COVID-19
អន្តរជាតិ
សង្ខេបព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗប្រចាំសប្តាហ៍​
11, Jul 2021 , 10:29 pm        
រូបភាព
ពីមួយសប្តាហ៍ទៅមួយសប្តាហ៍ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗជាច្រើនបានកើតឡើង។ ជំងឺឆ្លងកូវីដ-១៩ និងវីរុសបង្កជាជំងឺកូវីដ-១៩ បំប្លែងខ្លួនថ្មី នៅតែជាប្រធានបទក៏ក្តៅសម្រាប់ពិភពលោក ក្នុងសប្តាហ៍នេះ។ ករណីឆ្លងនៅតែបន្តហក់ឡើង បើទោះពិភពលោក បានផ្តល់វ៉ាក់សាំងជាច្រើនលានដូសឱ្យប្រជាជនខ្លួនក្តី។ ស្របគ្នានឹងបញ្ហាកូវីដ-១៩ ការធ្វើឃាតប្រធានាធិបតីហៃទីក៏សំខាន់ផងដែរ។

 
 
ថ្ងៃទី៥ ខែកក្កដា
 
ទីក្រុង Ruili ដែលបានព្រំដែនជាប់ជាមួយមីយ៉ាន់ម៉ា បានប្រកាសបិទខ្ទប់ទីក្រុង និងធ្វើតេស្តរកជំងឺកូវីដ-១៩ ទ្រង់ទ្រាយធំលើប្រជាជន បន្ទាប់ពីរកឃើញជំងឺកូវីដ-១៩ ចំនួន ៣ករណី។
 
ប្រធានាធិបតីចិន ស៊ី ជិនភីង បានជួបប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង និងអធិការបតីអាល្លឺម៉ង់ អែនជែឡា មឺហ្គែល។ ក្នុងជំនួបនោះ លោក ស៊ី ប្រាប់មេដឹកនាំប្រទេសអឺរ៉ុបទាំងពីរថា ចិនចង់ពង្រីកកិច្ចសហប្រតិបត្តិការជាមួយអឺរ៉ុបដោយស្មើភាព និងផ្ដល់ឱ្យគ្នាទៅវិញទៅមក ហើយចិនមិនចង់ជំនួសតំណែងអ្នកណាឡើយ។
 
ថ្ងៃទី៦ ខែកក្កដា
 
ប្រតិបត្តិការដកទ័ពពីអាហ្វហ្កានីស្ថានរបស់អាមេរិក សម្រេចបានជាង៩០ភាគរយហើយ។ ស្របពេលអាមេរិកដកទ័ព ក្រុមតាលីបង់ក៏បង្កើនប្រតិបត្តិការរបស់ខ្លួន និងបានដណ្ដើមស្រុកជាបន្តបន្ទាប់ ខណៈកម្លាំងរដ្ឋាភិបាលអាហ្វហ្កានីស្ថានដាក់គោលដៅការពារទីក្រុងធំៗ និងទីតាំងយុទ្ធសាស្រ្តប៉ុណ្ណោះ។
 
ប្រេសិតពិសេសរបស់អាមេរិកសម្រាប់កិច្ចការកូរ៉េខាងជើង លោក សុង គីម បានជជែកតាមទូរស័ព្ទជាមួយសមភាគីចិន ទាក់ទងបញ្ហាកូរ៉េខាងជើងដែលជាការងារស្នូល។ កិច្ចពិភាក្សាតាមទូរស័ព្ទនេះធ្វើឡើង ស្របពេលកូរ៉េខាងជើងបន្តបដិសេធការបោះដៃរកការចរចារបស់អាមេរិកជាច្រើនលើក។
 
ថ្ងៃទី៧ ខែកក្កដា 
 
លោក Jovenel Moise ប្រធានាធិបតីហៃទី ត្រូវបានគេធ្វើឃាតនៅគេហដ្ឋានរបស់ខ្លួនក្នុងក្រុង Port-au-Prince ដោយសមាជិកក្រុមប្រដាប់អាវុធម្នាក់។
 
ប៉ូលិសហៃទី បានសម្លាប់មនុស្សបួននាក់ដែលត្រូវជឿថា នៅពីក្រោយការធ្វើឃាតប្រធានាធិបតី Jovenel Moise។ ជនសង្ស័យពីរនាក់ទៀត ត្រូវបានប៉ូលិសចាប់ខ្លួនផងដែរ។
 
ថ្ងៃទី៨ ខែកក្កដា
 
សារព័ត៌មានវៀតណាម បានចុះផ្សាយថា ក្រុងហូជីមិញ នឹងបញ្ជូនគ្រូពេទ្យចំនួន២ពាន់នាក់ ដើម្បីប្រមូលសំណាកប្រជាជនឱ្យបាន ១,៣លាននាក់ក្នុងមួយថ្ងៃ ដើម្បីរកជំងឺកូវីដ-១៩។
 
អគ្គរាជអាជ្ញាម៉ាឡេស៊ី បានលើកឡើងថា នាយករដ្ឋមន្រ្តី លោកមូហ៊ីឌីន យ៉ាស៊ីន និងគណៈរដ្ឋមន្រ្តី នៅតែអាចបន្តអនុវត្តអំណាចរបស់ស្ថាប័ននីតិប្រតិបត្តិ បើទោះមានការប្រកាសដកការគាំទ្រពីបក្សអង្គការបង្រួបបង្រួមជាតិម៉ាឡេ (UMNO)។
 
ថ្ងៃទី៩ ខែកក្កដា 
 
ភាពអត់ឃ្លាននៅលើពិភពលោក កើនឡើងខ្លាំងក្នុងឆ្នាំ២០២០ ដោយប្រជាជនរស់នៅក្នុងស្ថានភាពអត់ឃ្លានកើនឡើងរហូតដល់ ៦ដង បើធៀបនឹងឆ្នាំ២០១៩។ នេះបើតាមរបាយការណ៍មួយរបស់អង្គការ Oxfam។ 
 
ថៃ បានប្រកាសបិទខ្ទប់ និងបម្រាមគោចរក្នុងក្រុងបាងកក និងខេត្តចំនួន៩ ផ្សេងទៀត បន្ទាប់ពីករណីឆ្លងជំងឺកូវីដ-១៩ ហក់ឡើងខ្លាំង។ ការបិទខ្ទប់នេះ នឹងមានសុពលភាពចាប់ពីថ្ងៃទី១២ ខែកក្កដាតទៅ និងមានរយៈពេលយ៉ាងហោចណាស់ ១៤ថ្ងៃ។
 
ថ្ងៃទី១០ ខែកក្កដា 
 
វៀតណាម បានទទួលវ៉ាក់សាំង ២លានដូសលើកដំបូងពីការបរិច្ចាគរបស់អាមេរិក។ នេះបើតាមសេចក្តីប្រកាសរបស់ស្ថានទូតអាមេរិក នៅទីក្រុងហាណូយ នៅថ្ងៃទី១០ ខែកក្កដា។ ការមកដល់នៃវ៉ាក់សាំងទាំងនោះ ធ្វើឡើងស្របពេលវៀតណាម កំពុងប្រយុទ្ធប្រឆាំងជាមួយជំងឺឆ្លងកូវីដ-១៩ ។
 
គណៈកម្មការរៀបចំការបោះឆ្នោតមីយ៉ាន់ម៉ា ដែលត្រូវបានតែងតាំងដោយរបបសឹកមីយ៉ាន់ម៉ា បានព្រមានរំលាយបក្សលោកស្រីអ៊ុងសាន ស៊ូជី ជាថ្មី បន្ទាប់ពីរកឃើញករណីបន្លំ ក្នុងការបោះឆ្នោតកាលពីខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅ មានរហូតដល់ ១១លានករណី៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com