អន្តរជាតិ
ការហាត់ប្រាណ អាចជួយប៉ះប៉ូវផលវិបាកដែលបង្កដោយបញ្ហាដំណេក
07, Jul 2021 , 8:29 am        
រូបភាព
ដំណេក មានជាប់ទាក់ទងទៅនឹងសុខភាពផ្លូវចិត្ត និងផ្លូវកាយរបស់មនុស្សយ៉ាងខ្លាំង។ ក្នុងអំឡុងពេលរីកសាយនៃជំងឺកូវីដ-១៩ មនុស្សជាច្រើនបានជួបប្រទះបញ្ហាដំណេកដូចជា គេងមិនបានស្កប់ស្កល់ ឬមិនគ្រប់គ្រាន់។ ការគេងមិនស្កប់ស្កល់ អាចធ្វើឱ្យអ្នកមានសុខភាពមិនល្អទៅតាមនោះដែរ។ ប៉ុន្តែថ្មីៗនេះ មានការសិក្សាមួយរកឃើញថា លំហាត់ប្រាណគ្រប់ប្រភេទអាចប៉ះប៉ូវផលវិបាកមួយចំនួនចំពោះសុខភាព ដែលបង្កដោយបញ្ហាដំណេក។


 
ការសិក្សាថ្មីមួយដែលចេញផ្សាយលើទិនានុប្បវត្តិ Sports Mediine របស់អង់គ្លេសកាលពីថ្ងៃទី៣០ ខែមិថុនា បានលើកឡើងថា ការធ្វើលំហាត់ប្រាណគ្រប់គ្រាន់ អាចជួយទប់ទល់ផលអវិជ្ជមានមួយចំនួនដែលបង្កដោយបញ្ហាដំណេក។  
 
បញ្ហាដំណេក ត្រូវបានគេរាប់បញ្ជូលទាំង ការគេងមិនគ្រប់គ្រាន់ដែលតិចជាង៧ម៉ោងក្នុងមួយថ្ងៃ ការគេងស្រមុក និងគេងមិនលក់ជាដើម។ ការធ្វើការដាច់យប់ និងយកពេលព្រឹកមកគេងជំនួសវិញនោះ ក៏ជាសកម្មភាពរំខានដំណេកដែរ។ មិនតែប៉ុណ្ណោះ ការគេងច្រើនហួសពេកលើសពី៩ម៉ោង ក៏រាប់ថាជាបញ្ហាដំណេក ព្រោះវាមិនល្អចំពោះសុខភាពឡើយ។ 
 
បញ្ហាទាំងអស់នេះ អាចប៉ះពាល់ខ្លាំងណាស់ដល់សុខភាពមនុស្សដូចជា បំផ្លាញលំនាំមេតាប៉ូលីសក្នុងរាងកាយ និងកាត់បន្ថយបរិមាណកាឡូរីដែលបានដុត និងអាចធ្វើឱ្យកើនឡើងហានិភ័យនៃជំងឺលើសទម្ងន់។ លើសពីនេះ វាក៏បង្កើនហានិភ័យនៃជំងឺបេះដូង និងអាចស្លាប់មុនអាយុថែមទៀត។ 
 
យ៉ាងណាមិញ វាមានការសិក្សាមួយចំនួនបានចាប់ផ្តើមសង្កេតលើទំនាក់ទំនងរវាងការគេង និងការធ្វើលំហាត់ប្រាណ ថាតើវាពាក់ព័ន្ធយ៉ាងណា ដល់សុខភាពមនុស្សតាមរយៈការស្ទង់មតិ។ ក្នុងការស្ទង់មតិមួយ ដែលត្រូវបានចូលរួមដោយមនុស្សមានវ័យកណ្តាល៣៨០,០៥៥នាក់ តាំងពីឆ្នាំ២០០៦ ដល់ឆ្នាំ២០១០ អ្នកចូលរួមទាំងអស់ ត្រូវបានគេតាមដានរយៈពេលគេង និងការហាត់ប្រាណអស់រយៈពេល ១១ឆ្នាំ។
 
ជាលទ្ធផល នៅខែឧសភា ឆ្នាំ២០២០ អ្នកចូលរួម១៥,៥០៣នាក់ បានស្លាប់បាត់បង់ជីវិត ដោយក្នុងនោះមាន ៤,០៩៥នាក់ស្លាប់ដោយសារជំងឺបេះដូង និង ៩,០៦៤នាក់ ស្លាប់ដោយសារជំងឺមហារីក។ អ្នកដែលបានបាត់បង់ជីវិតនោះ គឺជាអ្នកដែលមានបញ្ហាដំណេក ហើយមិនបានធ្វើលំហាត់ប្រាណ។ 
 
ផ្ទុយទៅវិញ សម្រាប់អ្នកដែលមានបញ្ហាដំណេក ប៉ុន្តែបានហាត់ប្រាណទៀតទាត់ និងគ្រប់គ្រាន់តាមការណែនាំរបស់អង្គការសុខភាពពិភពលោក (WHO) មិនប្រឈមហានិភ័យនៃការស្លាប់ដោយជំងឺបេះដូង និងមហារីកនោះទេ។ ក្នុងន័យនេះ បើទោះជាអ្នកមានបញ្ហាដំណេក និងពិបាកដោះស្រាយ អ្នកគួរ ជ្រើសយកការហាត់ប្រាណទៅប៉ះប៉ូវផលប៉ះពាល់ដែលបង្កដោយបញ្ហាដំណេកទាំងនោះដែរ។ 
 
សូមបញ្ជាក់ថា រយៈពេលសមស្របនៃការធ្វើលំហាត់ប្រាណដែល WHO បានណែនាំត្រូវបានបែងចែកជាពីរ។ ជាការល្អ អ្នកគួរតែធ្វើលំហាត់ប្រាណយ៉ាងហោចណាស់ឱ្យបាន ១៥០នាទី ក្នុងមួយសប្តាហ៍ ចំពោះសកម្មភាពបញ្ចេញកម្លាំងតិច និង ៧៥នាទីក្នុងមួយសប្តាហ៍ចំពោះសកម្មភាពដែលត្រូវប្រើកម្លាំងខ្លាំង៕ 
 

Tag:
 ហាត់ប្រាណ
  ដំណេក
© រក្សាសិទ្ធិដោយ thmeythmey.com