ជាតិ
៤ឆ្នាំមុន តំបន់ប្រាសាទសំបូរព្រៃគុក ត្រូវបានចុះក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក!
08, Jul 2021 , 7:59 am        
រូបភាព
តំបន់ប្រាសាទសំបូរព្រៃគុកក្នុងខេត្តកំពង់ធំ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌជាផ្លូវការនៅអង្គការយូណេស្កូ(UNESCO) កាលថ្ងៃទី៨ខែកក្កដា ២០១៧ ដែលមកដល់ពេលនេះ មានរយៈពេល៤ឆ្នាំហើយ។ ដូចជាខួប១៣ឆ្នាំនៃការចុះបញ្ជីប្រាសាទព្រះវិហារផងដែរ រដ្ឋាភិបាលមិនមានការរៀបចំពិធីអបអរឡើយ នាអំឡុងនៃការរាលដាលកូវីដ-១៩។

 
 
ការសម្រេចបញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុកក្នុងបញ្ជីបេតិកភណ្ឌនេះ ត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំកំពូលលើកទី៤១ នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូដែលប្រារព្ធធ្វើពីថ្ងៃទី២ ដល់ថ្ងៃទី១២ខែកក្កដាឆ្នាំ២០១៧។ សមាជិកគណៈកម្មាធិការនេះចំនួន ១៩៣ ប្រទេស ហើយដែល ២១ ប្រទេសជាគណៈកម្មាធិការអចិន្ត្រៃយ៍ បានអនុម័តចុះបញ្ជីប្រាសាទសំបូរព្រៃគុកនេះ នៅយប់ថ្ងៃទី៨ខែកក្កដា នៅក្នុងទីក្រុង KRAKOW នៅក្នុងប្រទេសប៉ូឡូញ។
  
ប្រតិភូរបស់កម្ពុជា ដែលបានចូលរួមនៅក្នុងកិច្ចប្រជុំគណៈកម្មកាធិការបេតិភណ្ឌពិភពលោក ដឹកនាំដោយលោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ 
 
ប្រាសាទសំបូរព្រៃគុក កសាងឡើងនៅក្នុងសតវត្សរ៍ទី ៧ ក្នុងរជ្ជកាលស្តេច ឥសានវរ្ម័ន ក្នុងសម័យចេនឡា។ បច្ចុប្បន្ន តំបន់ប្រាសាទនេះ ក្លាយជារមណីយដ្ឋានវប្បធម៌ ប្រវត្តិសាស្ត្រ ដែលស្ថិតនៅក្នុងភូមិសំបូរ ឃុំសំបូរ ស្រុកប្រាសាទសំបូរ មានចម្ងាយប្រមាណ៣៧គីឡូម៉ែត្រ ពីទីរួមខេត្តកំពង់ធំ៕
 

Tag:
 សម្បូរព្រៃគុក
© រក្សាសិទ្ធិដោយ thmeythmey.com