សុខភាព
អន្តរជាតិ
អ្នកមិនចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ អាចជាអ្នកបង្កើតវីរុសបំប្លែងខ្លួនថ្មី
11, Jul 2021 , 8:29 pm        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
បច្ចុប្បន្ន វីរុសបង្កជាជំងឺកូវីដ-១៩ បំប្លែងខ្លួនថ្មី កំពុងរីករាលដាលយ៉ាងខ្លាំងជុំវិញពិភពលោក។ អ្នកដែលមិនបានចាក់វ៉ាក់សាំងបង្ការ ត្រូវបានអ្នកជំនាញផ្នែកជំងឺឆ្លងអះអាងថា នឹងប្រឈមហានិភ័យក្នុងការឆ្លងវីរុសបំប្លែងថ្មីខ្ពស់ជាងអ្នកបានចាក់វ៉ាក់សាំងពេញលេញ។ មិនត្រឹមមានហានិភ័យខ្ពស់ទេ អ្នកដែលមិនទាន់ទទួលវ៉ាក់សាំង ក៏អាចក្លាយជាអ្នកបង្កើតវីរុសបង្កជាជំងឺកូវីដ-១៩ បំប្លែងខ្លួនថ្មី និងចម្លងទៅអ្នកដទៃ។

 
វីរុស បង្កជាជំងឺកូវីដ-១៩ បំប្លែងខ្លួនថ្មី មានសមត្ថភាពខ្លាំង ដែលអាចចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតបានយ៉ាងឆាប់រហ័ស។ ប្រជាជន ដែលមិនទាន់ទទួលវ៉ាក់សាំង នឹងក្លាយជាអ្នកបង្កើតវីរុសបំប្លែងខ្លួន និងផ្តល់ឱកាសឱ្យវីរុសកាន់តែរាលដាលច្រើនឡើង។ សាស្ត្រាចារ្យឯកទេសជំងឺឆ្លងនៃសកលវិទ្យាល័យ Vanderbit លោក William Schaffner បានថ្លែងប្រាប់ទូរទស្សន៍CNN បែបនេះ នៅថ្ងៃទី២ ខែមិថុនាកន្លងទៅ។ 
 
មកទល់ពេលនេះ វីរុសបំប្លែងខ្លួន នៅមិនទាន់មានវ៉ាក់សាំងណា មានប្រសិទ្ធភាពបង្ការការឆ្លងបាន ១០០ភាគរយនៅឡើយទេ។ ប៉ុន្តែវ៉ាក់សាំង អាចជួយកាត់បន្ថយហានិភ័យនៃការឆ្លងបានមួយកម្រិត ហើយមានផលប៉ះពាល់តិច និងឆាប់ជាសះស្បើយ។ 
 
ផ្ទុយទៅវិញ អ្នកមិនបានចាក់វ៉ាក់សាំង អាចឆ្លងជំងឺកូវីដ-១៩ ខ្ពស់ ហើយវីរុសអាចវិវដ្ដខ្លួន ក្នុងលក្ខខណ្ឌមួយ និងអាចមានសមត្ថភាពបង្កផលប៉ះពាល់កាន់តែខ្លាំងជាងមុន។ វាអាចមានសមត្ថភាពបំបែកខ្លួនខ្លាំងឡើង ហើយចម្លងបានរហ័ស និងងាយជាងវីរុសដើម។ នៅពេលវីរុសបំប្លែងថ្មីនេះ បំបែកខ្លួនកាន់តែច្រើន វានឹងវាយប្រហារប្រព័ន្ធភាពស៊ាំ និងប្រយុទ្ធជាមួយវីរុសដទៃ ដើម្បីចម្លងទៅមនុស្សម្នាក់ទៀត។ 
 
ក្នុងន័យនេះ ការចាក់វ៉ាក់សាំង គឺជាជម្រើសតែមួយគត់ ដែលអាចធ្វើបាននាពេលបច្ចុប្បន្ន ដើម្បីកាត់បន្ថយការរីករាលដាលនៃជំងឺកូវីដ-១៩។ បើយើងអនុញ្ញាតឱ្យវីរុសរីករាលដាលកាន់តែច្រើន ឱកាសនៃការបំប្លែងខ្លួនរបស់វីរុសក៏មានកាន់តែច្រើនដែរ។ នេះបើតាមការណែនាំរបស់អង្គការសុខភាពពិភពលោក នៅខែមិថុនា។ 
 
នៅពេលនេះ វាមានតែការចាក់វ៉ាក់សាំងប៉ុណ្ណោះ ដែលជាវិធីសាស្ត្របង្ការជំងឺកូវីដ-១៩ ល្អបំផុត។ បើទោះជាមិនទាន់មានប្រសិទ្ធភាព ១០០ភាគរយក៏ដោយ តែវាបានជួយឱ្យមនុស្សមានហានិភ័យនៃការឆ្លងទាបជាងមុន។ ប្រសិនបើអ្នកមានឱកាសទទួលបានការចាក់វ៉ាក់សាំងនោះ អ្នកគួរតែចាក់។ បើពុំទាន់នោះទេ អ្នកមិនត្រឹមរងផលវិបាកលើខ្លួនឯងផ្ទាល់ឡើយ អ្នកក៏អាចក្លាយជាអ្នកបង្កើតវីរុសបំប្លែងខ្លួនថ្មី ហើយចម្លងទៅអ្នកដទៃផងដែរ៕ 
 

Tag:
 កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com