COVID-19
អន្តរជាតិ
វៀតណាម៖ អ្នកទទួលវ៉ាក់សាំង AstraZeneca ដូសទី១ អាចចាក់វ៉ាក់សាំង Pfizer នៅដូសទី២
14, Jul 2021 , 3:23 pm        
រូបភាព
រូបភាព៖ Reuters
រូបភាព៖ Reuters
រដ្ឋាភិបាលវៀតណាម នៅថ្ងៃទី១៣ ខែកក្កដា បានប្រកាសថា ប្រជាជន ដែលបានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ របស់ក្រុមហ៊ុនAstraZeneca នៅដូសទីមួយ អាចចាក់វ៉ាក់សាំងក្រុមហ៊ុន Pfizer-BioNTech សម្រាប់ដូសទីពីរបាន។

 
វៀតណាម កំពុងពន្លឿនយុទ្ធនាការចាក់វ៉ាក់សាំងរបស់ខ្លួនយ៉ាងខ្លាំង ខណៈករណីឆ្លងជំងឺកូវីដ-១៩នៅក្នុងប្រទេស បានហក់ឡើងយ៉ាងខ្លាំង នៅរយៈពេលចុងក្រោយ។ មុនខែឧសភាឆ្នាំ ២០២១ ករណីឆ្លងសរុប មានតិចជាង ៣,០០០ករណីតែប៉ុណ្ណោះ។ ប៉ុន្តែ បច្ចុប្បន្នករណីឆ្លងជំងឺកូវីដ-១៩របស់វៀតណាមសរុប បានហក់ឡើងដល់ជាង ៣ម៉ឺនករណីឯណោះ។ ករណីឆ្លងប្រចាំថ្ងៃមានជាង ២ពាន់ករណី។ 
 
«អ្នកដែលបានចាក់វ៉ាក់សាំងក្រុមហ៊ុន AstraZeneca លើកទីមួយក្នុងអំឡុងពេល៨ ទៅ ១២ សប្តាហ៍ កន្លងមក នឹងទទួលបានអាទិភាពការចាក់វ៉ាក់សាំងក្រុមហ៊ុន Pfizer សម្រាប់ដូសទី២»។ រដ្ឋាភិបាល វៀតណាមបានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍មួយបែបនេះ។
 
ការសម្រេចឱ្យប្រជាជនជ្រើសយកការទទួលវ៉ាក់សាំងលាយគ្នាបែបនេះ ទំនងជាចង់បណ្តុះប្រព័ន្ធភាពស៊ាំឱ្យកាន់តែខ្លាំងជាងមុន ដើម្បីការពារជំងឺកូវីដ-១៩។ តាមការស្រាវជ្រាវបឋមមួយរបស់អ្នកជំនាញអេស្ប៉ាញ  ការលាយបញ្ចូលគ្នានៃវ៉ាក់សាំងក្រុមហ៊ុន Pfizer និងក្រុមហ៊ុន AstraZeneca មានប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់។ 
 
ប្រទេសមួយចំនួនរួមមាន កាណាដា អេស្ប៉ាញ និងកូរ៉េខាងត្បូង បានសម្រេចចាក់វ៉ាក់សាំង លាយប្រភេទគ្នាបែបនេះ ដោយសារតែប្រទេសទាំងនោះ ព្រួយបារម្ភពីបញ្ហាកកឈាមដ៏កម្រ ដែលបង្កឡើងដោយវ៉ាក់សាំងក្រុមហ៊ុន AstraZeneca។ នៅថ្ងៃទី១២ ខែកក្កដា ថៃក៏បានប្រកាសផ្តល់វ៉ាក់សាំងក្រុមហ៊ុនខុសគ្នាដល់ប្រជាជនខ្លួន ដើម្បីប្រឆាំងនឹងវីរុសបង្កជាជំងឺកូវីដ-១៩ ទម្រង់ដែលតាផងដែរ។ 
 
យ៉ាងណាមិញ អង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃទី ១២ ខែកក្កដា បានព្រមាន ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ លាយគ្នាបែបនេះ ដោយសារបច្ចុប្បន្នមាន ទិន្នន័យតិចតួចបំផុតអំពីផលប៉ះពាល់ដល់សុខភាព។
 
មកទល់ពេលនេះ វៀតណាម បានផ្តល់វ៉ាក់សាំងចំនួន ៤លានដូសរួចហើយ ដល់ប្រជាជនខ្លួន ដោយប្រជាជនប្រមាណ ២៧ម៉ឺននាក់ បានទទួលវ៉ាក់សាំងពេញលេញ។ រហូតមកដល់ពេលនេះ វៀតណាម បានប្រើប្រាស់វ៉ាក់សាំងភាគច្រើនជារបស់ក្រុមហ៊ុនAstraZeneca ។ 
 
សូមបញ្ជាក់ថា វៀតណាម នឹងទទួលវ៉ាក់សាំង AstraZeneca ប្រមាណ ២,៥ លានដូសបន្ថែមទៀតពីអូស្រ្តាលី និងជប៉ុន ក្នុងពេលឆាប់ៗខាងមុខ៕
 

Tag:
 វ៉ាក់សាំង
  វៀតណាម
  កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com