អន្តរជាតិ
លោកស្រីស៊ូជី អាចជាប់ពន្ធនាគារដល់ ៧៥ឆ្នាំ ក្រោយរងបណ្ដឹង១០ករណី
14, Jul 2021 , 10:29 am        
រូបភាព
លោកស្រីអ៊ុងសាន ស៊ូជី។ រូបភាព៖ AFP
លោកស្រីអ៊ុងសាន ស៊ូជី។ រូបភាព៖ AFP
លោកស្រី អ៊ុងសាន ស៊ូជី មេដឹកនាំមីយ៉ាន់ម៉ា ដែលត្រូវរបបសឹកទម្លាក់ចេញពីអំណាច អាចប្រឈមនឹងជាប់ពន្ធនាគាររហូតដល់ ៧៥ឆ្នាំ បន្ទាប់ពីយោធាមីយ៉ាន់ម៉ាបានដាក់បទចោទទាក់ទិននឹងអំពើពុករលួយថ្មីលើលោកស្រី។

 
លោកស្រី អ៊ុងសាន ស៊ូជី និងលោក Win Myint បានបង្ហាញមុខជាថ្មីក្នុងតុលាការនៅថ្ងៃទី១៣ ខែកក្កដា ពីបទញុះញង់ ដែលមានចែងក្នុងក្រមព្រហ្មទណ្ឌ។ ក្នុងសវនាការនេះ របបសឹក បានដាក់ចោទ លើលោក ស៊ូជី បន្ថែមទៀតដែលធ្វើឱ្យបទចោទប្រឆាំងលោកស្រីសរុបកើនដល់១០ ករណី។ ប្រសិនបើរកឃើញកំហុស លោកស្រីអាចប្រឈមនឹងជាប់ពន្ធនាគាររហូតដល់ ៧៥ឆ្នាំឯណោះ។ 
 
«ប្រសិនបើតុលាការសម្រេចឱ្យជាប់ពន្ធនាគារលើបទល្មើសម្តងមួយៗ លោកស្រីស៊ូជីអាចប្រឈមជាប់ពន្ធនាគាររហូតដល់ ៧៥ឆ្នាំសម្រាប់បទចោទទាំង១០»។ លោក Khin Maung Zaw មេធាវីរបស់លោកស្រីស៊ូជី បានសង្កត់ធ្ងន់បែបនេះ ដោយបន្ថែមថា បទចោទថ្មីក្រោមច្បាប់ប្រឆាំងអំពើពុករលួយចំនួន ៤ករណី នឹងត្រូវបានតុលាការទទួលយកនៅថ្ងៃទី២២ ខែកក្កដាខាងមុខ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Irrawaddy។ 
 
យ៉ាងណាមិញ លោកមេធាវី មិនទាន់អាចបកស្រាយបានទេ ព្រោះមិនទាន់ឃើញបទចោទច្បាស់ ដោយរងចាំដល់ថ្ងៃតុលាការទទួលបទចោទសិន។ ម្យ៉ាងលោក Khin Maung Zaw ក៏មិនទាន់បានឃើញរបាយការណ៍ និងឯកសារផ្សេងៗពីប៉ូលិសដែរ។ 
 
មកទល់ពេលនេះ លោកស្រីស៊ូជី ស្ថិតក្នុងដំណើរការក្តីចំនួន ៦ករណីរួចហើយ ដោយក្នុងនោះមានចាប់ពី ការកាន់កាប់វិទ្យុទាក់ទងខុសច្បាប់, បំពានវិធានទប់ស្កាត់កូវីដ-១៩, ញុះញង់ និងបទចោទក្រោមច្បាប់ស្តីពីការពារព័ត៌មានសម្ងាត់របស់រដ្ឋជាដើម។ 
 
គួររំលឹកថា ចាប់តាំងពីថ្ងៃទី១ ខែកុម្ភៈ មក លោកស្រីស៊ូជី រួមទាំងថ្នាក់ដឹកនាំបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យផ្សេងទៀត ត្រូវបានចាប់ខ្លួន និងចោទពីបទល្មើសមួយចំនួនជាបន្តបន្ទាប់។ លើសពីនេះ យោធាមីយ៉ាន់ម៉ា ក៏បានបើកការស៊ើបអង្កេតលើបទល្មើសអំពើពុករលួយផ្សេងទៀតផងដែរលើថ្នាក់ដឹកនាំបក្ស និងលោកស្រីស៊ូជី៕  
 

Tag:
 មីយ៉ាន់ម៉ា
  អ៊ុងសាន ស៊ូជី
© រក្សាសិទ្ធិដោយ thmeythmey.com