អន្តរជាតិ
ថៃ៖ ក្រុមគ្រូពេទ្យជួរមុខ នឹងទទួលវ៉ាក់សាំងដូសទី៣ ដើម្បីបង្កើនប្រព័ន្ធការពារ
12, Jul 2021 , 10:59 am        
រូបភាព
គ្រូពេទ្យថៃរៀបចំចាក់វ៉ាក់សាំងឱ្យប្រជាជន។ រូបភាព៖  Xinhua
គ្រូពេទ្យថៃរៀបចំចាក់វ៉ាក់សាំងឱ្យប្រជាជន។ រូបភាព៖ Xinhua
នាយកដ្ឋានគ្រប់គ្រងជំងឺឆ្លងថៃ (CDC) បានប្រកាសថា ក្រុមគ្រូពេទ្យជួរមុខ ដែលត្រូវប្រយុទ្ធជាមួយជំងឺកូវីដ-១៩ នឹងត្រូវទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៣ ដើម្បីទប់ស្កាត់ហានិភ័យនៃការស្លាប់ដោយសារជំងឺកូវីដ-១៩ និងជំងឺឆ្លង។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍នៅថ្ងៃទី១២ ខែកក្កដា។

 
តាមទិន្នន័យរបស់ក្រសួងសុខាភិបាលថៃ ក្នុងចំណោមគ្រូពេទ្យចំនួន ៦៧៧៣៤៨នាក់ ដែលបានទទួលវ៉ាក់សាំងក្រុមហ៊ុន Sinovac ចំនួនពីរដូស គ្រូពេទ្យយ៉ាងហោចណាស់ ៦១៨នាក់ បានឆ្លងជំងឺកូវីដ-១៩ ។ គ្រូពេទ្យចំនួន ២នាក់ បានទទួលមរណភាពដោយសារជំងឺកូវីដ-១៩ បើទោះចាក់វ៉ាក់សាំងពីរដូសហើយក្តី។ 
 
«បើទោះចាក់វ៉ាក់សាំងក្រុមហ៊ុន Sinovac ពីរដូសក៏ដោយ កម្រិតភាពស៊ាំងប្រឆាំងជំងឺឆ្លង បានធ្លាក់ចុះនៅរយៈពេលក្រោយ»។ លោក Sophon Iamsirithavorn អនុប្រធាននាយកដ្ឋានគ្រប់គ្រងជំងឺឆ្លង បានថ្លែងបែបនេះនៅក្រសួងសុខាភិបាលថៃ។ បើតាមលោកSophon ដោយសារតែប្រសិទ្ធភាពធ្លាក់ចុះបែបនេះ ក្រុមគ្រូពេទ្យជួរមុខ ត្រូវចាក់វ៉ាក់សាំងដូសទី៣ ដើម្បីបង្កើនប្រព័ន្ធភាពស៊ាំ។
 
អនុប្រធានាយកដ្ឋានគ្រប់គ្រងជំងឺឆ្លង បានបន្តថា វ៉ាក់សាំងទីបី ដែលត្រូវផ្តល់ឱ្យក្រុមគ្រូពេទ្យ អាចជាវ៉ាក់សាំងក្រុមហ៊ុន AstraZeneca ឬវ៉ាក់សាំង ដែលប្រើបច្ចេកវិទ្យានាំសារ mRNA។ គណៈកម្មាធិការជាតិទំនាក់ទំនងជំងឺឆ្លង ទំនងជាអនុម័តការចាក់វ៉ាក់សាំងដូសទី៣ សម្រាប់ក្រុមគ្រូពេទ្យមុន ខណៈពេលប្រជាជន ត្រូវរងចាំគោលនយោបាយពីសំណាក់រដ្ឋាភិបាល។ 
 
ការចាក់វ៉ាក់សាំងដូសទី៣ សម្រាប់គ្រូពេទ្យជួរមុខ អាចនឹងផ្តល់ឱ្យក្នុងសប្តាហ៍នេះ ប៉ុន្តែអាជ្ញាធរថៃរងចាំការស្រង់មតិជាមុនសិន។ វ៉ាក់សាំងមួយចំនួន ក្នុងពេលនេះ ត្រូវទុកសម្រាប់ក្រុមមនុស្សចាស់ និងអ្នកមានជំងឺរ៉ាំរ៉ៃ។ 
 
មកទល់ពេលនេះ ថៃបានផ្តល់វ៉ាក់សាំង ១២,៤លានដូស ឱ្យប្រជាជនខ្លួនរួចហើយ ដោយ ៣,២៥លាននាក់ បានទទួលវ៉ាក់សាំងពេញលេញ។ ចំណែកករណីឆ្លងជំងឺកូវីដ-១៩ របស់ថៃមានចំនួន ជាង៣៤ម៉ឺនករណី និងអ្នកស្លាប់មានចំនួនជាង ២ពាន់នាក់៕ 
 

Tag:
 ថៃ
  វ៉ាក់សាំង
  កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com