អន្តរជាតិ
អត្រាធ្វើអត្តឃាតនៅសិង្ហបុរី កើនខ្ពស់បំផុតរយៈពេល៨ឆ្នាំចុងក្រោយ
09, Jul 2021 , 8:29 pm        
រូបភាព
រូបថត Xinhua
រូបថត Xinhua
ដោយ៖ ឈួស៊ាវយីងជាវ 

សិង្ហបុរី នៅថ្ងៃទី៨ ខែកក្កដា បានរាយការណ៍ករណីធ្វើអត្តឃាតចំនួន៤៥២លើកសម្រាប់ឆ្នាំ២០២០ ដែលជាការកើនឡើងមិនធ្លាប់មានតាំងពីឆ្នាំ២០១២ មក។ ភាគច្រើននៃអ្នកធ្វើអត្តឃាត ជាក្រុមមនុស្សវ័យចំណាស់ ដែលរងសម្ពាធផ្លូវចិត្តខ្លាំងអំឡុងពេលជំងឺកូវីដ-១៩ ។


 
ខណៈវិបត្តិជំងឺកូវីដ-១៩ តម្រូវឱ្យប្រជាជននៅតែផ្ទះ ភាពឯកោ និងភាពតានតឹងខាងផ្លូវចិត្តចាប់ផ្តើមកើតមានកាន់តែខ្ពស់ក្នុងចំណោមប្រជាជនសិង្ហបុរី។ ចំនួនករណីអត្តឃាតនៅឆ្នាំ ២០២០ មាន៤៥២លើក កើនឡើង១៣ភាគរយ ធៀបនឹងឆ្នាំ២០១៩ ដែលមាន៤០០ករណីប៉ុណ្ណោះ។ នេះបើយោងតាមរបាយការណ៍របស់មជ្ឈមណ្ឌលបង្ការការធ្វើអត្តឃាតសិង្ហបុរី ( SOS) នៅថៃ្ងទី៨ ខែកក្កដា។
 
បើតាមការសង្កេត ការកើនឡើងអត្រាអត្តឃាតកើតមានគ្រប់វ័យទាំងអស់មិនថាចាស់ ឬក្មេង។ ប៉ុន្តែភាគច្រើននៃការធ្វើអត្តឃាតជាមនុស្សវ័យចំណាស់ ដែលមានចំនួនអ្នកធ្វើអត្តឃាតខ្ពស់បំផុតចាប់តាំងពីឆ្នាំ១៩៩០ ។ តួលេខនៃករណីអត្តឃាតក្នុងចំណោមមនុស្សអាយុចាប់ពី៦០ឆ្នាំឡើងទៅមាន១៥៤ នាក់។ ចំនួននេះកើនឡើង២៦ភាគរយបើធៀបនឹងឆ្នាំ២០១៩។
 
ចំណែកអត្រាអត្តឃាតក្នុងក្រុមអាយុផ្សេងទៀតដូចជាយុវជនដែលមានអាយុពី១០ឆ្នាំទៅ២៥ឆ្នាំ និងមនុស្សពេញវ័យដែលមានអាយុពី៣០ទៅ៥៩ឆ្នាំ បានកើនឡើង៧ភាគរយចាប់ពីឆ្នាំ២០១៩។ ជាសរុបចំនួនអ្នកស្លាប់ដោយការធ្វើអត្តឃាតកើនឡើង៨,៨៨នាក់ក្នុងចំណោមប្រជាជន១០០០០០នាក់ដោយកើន៨,៨៨ភាគរយបើប្រៀបធៀបនឹងឆ្នាំ២០១៩។
 
«ជំងឺកូវីដ-១៩ បានប៉ះពាល់ដល់សេដ្ឋកិច្ច របៀបរស់នៅ និងសុខភាពផ្លូវចិត្តរបស់ប្រទេសជាតិយ៉ាងធ្ងន់ធ្ងរ។ យើងពិតព្រួយបារម្ភយយ៉ាងខ្លាំងទៅលើក្រុមមនុស្សវ័យចំណាស់អំពីវិធីដោះស្រាយនៅបញ្ហាផ្លូវចិត្តរបស់ពួកគេអំឡុងពេលកើតមានវិបត្តិសុខភាពសាធារណៈ»។ នេះបើតាមការអះអាងរបស់នាយកប្រតិបត្តិ SOS លោក Gasper Tan ។
 
លោក Tan បន្ថែម ថា អំឡុងពេលការជំងឺកូវីដ-១៩ មនុស្សចាស់ទំនងប្រឈមនឹងបញ្ហាគម្លាតសង្គម មានអារម្មណ៍ឯកោ និងព្រួយបារម្ភផ្នែកហិរញ្ញវត្ថុច្រើន ជាហេតុបណ្តាឱ្យពួកគាត់ធ្វើអត្តឃាត។
 
កាលពីខែកក្កដាឆ្នាំ២០២០ មជ្ឈមណ្ឌល SOS បានប្រកាសថា សារធារណៈជនអាចទាក់ទងមកកាន់លេខ៤ខ្ទង់ ១-៧៦៧ ដើម្បីទទួលការប្រឹក្សាយោបល់ពីបញ្ហាផ្លូវចិត្តដោយបំរើសេវាកម្មពេញ២៤ម៉ោង។ មជ្ឈមណ្ឌល SOS បានទទួលការខលចូលប្រមាណ៣៩,៧៧៩លេខ ពីក្រុមមនុស្សដែលមានគំនិតស្ទាក់ស្ទើរនិងភ័យខ្លាចក្នុងការស្វែងរកជំនួយ៕
 

Tag:
 សិង្ហបុរី
© រក្សាសិទ្ធិដោយ thmeythmey.com