អន្តរជាតិ
ហ្វីជី៖ អ្នកមិនចាក់វ៉ាក់សាំង នឹងអត់មានការងារធ្វើ ឬត្រូវពិន័យធ្ងន់ធ្ងរ
10, Jul 2021 , 7:29 pm        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
ហ្វ៊ីជី បានប្រកាសចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សម្រាប់មន្រ្តី និងកម្មករទាំងអស់ នៅក្នុងប្រទេស ដើម្បីប្រយុទ្ធជាមួយជំងឺឆ្លងសកល។ នាយករដ្ឋមន្រ្តី លោក Frank Bainimarama បានចាត់ទុកកម្មវិធីចាក់វ៉ាក់សាំងជារឿងចាំបាច់សម្រាប់មន្រ្តី និងកម្មករទាំងអស់ ដោយអ្នកមិនចាក់វ៉ាក់សាំង នឹងមិនទទួលបានការងារធ្វើឡើយ ឬអាចរងពិន័យធ្ងន់ថែមទៀត។

 
ហ្វ៊ីជី ជាប្រទេសមួយស្ថិតនៅក្នុងតំបន់សមុទ្របាស៊ីហ្វិកខាងត្បូង ដែលមានករណីឆ្លងហក់ឡើងយ៉ាងខ្លាំង ក្នុងរយៈពេលចុងក្រោយនេះ។ នៅថ្ងៃទី៨ ខែមិថុនា ហ្វ៊ីជី បានរាយការណ៍ករណីឆ្លងចំនួន ៧២១ករណី និងអ្នកស្លាប់ ៦នាក់។ ករណីឆ្លងសរុបមានចំនួន ៨៦៦១ករណី និងអ្នកស្លាប់សរុបមានចំនួន ៤៨នាក់។ 
 
ទាក់ទិននឹងបញ្ហានេះ រដ្ឋាភិបាលហ្វ៊ីជី បានប្រកាសឱ្យមន្រ្តី និងប្រជាជនផ្សេងទៀត ទៅទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ បើមិនចង់បាត់បង់ការងារ ឬមិនមានការងារធ្វើ។ «មិនចាក់វ៉ាក់សាំង គ្មានការងារធ្វើ»។ ប្រមុខរដ្ឋាភិបាល លោក Frank Bainimarama បានព្រមានបែបនេះ នៅក្នុងសេចក្តីថ្លែងការណ៍ទៅកាន់ប្រជាជនខ្លួន ដោយបន្ថែមថា នេះជាអ្វី ដែលវិទ្យាសាស្រ្តប្រាប់ថាមានសុវត្ថិភាព ហើយនេះ គឺជាគោលនយោបាយរបស់រដ្ឋាភិបាល និងត្រូវចាប់បង្ខំតាមរយៈច្បាប់។ 
 
បើតាមលោកនាយករដ្ឋមន្រ្តី មន្រ្តីស៊ីវិលសាធារណៈ ដែលមានចំនួន ៩៣ម៉ឺននាក់ ត្រូវទៅទទួលវ៉ាក់សាំងដំបូងត្រឹមថ្ងៃទី១៥ ខែសីហា និងដូសទីពីរ ត្រឹមថ្ងៃទី១ ខែវិច្ឆិកា បើមិនចង់ត្រូវលុបឈ្មោះចោល។ ចំណែកបុគ្គលិកធ្វើការក្នុងវិស័យឯកជន ត្រូវទៅចាក់វ៉ាក់សាំងដូសដំបូង នៅថ្ងៃទី១ ខែសីហា បើមិនចង់រងពិន័យធ្ងន់ធ្ងរ ឬក្រុមហ៊ុនត្រូវបិទ។
 
បើទោះប្រព័ន្ធសុខាភិបាលមានភាពទន់ខ្សោយ ស្របពេលកូវីដ-១៩ កំពុងរីកសាយនៅក្នុងប្រទេស រដ្ឋាភិបាលហ្វ៊ីជី បានសម្រេចមិនបិទខ្ទប់ប្រទេស ដូចបណ្តាប្រទេសដទៃឡើយ ដោយសារតែខ្លាចប៉ះពាល់វិស័យសេដ្ឋកិច្ច។ ការមិនបិទខ្ទប់នេះ ត្រូវបានលោកនាយករដ្ឋមន្រ្តីការពារថា វាមិនបានសម្លាប់វីរុសនៅក្នុងប្រទេសឡើយ ប៉ុន្តែការបិទខ្ទប់ នឹងធ្វើឱ្យបាត់បង់ការងារ និងអនាគតរបស់ប្រទេស។ ផ្ទុយទៅវិញ ហ្វ៊ីជីបានបិទតំបន់ណា ដែលផ្ទុះខ្លាំង។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។ 
 
មកទល់ពេលនេះ ហ្វ៊ីជី បានផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់ប្រជាជនខ្លួនបានចំនួន ៣៧៩០០០ដូស ដោយមនុស្សចំនួនជាង ៥ម៉ឺននាក់ បានទទួលវ៉ាក់សាំងពេញលេញ៕
 

Tag:
 ហ្វ៊ីជី
  វ៉ាក់សាំង
  កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com