ជាតិ
សុខភាព
លោក ឃួ​ង ស្រេង​៖ ភ្នំពេញ​​ជោគជ័យ​ក្នុង​ការផ្តល់​វ៉ាក់សាំង​កូ​វីដ​-១៩ ជូន​ពលរដ្ឋ​
08, Jul 2021 , 7:36 pm        
រូបភាព
លោក ឃួង​ ស្រេង (ដៃកាន់ក្រដាស) និងលោកស្រី ឱ វណ្ណឌីន កំពុងថ្លែងក្នុងយុទ្ធនាការបិទបញ្ចប់ការចាក់វ៉ាក់សាំងជូនពលរដ្ឋភ្នំពេញ នារសៀលថ្ងៃទី៨ កក្កដា។ រូបភាព៖ រដ្ឋបាលរាជធានីភ្នំពេញ
លោក ឃួង​ ស្រេង (ដៃកាន់ក្រដាស) និងលោកស្រី ឱ វណ្ណឌីន កំពុងថ្លែងក្នុងយុទ្ធនាការបិទបញ្ចប់ការចាក់វ៉ាក់សាំងជូនពលរដ្ឋភ្នំពេញ នារសៀលថ្ងៃទី៨ កក្កដា។ រូបភាព៖ រដ្ឋបាលរាជធានីភ្នំពេញ
​រាជធានី​ភ្នំពេញ​មាន​ពលរដ្ឋ​ប្រមាណ​១,៧​លាន​នាក់ បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩​។ នេះ​ជាការ​លើកឡើង​របស់លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ដោយបាន​អះអាងថា រាជធានី​ភ្នំពេញ គឺ​ទទួលបាន​ជោគជ័យ ក្នុង​ការផ្តល់​វ៉ាក់សាំង​បង្ការ​កូ​វីដ​-១៩ ជូន​ដល់​ប្រជាពលរដ្ឋ ដែលមាន​វ័យ​ចាប់ពី​១៨​ឆ្នាំ​ឡើងទៅ​។​

 
​បើតាម​លោក ឃួ​ង ស្រេង ចំនួន​ពលរដ្ឋ​១,៧​លាន​នាក់ ដែល​បាន​ចាក់​វ៉ាក់សាំង​បង្ការ​កូ​វីដ​-១៩​នេះ គឺ​គិត​ចាប់ពី​ថ្ងៃទី​២៨​កុម្ភៈ រហូត​​មកដល់ ថ្ងៃទី​៨​កក្កដា ឆ្នាំ​២០២១​នៃ​ការបិទ​បញ្ចប់​យុទ្ធនា​ការចាក់​វ៉ាក់សាំង​បង្ការ​កូ​វីដ​-១៩​ដល់​ពលរដ្ឋ​នៅ​ភូមិសាស្ដ្រ​រាជធានី​ភ្នំពេញ​។ ចំនួន​ពលរដ្ឋ​១,៧​លាន​នាក់​ដែល​បាន​ចាក់​រួច​វ៉ាក់សាំង​បង្ការ​កូ​វីដ​-១៩​នេះ ស្មើនឹង​វ៉ាក់សាំង សរុប​៣,៤​លាន​ដូ​ស​។​
 
​ក្នុង​ពិធី​បិទ​បញ្ចប់​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ដល់​ពលរដ្ឋ​នៅ​ភ្នំពេញ លោក​ឃួ​ង ស្រេង មានប្រសាសន៍​ដូច្នេះ​៖  «​រហូតដល់​ថ្ងៃនេះ​! យើង​អាច​និយាយបានថា រាជធានី​ភ្នំពេញ​ទាំងមូល​ទទួលបាន​ជោគជ័យ​ក្នុងការ​ផ្តល់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​»​។ លោក បាន​បន្ត​រៀបរាប់​ដូច្នេះ​៖«​មូលហេតុ​ដែល​បាន​ជោគជ័យ​នេះ​! ខ្ញុំ​អាច​វាយតម្លៃ​បាន​ថា ការផ្តល់​វ៉ាក់សាំង​បង្ការ​កូ​វីដ​-១៩ ជូន​ដល់​ពលរដ្ឋ​ក្នុងចំណោម​១​លាន​៧​សែន​នាក់ មិនមែន​ពលរដ្ឋ​ណា​ម្នាក់​ប៉ះពាល់​ដល់​សុខភាព​ធ្ងន់ធ្ងរ​នោះទេ​»​។ 
 
​ថ្វី​ដ្បិត រាជធានី​ភ្នំពេញ​បច្ចុប្បន្ន បន្ត​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​-១៩ ជាង​២០០​នាក់ ទៅ ជាង​៣០០​នាក់​ក្នុង​មួយថ្ងៃ​ក៏ពិតមែន ប៉ុន្តែ អ្វី​ដែលជា​ភាពជោគជ័យ​ក្នុង​ការចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​នោះ លោក ឃួ​ង ស្រេង បាន​បញ្ជាក់ថា គឺ​ពលរដ្ឋ​ដែល​បាន​ឆ្លង​កូ​វីដ​-១៩ មិនមែន​អាកា​រៈ​ធ្ងន់ធ្ងរ​ទេ ដោយសារ​ពួកគេ​បាន​ចាក់​វ៉ាក់សាំង​បង្ការ​កូ​វីដ​-១៩​។ អភិបាល​រាជធានី​ភ្នំពេញ​រូបនេះ​កត់សម្គាល់​ឃើញថា​៖«​មានការ​ឆ្លង​កូ​វីដ​-១៩ ទៅ​ប្រជាពលរដ្ឋ​[​ដែល​បាន​ចាក់​វ៉ាក់សាំង​ហើយ​] ក៏ប៉ុន្តែ សុខភាព​របស់​ពួកគាត់​នៅ​មាំមួន​។ មានន័យថា វ៉ាក់សាំង​បាន​មានប្រតិកម្ម​តបត​ជាមួយ​វីរុស​កូ​វីដ​-១៩ ហើយ ការព្យាបាល​អ្នកជំងឺ​កូ​វីដ​-១៩ យើង​ឃើញថា ប្រើពេល​៧-៩​ថ្ងៃ គឺអាច​ព្យាបាល​ប្រជាពលរដ្ឋ​យើង​ឱ្យ​ជា​ឡើងវិញ​»​។  
 
​បើទោះបី​ទទួលបាន​ជោគជ័យ​ក្នុង​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩​ដល់​ពលរដ្ឋ​ក្តី ប៉ុន្តែ លោក​ឃួ​ង ស្រេង នៅ​បន្ត​អំពាវនាវ​ដល់​ពលរដ្ឋ​នៅ​ភ្នំពេញ​ទាំងអស់ ពិសេស​ចំពោះ​ពលរដ្ឋ​ចំនួន​១,៧​លាន​នាក់ ដែល​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩​ហើយ​នោះ  សូមកុំ​ធ្វេសប្រហែស​និង​បន្ត​អនុវត្ត​វិធានការ​របស់​ក្រសួងសុខាភិបាល និង​រដ្ឋាភិបាល​ឱ្យបាន​ខ្ជាប់ខ្ជួន​។​
 
​ជាមួយគ្នានេះ លោកស្រី ឱ វណ្ណឌី​ន រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល បាន​លើកឡើងថា ចំនួន​ពលរដ្ឋ​១,៧​លាន​នាក់​នៅ​រាជធានី​ភ្នំពេញ ដែល​បាន​ចាក់​វ៉ាក់សាំង​បង្ការ​កូ​វីដ​-១៩ គឺ​ស្មើនឹង​អត្រា​៩៩,២២​ភាគរយ​នៃ​ប្រជាពលរដ្ឋ​ដែលមាន​អាយុ​ចាប់ពី​១៨​ឆ្នាំ​ឡើង​។ «[​ចំពោះ​អត្រា​ពលរដ្ឋ​០,៧៨​ភាគរយ​]​ដែល​មិនបាន​ចាក់​វ៉ាក់សាំង​នេះ គឺ​គិត​ទៅលើ​អ្នកមាន​បញ្ហា​សុខភាព​ដែល​ក្រុមគ្រូពេទ្យ​មិន​អនុញ្ញាតឱ្យ​ចាក់​វ៉ាក់សាំង​»​។ លោកស្រី ឱ វណ្ណឌី​ន មានប្រសាសន៍​ដូច្នេះ​។​
 
​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​រូបនេះ បាន​បញ្ជាក់ថា តួលេខ​នៃ​ពលរដ្ឋ​១,៧​លាន​នាក់​ដែល​បាន​ចាក់​វ៉ាក់សាំង​បង្ការ​កូ​វីដ​-១៩ បានបង្ហាញ​ឱ្យឃើញថា រដ្ឋាភិបាល គឺ​បានផ្តល់​វ៉ាក់សាំង​ដល់​ពលរដ្ឋ​គ្រប់គ្នា​នៅក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​។ 
 
​ខណៈ​រាជធានី​ភ្នំពេញ​បាន​បិទ​បញ្ចប់​នៃ​យុទ្ធនា​ការចាក់​វ៉ាក់សាំង​បង្ការ​កូ​វីដ​-១៩​នៅ​ថ្ងៃទី​៨​កក្កដា កម្ពុ​ជាមាន​ខេត្ត​ចំនួន​១៤ កំពុងដំណើរការ​ចាក់​វ៉ាក់សាំង​ដល់​ពលរដ្ឋ​។ ក្នុងនោះ​មាន ខេត្តកណ្ដាល​, ព្រះសីហនុ​, កំពង់ស្ពឺ​, តាកែវ​, បៃ​លិ​ន​, កោះកុង​, កំពង់ចាម​, ស្វាយរៀង​, កំពង់ឆ្នាំង​, ត្បូងឃ្មុំ​, បន្ទាយមានជ័យ​, បាត់ដំបង​, សៀមរាប និង​ខេត្តព្រៃវែង​។​
 
​គិត​ត្រឹម​ថ្ងៃទី​៧​កក្កដា កម្ពុជា ពលរដ្ឋ​សរុប​៤,៧០១,២៥៥​នាក់ បាន​ចាក់​វ៉ាក់សាំង​បង្ការ​កូ​វីដ​-១៩​។​ចំនួន​នេះ​ស្មើនឹង​អត្រា​៤៧​ភាគរយ នៃ​ផែនការ​របស់​រដ្ឋាភិបាល​ក្នុងការ​ចាក់​វ៉ា​ក់​ឱ្យ​ពលរដ្ឋ​ចំនួន​១០​លាន​នាក់ ដែល​គ្រោង​សម្រេច​នៅក្នុង​ខែវិច្ឆិកា ឆ្នាំ​២០២១​។ 
 
​មកដល់ពេលនេះ កម្ពុ​ជាមាន​វ៉ាក់សាំង​បង្ការ​កូ​វីដ​-១៩ សរុប​១២,០២៤,០០០​ដូ​ស​។ តាម​ការគ្រោងទុក​រប​ស់​រដ្ឋាភិបាល​វ៉ាក់សាំង​កូ​វីដ​-១៩ ចំនួន​៤​លាន​ដូ​សទៀ​តរបស់​ចិន នឹង​មកដល់​កម្ពុជា នៅ​ថ្ងៃទី​១០​កក្កដា ឆ្នាំ​២០២១៕​

Tag:
 COVID-19
  លោក ឃួ​ង ស្រេង​
© រក្សាសិទ្ធិដោយ thmeythmey.com