អន្តរជាតិ
ថៃ សម្រេចបិទខ្ទប់ក្រុងបាងកក និងខេត្តចំនួន៩ ជាថ្មី
10, Jul 2021 , 10:59 am        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
មជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ COVID-19 (CCSA) នៅថ្ងៃទី៩ ខែកក្កដា បានប្រកាសបិទខ្ទប់ និងបម្រាមគោចរក្នុងក្រុងបាងកក និងខេត្តចំនួន៩ ផ្សេងទៀត បន្ទាប់ពីករណីឆ្លងជំងឺកូវីដ-១៩ ហក់ឡើងខ្លាំង។ ការបិទខ្ទប់នេះ នឹងមានសុពលភាពចាប់ពីថ្ងៃទី១២ ខែកក្កដាតទៅ និងមានរយៈពេលយ៉ាងហោចណាស់ ១៤ថ្ងៃ។

 
ស្ថានភាពកូវីដ-១៩ នៅប្រទេសថៃ មួយរយៈចុងក្រោយនេះ បានហក់ឡើងយ៉ាងខ្លាំង។ នៅថ្ងៃទី១០ ខែកក្កដា ថៃ បានរាយការណ៍ ករណីឆ្លងជំងឺកូវីដ-១៩ ចំនួន ៩២៧៦ករណី និងអ្នកស្លាប់មានចំនួន ៧២នាក់។ ដោយស្ថានការណ៍កាន់តែធ្ងន់ធ្ងរ មជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ COVID-19 បានប្រកាសបិទខ្ទប់ និងដាក់បម្រាមគោចរនៅក្នុងក្រុងបាងកក និងខេត្តចំនួន៩ផ្សេងទៀតដូចជា សមុទ្រសាគរ នគរបឋម និងនន្ទចន្ទបុរីជាដើម។  
 
ប្រជាជន ដែលរស់នៅក្នុងខេត្តក្នុងទាំង ១០ ត្រូវស្នើឱ្យស្នាក់នៅផ្ទះ និងចេញទៅខាងក្រៅនៅពេលចាំបាច់។ លើសពីនេះ បម្រាមគោចរ នឹងត្រូវអនុវត្តចាប់ពីម៉ោង ៩យប់ រហូតដល់ ម៉ោង ៤ព្រឹក ប្រជាជនអាចចាកចេញពីផ្ទះក្នុងករណីអាសន្ន ឬទៅពេទ្យប៉ុណ្ណោះ។ 
 
ហាងលក់ទំនិញ ផ្សារ ត្រូវបិទចាប់ពីម៉ោង ៨យប់ ដល់ម៉ោង ៤ព្រឹក។ ចំណែកកន្លែងលក់អាហារវិញ អាចបើកត្រឹមម៉ោង ៨យប់ប៉ុណ្ណោះ និងមិនអនុញ្ញាតឱ្យភ្ញៀវបរិភោគ ក្នុងហាងឡើយ។ តាមការប៉ាន់ប្រមាណរបស់រដ្ឋាភិបាលថៃ វិធានបិទខ្ទប់នេះ អាចប៉ះពាល់សេដ្ឋកិច្ចថៃចាប់ពីជាង ១ពាន់លានដុល្លារ រហូតដល់ ៣ពាន់លានដុល្លារ។ 
 
គិតត្រឹមថ្ងៃទី១០ ខែកក្កដា ថៃមានករណីឆ្លងកូវីដ-១៩ សរុបចំនួនជាង ៣២ម៉ឺនករណី និងអ្នកស្លាប់មានចំនួនជាង ២ពាន់នាក់។ ចំណែកអ្នកជាសះស្បើយមានចំនួនជាង ២៤ម៉ឺននាក់៕ 
 

Tag:
 ថៃ
  កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com