ជាតិ
កុំព្រោះតែមហិច្ឆតារបស់ខ្លួន សុខចិត្តបង្កក្តីវិនាសដល់អ្នកដទៃឲ្យសោះ
16, Apr 2023 , 10:59 pm        
រូបភាព
ដោយ: ថ្មីៗ
ការមានមហិច្ឆតា គឺមិនខុសឆ្គងអ្វីនោះទេ។ តែអ្វី ដែលសំខាន់ គឺមិនត្រូវឲ្យតែមហិច្ឆតានោះ បង្កមហន្តរាយដល់អ្នកដទៃឡើយ។



មនុស្សម្នាក់ៗ តែងមានមហិច្ឆតារបស់ខ្លួន។ មហិច្ឆតារបស់មនុស្សម្នាក់ៗ មិនដូចគ្នាឡើយ ហើយទំហំមហិច្ឆតា ក៏មិនប៉ុនគ្នាដែរ។ មហិច្ឆតារបស់មនុស្សម្នាក់ អាចខ្ពស់ជាងមហិច្ឆតារបស់មនុស្សម្នាក់ទៀត។
 
អ្នកខ្លះ ចង់ក្លាយជាមេដឹកនាំប្រទេស។ អ្នកខ្លះ ចង់ក្លាយជាអ្នកជំនួញ មានលុយខ្ទង់លានដុល្លារ មានវីឡា មានរថយន្តទំនើប។ អ្នកខ្លះ ចង់ក្លាយជាអ្នកតារាសម្តែងល្បីប្រចាំប្រទេស។ អ្នកខ្លះ ចង់ក្លាយជាអ្នកចម្រៀងឯក។ អ្នកខ្លះ ចង់បានត្រឹមជីវភាពសមរម្យប៉ុណ្ណោះ។ 
 
ពួកគេ ចាត់ទុកបំណងប្រាថ្នាទាំងនេះ ជាមហិច្ឆតាក្នុងជីវិតរបស់ពួកគេ ហើយពួកគេ ប្រឹងប្រែងតាមមធ្យោបាយរៀងខ្លួន ដើម្បីសម្រេចមហិច្ឆតានោះ។ មហិច្ឆតា គឺជាអ្វី ដែលជាការចង់បានធំបំផុតក្នុងជីវិតរបស់អ្នកណាម្នាក់។   
 
ថ្វីបើអ្នក អាចមានមហិច្ឆតាក្តី តែមិនគួរឲ្យមហិច្ឆតានោះ ធ្វើឲ្យអ្នកបាត់បង់សតិសម្បជញ្ញៈ រហូតដល់បង្កក្តីវិនាសដល់អ្នកដទៃនោះទេ។ ព្រោះតែបំពេញមហិច្ឆតារបស់ខ្លួន អ្នកខ្លះ ហ៊ានដល់បំពានជីវិតអ្នកដទៃ អ្នកខ្លះ កេងប្រវ័ញ្ចបោកប្រាស់អ្នកដទៃ ហើយអ្នកខ្លះ ដណ្តើមយកដីធ្លីរបស់ប្រជាជន ជាដើម។ 
 
បង្កមហន្តរាយដល់អ្នកដទៃបែបនេះ ទោះមហិច្ឆតារបស់ខ្លួន បានសម្រេច ក៏គ្មានន័យអ្វីដែរ។ មិនត្រឹមតែគ្មានន័យទេ គឺថែមទាំងនាំឲ្យគេស្អប់ខ្ពើម និងអាចចងគំនុំថែមទៀត។ 

មនុស្សគ្រប់រូប កើតមកសុទ្ធតែប្រាថ្នាចង់បានក្តីសុខដូចគ្នា។ ដូច្នេះ កុំព្រោះតែសេចក្តីសុខរបស់ខ្លួន និងកុំព្រោះតែដើម្បីសម្រេចក្តីប្រាថ្នារបស់ខ្លួន អ្នក សុខចិត្តទៅបំផ្លាញអ្នកដទៃឲ្យសោះ។ ការរស់នៅក្នុងសង្គម មិនមែនគ្រាន់តែមានអំណាចឬមានទ្រព្យសម្បត្តិ គឺគ្រប់គ្រាន់នោះទេ តែអ្នក ត្រូវធ្វើអំពើទាំងឡាយណា ដែលមហាជនគាំទ្រ និងគោរពស្រឡាញ់ផងដែរ។  

មិនថាអ្នក មានមហិច្ឆតាធំប៉ុនណាឡើយ អ្នកត្រូវប្រកាន់គោការណ៍មួយជានិច្ច គឺមិនត្រូវឲ្យមហិច្ឆតារបស់អ្នក ប៉ះពាល់ដល់អ្នកដទៃឡើយ៕ 
 

Tag:
 គំនិតពិចារណា
  មហិច្ឆតា
© រក្សាសិទ្ធិដោយ thmeythmey.com