អន្តរជាតិ
ប្រមុខសិទ្ធិមនុស្ស UN ព្រមានវិបត្តិនយោបាយមីយ៉ាន់ម៉ា អាចបង្កអសន្តិសុខក្នុងតំបន់
07, Jul 2021 , 5:59 pm        
រូបភាព
ប្រជាជនមីយ៉ាន់ម៉ា បាតុកម្មប្រឆាំងនឹងរបបសឹក នៅថ្ងៃទី៣ ខែកក្កដា។ រូបភាព៖ AFP
ប្រជាជនមីយ៉ាន់ម៉ា បាតុកម្មប្រឆាំងនឹងរបបសឹក នៅថ្ងៃទី៣ ខែកក្កដា។ រូបភាព៖ AFP
ឧត្តមស្នងការជាន់ខ្ពស់សិទ្ធិមនុស្សអង្គការសហប្រជាជាតិ(UN) លោកស្រី Michelle Bachelet នៅថ្ងៃទី៦ ខែមិថុនា បានព្រមានថា បញ្ហានយោបាយនៅមីយ៉ាន់ម៉ា ដែលមានចាប់តាំងពីរដ្ឋប្រហារយោធា នៅដើមខែកុម្ភៈ កន្លងមក អាចវិវត្តទៅរកសង្រ្គាមស៊ីវិលទ្រង់ទ្រាយធំ អសន្តិសុខក្នុងតំបន់ និងជារដ្ឋបរាជ័យ។

 
បន្ទាប់ពីយោធាទម្លាក់រដ្ឋាភិបាលស៊ីវិល បញ្ហាជាច្រើន បានកើតឡើងនៅមីយ៉ាន់ម៉ា ដោយរាប់តាំងពីវិបត្តិនយោបាយ វិបត្តិមនុស្សធម៌ បាតុកម្មស្ទើរមិនលុះថ្ងៃ និងការប្រយុទ្ធរបស់យោធា និងក្រុមប្រដាប់អាវុធជនជាតិភាគតិចជាដើម។ ទាក់ទិននឹងបញ្ហានេះ ប្រមុខសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បានលើកឡើងពីក្តីបារម្ភមួយចំនួន ដែលទាក់ទិននឹងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។ 
 
ថ្លែងនៅមុខក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ លោកស្រី Michelle Bachelet ឧត្តមស្នងការជាន់ខ្ពស់សិទ្ធិមនុស្សអង្គការសហប្រជាជាតិ បានសង្កត់ធ្ងន់ថា មីយ៉ាន់ម៉ា ក្នុងរយៈពេលចុងក្រោយនេះ បានវិវដ្តពីវិបត្តិនយោបាយ ទៅមហន្តរាយសិទ្ធិមនុស្សទ្រង់ទ្រាយធំ។
 
«ភាពឈឺចាប់ និងហិង្សា នៅក្នុងប្រទេសកំពុងបំផ្លាញ លទ្ធភាពនៃការអភិវឌ្ឍប្រកបដោយចីរភាព និងលទ្ធភាពនៃរដ្ឋបរាជ័យ ក៏ដូចជាសង្រ្គាមស៊ីវិលទ្រង់ទ្រាយធំ»។ លោកស្រី Bachelet បានបន្តបែបនេះ ដោយបន្ថែមថា បញ្ហានយោបាយនៅមីយ៉ាន់ម៉ា កំពុងធ្វើឱ្យមានអស្ថិរភាពនៅក្នុងតំបន់កាន់តែធំឡើង។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។ 
 
ជាមួយគ្នា លោកស្រី Bachelet ក៏មិនភ្លេចពីការលើកឡើងលើករណីចាប់ខ្លួន អ្នកសារព័ត៌មាន អ្នកប្រឆាំង ការធ្វើទណ្ឌកម្ម និងការបង្ខំឱ្យបិទប្រព័ន្ធផ្សព្វផ្សាយជាដើម។ ចាប់តាំងពីរដ្ឋប្រហារមក មនុស្សចំនួនជាង ៩០០នាក់ ត្រូវបាញ់សម្លាប់ និងប្រជាជនមីយ៉ាន់ម៉ាប្រមាណ ២០ម៉ឺននាក់ ត្រូវចាកចេញពីផ្ទះសម្បែង ដើម្បីរកកន្លែងមានសុវត្ថិភាព។ 
 
មិនតែប៉ុណ្ណោះ យ៉ាងយោចណាស់ មនុស្សជាង ៥ពាន់នាក់ ត្រូវបានចាប់ខ្លួនដោយបង្ខំ ក្នុងក្នុងនោះមានអ្នកសារព័ត៌មាន ៩០នាក់។ ប្រព័ន្ធផ្សព្វផ្សាយចំនួន ៨ត្រូវបង្ខំឱ្យបិទ។ យ៉ាងណាមិញ នាពេលកន្លងមក យោធាមីយ៉ាន់ម៉ា ក៏បានដោះលែងអ្នកប្រឆាំងមួយចំនួនរួចហើយ។ អ្នកទាំងនោះ សុទ្ធតែមិនស្ថិតនៅក្រោមបទចោទរបស់តុលាការ។ 
 
ដោយព្រមានពីលទ្ធភាពនៃសង្គ្រាមស៊ីវិល អតីតប្រធានាធិបតីស៊ីលីរូបនេះ បានអះអាងថា ក្តីអស់សង្ឃឹមរបស់ប្រជាជនមីយ៉ាន់ម៉ា កំពុងតែកើតមានខ្លាំង ហើយអាចឈានទៅចាប់កាន់អាវុធ និងបង្កើតក្រុមការពារខ្លួន ហើយវានឹងបង្កផលអាក្រក់ខ្លាំងប្រជាជនស៊ីវិល។ លោកស្រី Bachelet ក៏បានអំពាវនាវផងដែរឱ្យក្រុមប្រដាប់អាវុធទាំងអស់ គោរព និងការពារប្រជាជន ព្រោះកន្លងមក ការវាយប្រហារយ៉ាងហោចណាស់២៤០លើក កើតលើមណ្ឌលសុខភាព និងគ្រូពេទ្យ ដែលធ្វើឱ្យប៉ះពាល់ការតេស្តរកជំងឺកូវីដ-១៩ ព្យាបាល និងចាក់វ៉ាក់សាំងជាដើម។ 
 
សូមបញ្ជាក់ថា ចាប់តាំងពីរដ្ឋប្រហារយោធាមក ក្រុមប្រដាប់អាវុធជនជាតិភាគតិច បានផ្ទុះអាវុធជាញឹកញាប់ជាមួយយោធាមីយ៉ាន់ម៉ា នៅតាមតំបន់ជាប់ព្រំដែនជាមួយថៃ ឥណ្ឌា និងចិន។ ការប្រយុទ្ធគ្នានេះ បានធ្វើឱ្យប្រជាជនក្នុងតំបន់ ត្រូវចំណាកស្រុក និងរកកន្លែងមានសុវត្ថិភាព៕ 
 

Tag:
 មីយ៉ាន់ម៉ា
  ក្រុមប្រឹក្សាសិទ្ធិមនុស្ស
© រក្សាសិទ្ធិដោយ thmeythmey.com