អន្តរជាតិ
ជប៉ុន នឹងផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ១លានដូសទៀតដល់តៃវ៉ាន់
13, Jul 2021 , 8:29 pm        
រូបភាព
លោក Toshimitsu Motegi រដ្ឋមន្រ្តីការបរទេសជប៉ុន។ រូបភាព៖ AFP
លោក Toshimitsu Motegi រដ្ឋមន្រ្តីការបរទេសជប៉ុន។ រូបភាព៖ AFP
ជប៉ុន នឹងបរិច្ចាគវ៉ាក់សាំងបង្ការជំងឺ-១៩ ចំនួន ១លានដូសបន្ថែមដល់តៃវ៉ាន់ ដើម្បីជួយទប់ស្កាត់ការរីកសាយជំងឺឆ្លង។ ស្របគ្នានេះ ជប៉ុនក៏បានបរិច្ឆាគវ៉ាក់សាំងចំនួន ១១លានដូស ទៅបណ្តាប្រទេសផ្សេងនៅក្នុងតំបន់អាស៊ីផងដែរ។

 
ថ្លែងប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី១៣ ខែកក្កដា រដ្ឋមន្រ្តីការបរទេសជប៉ុន លោកToshimitsu Motegi បានអះអាងថា ជប៉ុននឹងផ្តល់វ៉ាក់សាំងមួយលានដូស ទៅឥណ្ឌូណេស៊ី, តៃវ៉ាន់ និងវៀតណាម នៅថ្ងៃទី១៥ ខែកក្កដា ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងទ្វេភាគី។ សម្រាប់តៃវ៉ាន់ នេះជាការផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ លើកទី៣ ហើយ។
 
មកទល់ពេលនេះ ជប៉ុនបានផ្តល់វ៉ាក់សាំងក្រុមហ៊ុន AstraZeneca ចំនួន ៣,៤ លានដូសហើយទៅឱ្យតៃវ៉ាន់ បើទោះមានការជំទាស់ពីចិនក្តី។ កន្លងមក ចិនបានហៅ ការបរិច្ចាគវ៉ាក់សាំងរបស់ជប៉ុន មានលក្ខណៈនយោបាយ។ 
 
បន្ទាប់ពីការប្រកាសរបស់រដ្ឋមន្រ្តីការបរទេសជប៉ុន ក្រសួងការបរទេសតៃវ៉ាន់បានថ្លែងអរគុណចំពោះទឹកចិត្ត បើទោះជប៉ុន កំពុងរងគ្រោះដោយសារជំងឺកូវីដ-១៩ ក្តី។ ក្នុងន័យនេះ រដ្ឋាភិបាលក្រុងតៃប៉ិ បានហៅទំនាក់ទំនងរវាងតៃវ៉ាន់ និងជប៉ុន មិនអាចកាត់ផ្តាច់បាន។ 
 
ដោយចាត់ទុកជាដែនរដ្ឋបាលមួយរបស់ខ្លួន ចិន បានស្នើផ្តល់វ៉ាក់សាំងឱ្យតៃវ៉ាន់ជាញឹកញាប់ ហើយថែមទាំងអំពាវនាវឱ្យប្រជាជនតៃវ៉ាន់មកទទួលវ៉ាក់សាំងនៅចិនថែមទៀត។ ប៉ុន្តែរដ្ឋាភិបាលក្រុងតៃប៉ិ បានបដិសេធ ដោយមិនទុកចិត្តវ៉ាក់សាំងចិនឡើយ។ លើសពីនេះ តៃវ៉ាន់ បានត្អូញត្អែរពីការជ្រៀតជ្រែករបស់ចិន មកក្នុងកិច្ចព្រមព្រៀងខ្លួន ជាមួយក្រុមហ៊ុន BioNTech តែចិនបានបដិសេធ។ 
 
ក្រៅពីជប៉ុន នៅខែមុន អាមេរិក ក៏បានផ្តល់វ៉ាក់សាំងក្រុមហ៊ុន Moderna ចំនួន ២,៥លានដូសផងដែរ ទៅឱ្យតៃវ៉ាន់ ស្របពេលលីទុយអានីសន្យាផ្តល់វ៉ាក់សាំងចំនួន ២ម៉ឺនដូស។ 
 
គិតត្រឹមតួលេខចុងក្រោយ តៃវ៉ាន់ បានផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ យ៉ាងហោចណាស់ ៣,៥៤លានដូស ដោយប្រជាជនជាង ៧ម៉ឺននាក់ បានទទួលវ៉ាក់សាំងពេញលេញ។ តៃវ៉ាន់មានប្រជាជនសរុប ជាង ២៣លាននាក់៕ 
 

Tag:
 ជប៉ុន
  តៃវ៉ាន់
© រក្សាសិទ្ធិដោយ thmeythmey.com