COVID-19
ជាតិ
ព្រៃវែង មានករណីថ្មី១៣០នាក់ រីឯសៀមរាប មាន១៦១នាក់ និងស្លាប់២នាក់ទៀត
12, Jul 2021 , 9:33 am        
រូបភាព
ដោយ: ថ្មីៗ
ជំងឺកូវីដ-១៩ កំពុងរាតត្បាតកាន់តែខ្លាំងក្លាឡើង ក្នុងខេត្តសៀមរាប និងខេត្តព្រៃវែង។ ខេត្តសៀមរាប បានរកឃើញអ្នកឆ្លងថ្មី ១៦១នាក់ទៀត  និងមានអ្នកជំងឺ២នាក់ទៀតបានស្លាប់កាលពីថ្ងៃទី១១ កក្កដា។ ចំណែកខេត្តព្រៃវែង មាន១៣០នាក់បន្ថែម ហើយករណីស្លាប់ក្នុងខេត្តនេះ មាន៣៧នាក់។

 
សៀមរាប៖ ករណីថ្មី១៦១នាក់ ជា៥៥នាក់ និង២នាក់ស្លាប់
 
ខេត្តសៀមរាប បន្តរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ១៦១នាក់ បន្ថែម ខណៈអ្នកជំងឺ ៥៥នាក់បានសះស្បើយ និងមាន២នាក់បានស្លាប់។ ក្នុងចំណោមអ្នកវិជ្ជមានថ្មីទាំង ១៦១នាក់នោះភាគច្រើនជាកម្មករសំណង់ខុនដូរមួយកន្លែងនៅក្រុងសៀមរាប  ប្រភពឆ្លងពីផ្សារលើ ផ្សារដំដែក និងសង្កាត់ស្រង៉ែ ខណៈមាន១៤នាក់ ជាករណីនាំចូលពីប្រទេសថៃ។ អ្នកឆ្លងភាគច្រើនជាពលរដ្ឋរស់នៅក្រុងសៀមរាប បន្ទាប់មកមានអ្នកស្រុកជីក្រែង សូទ្រនិគម ពួក បន្ទាយស្រី ប្រាសាទបាគង និងស្រុកអង្គរជុំ។ អ្នកជំងឺមួយចំនួនទៀតជាអ្នកខេត្តកំពង់ធំ ព្រៃវែង បាត់ដំបង និងបន្ទាយមានជ័យ។ 
 
ចំពោះករណីស្លាប់វិញ មានម្នាក់ជាបុរសវ័យ ៤៩ឆ្នាំ មានអាសយដ្ឋានភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប និងម្នាក់ទៀតជាស្រ្តីវួយ ៥៨ឆ្នាំ មានអាសយដ្ឋានភូមិគោកដូង ឃុំពួក ស្រុកពួក។ អ្នកទាំង២ គឺស្លាប់ជំងឺរលាកសួត បង្កដោយកូវីដ-១៩។ មកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានកូវីដ-១៩ សរុប ២៤៤១នាក់ ក្នុងនោះ ៨១៨នាក់ បានជាសះស្បើយ, ២៤នាក់ស្លាប់ និង១៥៩៩នាក់ កំពុងសម្រាកព្យាបាល។
 
ព្រៃវែង៖ មាន១៣០នាក់បន្ថែម ភាគច្រើននៅស្រុកពាមរក៍
 
មនុស្សចំនួន ១៣០នាក់ទៀត វិជ្ជមានកូវីដ-១៩ ក្នុងនោះគ្រប់ក្រុង ស្រុកទាំង១៣ របស់ខេត្តសុទ្ធតែមានករណីឆ្លងថ្មី។ ស្រុកពាមរក៍មានអ្នកឆ្លងច្រើនជាងគេ គឺ៣៣នាក់, ស្រុកកំចាយមារមាន២៩នាក់ ខណៈស្រុកស្វាយអន្ទរមាន១៤នាក់។ អ្នកជំងឺ ១២នាក់ នៅស្រុកមេសាង, ៥នាក់នៅពារាំង ខណៈក្រុងព្រៃវែង ស្រុកព្រះសេ្ដច ពោធិ៍រៀង  និងស្រុកកញ្ច្រៀច មាន៤នាក់រៀងខ្លួន។ ស្រុកស៊ីធរកណ្តាល ពាមជរ និងស្រុកកំពង់ត្របែកមាន ២ករណីថ្មីរៀងខ្លួនដែរ ហើយមានអ្នកជំងឺ ៥នាក់ មកពីខេត្តស្វាយរៀង និង៣នាក់ពីខេត្តកណ្តាល។ គិតត្រឹមថ្ងៃទី ១១ កក្កដា ខេត្តព្រៃវែង មានអ្នកឆ្លងកូវីដ-១៩ សរុប ២៣០១នាក់ ក្នុងនោះមាន១៣៩០នាក់បានជាសះស្បើយ ស្លាប់៣៧នាក់ និង៨៧៤នាក់កំពុងសម្រាកព្យាបាល។ 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com