អន្តរជាតិ
បន្ទាប់ពីបើកទទួលភ្ញៀវទេសចរ ខេត្តភូកេត ឃើញករណីវីរុសបំប្លែងខ្លួន «ដែលតា» លើកដំបូង
11, Jul 2021 , 2:39 pm        
រូបភាព
កោះភូកេត។ រូបភាព៖ Reuters
កោះភូកេត។ រូបភាព៖ Reuters
ករណីឆ្លងវីរុសបង្កជាជំងឺឆ្លងកូវីដ-១៩ ទម្រង់ «ដែលតា» ត្រូវបានរាយការណ៍លើកដំបូង នៅលើខេត្តភូកេត ដែលជាតំបន់ទេសចរណ៍ដ៏សំខាន់មួយរបស់ថៃ បន្ទាប់ពីបើកទទួលភ្ញៀវទេសចរនៅដើមខែកក្កដា។ ទាក់ទិននឹងបញ្ហានេះ អាជ្ញាធរខេត្ត បានសម្រេចបិទសាលា និងចាត់វិធានការមួយចំនួន រហូតដល់ថ្ងៃទី២៣ ខែកក្កដា។


ប្រធានការិយាល័យសុខភាពសាធារណៈ លោក Koosak Kookiattikul បានអះអាងថា ខេត្តភូកេត បានរកឃើញករណីឆ្លង វីរុសទម្រង់ «ដែលតា» លើកដំបូងនៅថ្ងៃទី៩ ខែកក្កដា ដោយមជ្ឈមណ្ឌលវិទ្យាសាស្រ្តវិជ្ជសាស្រ្ត។ អ្នកជំងឺកូវីដ-១៩ រូបនេះ គឺជាអ្នកជំនួញជនជាតិបរទេស ដែលត្រូវបានសង្ស័យបានឆ្លងវីរុសប្រភេទនេះ ពីភ្ញៀវមកពីទីក្រុងបាងកក។ 
 
មកទល់ពេលនេះ តំបន់ទេសចរណ៍ភូកេត រកឃើញតែវីរុសបំប្លែងខ្លួនថ្មីចំនួន ៣ប្រភេទហើយ ក្នុងនោះមានដូចជា វីរុសទម្រង់អាល់ហ្វា, បែតា និងដែលតា។ ការរកឃើញវីរុសបំប្លែងខ្លួនថ្មីនេះ បានធ្វើឱ្យអាជ្ញាធរបិទសាលារៀនចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី ២៣ ខែកក្កដា និងប្តូរទៅរៀនតាមប្រព័ន្ធអនឡាញវិញ។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។
 
នៅថ្ងៃទី៦ ខែកក្កដា កន្លងមក កោះភូកេត បានទទួលភ្ញៀវទេសចរមួយក្រុម ពីអេមីរ៉ាតអារ៉ាប់រួម ហើយក្នុងចំណោមភ្ញៀវទាំងនោះ អាជ្ញាធរបានរកឃើញមានអ្នកផ្ទុកជំងឺកូវីដ-១៩។ ទាក់ទិននឹងបញ្ហានេះ ភ្ញៀវទេសចរចំនួន ១៣នាក់ បានសម្រេចត្រលប់ទៅវិញ។ 
 
កោះ Phuket ដែលជាទីកន្លែងទេសចរណ៍ដ៏ល្បីមួយនៅថៃ បានបើកឱ្យដំណើរការឡើងវិញនៅថ្ងៃទី១ ខែកក្កដានេះសម្រាប់ភ្ញៀវទេសចរបរទេសដែលចាក់វ៉ាក់សាំងរួច។ កោះទេសចរមួយនេះ បានបិទមិនទទួលភ្ញៀវទេសចរអន្តរជាតិជាងមួយឆ្នាំទៅហើយ ដោយសារតែការឆ្លងរាលដាលជំងឺកូវីដ-១៩។
 
មកទល់ពេលនេះ ថៃមានករណីឆ្លងកូវីដ-១៩ សរុបចំនួន ៣៣ម៉ឺនករណី និងអ្នកស្លាប់មានចំនួន ២៧១១នាក់។ ចំណែកអ្នកជាសះស្បើយមានចំនួនជាង ២៤ម៉ឺននាក់៕ 
 

Tag:
 ថៃ
  កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com