អន្តរជាតិ
មេដឹកនាំចិន និងកូរ៉េខាងជើង ត្រៀមសហការជាមួយគ្នាលើកម្រិតទំនាក់ទំនងថ្មីមួយទៀត
11, Jul 2021 , 7:29 pm        
រូបភាព
លោកគីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង ជាមួយប្រធានាធិបតីចិន លោក ស៊ី ជិនភីង។ រូបភាព៖ Xinhua
លោកគីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង ជាមួយប្រធានាធិបតីចិន លោក ស៊ី ជិនភីង។ រូបភាព៖ Xinhua
ប្រធានាធិបតីចិន លោកស៊ី ជិនភីង និងមេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុន នៅថ្ងៃទី១១ ខែកក្កដា បានផ្លាស់ប្តូរលិខិតសាទរគ្នាទៅវិញទៅមក ក្នុងខួប៦០ឆ្នាំ នៃការចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាព, កិច្ចសហប្រតិបត្តិការ និងជំនួយវិញទៅមករវាងចិន និងកូរ៉េខាងជើង។ មេដឹកនាំទាំងពីរ បានប្តេជ្ញាសហការជាមួយគ្នា លើកម្រិតទំនាក់ទំនងថ្មីមួយទៀត។

 
 
ចិន និងកូរ៉េខាងជើង គឺជាប្រទេសជិតខាងដ៏ជិតស្និទ្ធមួយ បើទោះសហគមន៍អន្តរជាតិ បានដាក់ទណ្ឌកម្មជាច្រើនលើកូរ៉េខាងជើងក្តី។ ក្នុងលិខិតឆ្លើយតបទៅមេដឹកនាំកូរ៉េខាងជើង លោកស៊ី ប្រធានាធិបតីចិន បានលើកឡើងថា ក្រោមស្មារតីនៃសន្ធិសញ្ញា ចិន និងកូរ៉េខាងជើង បានគាំទ្រ និងសហការជាមួយគ្នាយ៉ាងជិតស្និទ្ធ ក្នុងរយៈពេល ៦០ឆ្នាំកន្លងមកនេះ។ 
 
«ខ្ញុំត្រៀមខ្លួនរួចហើយ ក្នុងការធ្វើការជាមួយអគ្គលេខាធិការបក្សពលករ ដើម្បីពង្រឹងទំនាក់ទំនងយុទ្ធសាស្រ្ត និងពង្រឹងកិច្ចសហប្រតិបត្តិការទៅកម្រិតមួយទៀត»។ លោកស៊ី បានសង្កត់ធ្ងន់បែបនេះ ដោយបន្ថែមថា រដ្ឋាភិបាលទាំងពីរ នឹងផ្តល់ផលប្រយោជន៍បន្ថែមទៀត ដល់ប្រទេសទាំងពីរ និងប្រជាជនទាំងពីរ។ 
 
ក្នុងន័យនេះ លោកស៊ី បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលក្រុងប៉េកាំង គាំទ្រការអភិវឌ្ឍសេដ្ឋកិច្ចកូរ៉េខាងជើង និងជីវភាពប្រជាជន។ ជាការឆ្លើយតប មេដឹកនាំកូរ៉េខាងជើង បានសាទរចំណងទំនាក់ទំនងប្រទេសទាំងពីរ និងបង្កើនកិច្ចសហប្រតិបត្តិការជាមួយគ្នា។ លោកគីម ក៏មិនអបអរខួប ១០០ឆ្នាំ នៃបក្សកុម្មុយនីស្តចិនឡើយ។  នេះបើតាមការចុះផ្សាយរបស់ទូរទស្សន៍ចិន CGTN។ 
 
ក្នុងថ្ងៃដដែលនេះ រដ្ឋមន្រ្តីការបរទេសចិន លោកវ៉ាង យី ជាមួយសមភាគីកូរ៉េខាងជើង លោកRi Son Gwon បានអបអរសាទរខួប៦០ឆ្នាំ នៃការចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាព, កិច្ចសហប្រតិបត្តិការ និងជំនួយវិញទៅមករវាងចិន និងកូរ៉េខាងជើងផងដែរ៕
 

Tag:
 ចិន
  កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com