះអាងរបស់អតីតគណបក្សសង្គ្រោះជាតិកន្លងមក ព្រឹត្តិការណ៍នេះ បានបណ្តាលឲ្យបាតុករ១៦នាក់ បាត់បង់ជីវិត។ លោក សម រង្ស៊ី ក៏រងរបួសក្នុងព្រឹត្តិការណ៍នោះដែរ។ 
 
ព្រឹត្តិការណ៍ផ្ទះអាវុធទាំង២នេះ ពុំមានជនណាម្នាក់ ត្រូវបានចាប់យកទៅកាត់ទោសឡើយ៕ 
  
 

Tag:
 ព្រឹត្តិការណ៍ផ្ទុះអាវុធ៥-៦កក្កដា
© រក្សាសិទ្ធិដោយ thmeythmey.com