អន្តរជាតិ
នាយិកា UNICEF លាលែងពីតំណែងដើម្បីមានពេលថែទាំស្វាមីឈឺធ្ងន់
14, Jul 2021 , 11:59 am        
រូបភាព
លោកស្រី Henrietta Fore លាលែងពីតំណែងនាយិកាអង្គការ UNICEF។ រូបថត AFP
លោកស្រី Henrietta Fore លាលែងពីតំណែងនាយិកាអង្គការ UNICEF។ រូបថត AFP
លោកស្រី Henrietta Fore នៅថ្ងៃទី១៣ ខែកក្កដា បានសម្រេចចិត្តលាលែងពីតំណែងនាយិកាអង្គការ UNICEF ដោយលោកស្រីចង់មានពេលថែទាំងស្វាមីលោកស្រីដែលកំពុងឈឺធ្ងន់។ ប្រមុខអង្គការសហប្រជាជាតិ អាន់តូនីញ៉ូ ហ្គូតេរ៉េស ទទួលយកការលាលែងនេះហើយដែរ។

 
«ដោយក្ដីសោកស្ដាយ ខ្ញុំបានជូនដំណឹងអគ្គលេខាធិការអង្គការសហប្រជាជាតិ និងប្រធានគណៈគ្រប់គ្រងរបស់យើងពីការសម្រេចចិត្តលាឈប់របស់ខ្ញុំជានាយិកាប្រតិបត្តិ UNICEF ដើម្បីចំណាយកម្លាំងលើសុខភាពប្ដីរបស់ខ្ញុំ។» លោកស្រី Henrietta Fore បញ្ជាក់បែបនេះនៅថ្ងៃទី១៣ ខែកក្កដា។
 
 
 
ជាអតីតមន្រ្តីជាន់ខ្ពស់អាមេរិក លោកស្រី Fore កាន់តំណែងកំពូលក្នុងស្ថាប័នអន្តរជាតិខាងកុមារមួយនេះតាំងពីឆ្នាំ២០១៨ មក។ ក្នុងលិខិតផ្ញើទៅកាន់បុគ្គលិក UNICEF លោកស្រី Fore ចាត់ទុកការសម្រេចចិត្តនេះ ជារឿងដ៏លំបាក និងចាត់ទុកការតំណែងនាយិកា UNICEF ជាកិត្តិយសធំធេង។ 
 
តាមរយៈអ្នកនាំពាក្យ លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស បានទទួលពាក្យសុំលាលែងរបស់លោកស្រី Fore ដោយក្ដីសោកស្ដាយបំផុត។ លោក ហ្គូតេរ៉េស បង្ហាញក្ដីដឹងគុណចំពោះការបំពេញការងាររបស់លោកស្រី Fore ដែលធ្វើឱ្យប្រសើរឡើងជីវិតកុមារទូទាំងពិភពលោក ពិសេសតួនាទីរបស់ UNICEF ក្នុងការឆ្លើយជាសាកលទៅនឹងជំងឺកូវីដ-១៩ និងការងើបឡើងវិញរបស់វិស័យអប់រំ។
 
ទោះលាលែងពីតំណែងក្ដី លោកស្រី Fore នឹងមិនទាន់ចាកចេញភ្លាមដែរ។ លោកស្រីនឹងបន្តកាន់តំណែងនេះរហូតដល់ការបញ្ចប់អាណត្តិក្រុមប្រឹក្សាប្រតិបត្តិ និងកិច្ចប្រជុំមហាសន្និបាតក្នុងខែកញ្ញា និងទាល់តែមានអ្នកស្នងតំណែង។ អំឡុងពេលនេះ លោកស្រីអះអាងថា នឹងបន្តដឹកនាំ UNICEF ក្នុងការអនុវត្តផែនការយុទ្ធសាស្រ្តរបស់ខ្លួន, ការទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ របស់ប្រទេសនានជុំវិញពិភពលោក, ការវិលត្រឡប់ទៅកាន់ថ្នាក់រៀន ក៏ដូចជាអនាគតកុមារទាំងអស់៕
 
 
 
 

Tag:
 UNICEF
© រក្សាសិទ្ធិដោយ thmeythmey.com