COVID-19
ជាតិ
អ្នកកើតកូវីដ-១៩នៅភ្នំពេញជាង៣០ភាគរយ មានអាយុចន្លោះពី២៥ទៅ៣៤ឆ្នាំ
12, Jul 2021 , 3:29 pm        
រូបភាព
ដោយ: ថ្មីៗ
រាជធានីភ្នំពេញ មានអត្រាឆ្លងប្រចាំថ្ងៃ ពី១០០-៣០០នាក់ បើគិតត្រឹមថ្ងៃទី១០ កក្កដា។ លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញបញ្ជាក់ដូច្នេះនាសន្និសីទសារព័ត៌មានផ្សព្វផ្សាយពីយន្តការព្យាបាលជំងឺកូវីដ-១៩ តាមផ្ទះ និងគ្មានរោគសញ្ញា នៅភូមិសាស្ត្ររាជធានីភ្នំពេញ។

 
ដ្បិតអាជ្ញាធរមិនបង្ហាញតួលេខជាក់លាក់របស់អ្នកឆ្លងកូវីដ-១៩ ប៉ុន្តែបើតាមស្ថិតិរបស់អនុគណៈកម្មការស្រាវជ្រាវអ្នកជំងឺកូវីដ-១៩ ក្នុងចំណោមអ្នកដែលវិជ្ជមានកូវីដ-១៩ កាលពីថ្ងៃទី១០កក្កដា មានជាង៣០ភាគរយ ជាអ្នកមានអាយុចន្លោះ ២៥-៣៤ឆ្នាំ។ 
 
អ្នកដែលមានអាយុពី ៣៥-៤៤ឆ្នាំ មានជិត២០ភាគរយ ហើយទារក និងកុមារ អាយុពី០-១៧ឆ្នាំ ក៏មានអត្រាជិត២០ភាគរយដែរ។ ជាង១៥ភាគច្រើន ជាពលរដ្ឋអាយុ ១៨-២៤ឆ្នាំ។ សល់ពីនេះ ជាពលរដ្ឋមានអាយុ ចាប់ពី ៤៥ឆ្នាំឡើងទៅ។ 
 
តាមស្ថិតិដដែល អ្នកឆ្លងជាបុរស មានចំនួន៥៦.៩ភាគរយ ដោយនៅខណ្ឌពោធិ៍សែនជ័យ មានជ័យ និងសែនសុខ មានអ្នកឆ្លងច្រើនជាងគេ។ បណ្តាខណ្ឌផ្សេងទៀតដែលមានករណីកូវីដ-១៩ដែលនោះមានខណ្ឌបឹងកេងកង ឫស្សីកែវ ដង្កោ កំបូល ទួលគោក ជ្រោយចង្វារ ៧មករា ដូនពេញ និងខណ្ឌព្រែកព្នៅ។ 
 
គិតត្រឹមថ្ងៃទី១២ កក្កដានេះ មានអ្នកជំងឺកូវីដ-១៩ ចំនួន ១០៣៣នាក់ កំពុងសម្រាកព្យាបាលនៅតាមផ្ទះ  ក្នុងនោះ ២៦៨នាក់ បាននជាសះស្បើយ។ នេះបើតាមលោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ។
 
សូមជម្រាបថា បច្ចុប្បន្ន កម្ពុជាមានអ្នកឆ្លងកូវីដ-១៩ សរុប ៦១៨៧០ នាក់ ក្នុងនោះករណីនាំចូលមានចំនួន ៤៨៧៣នាក់។ អ្នកជាសះស្បើយមាន ៥៣៤៧៧ នាក់ និងស្លាប់សរុប ៩២៥នាក់៕
 

Tag:
 ភ្នំពេញ
 ពោធិ៍សែនជ័យ
 មានជ័យ
 សែនសុខ
© រក្សាសិទ្ធិដោយ thmeythmey.com