អន្តរជាតិ
ចិន រិះគន់«សៀវភៅ ស»ការពារជាតិជប៉ុន ដោយចាត់ទុកជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង
14, Jul 2021 , 4:29 pm        
រូបភាព
លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិន។ រូបភាព៖ ក្រសួងការបរទេសចិន
លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិន។ រូបភាព៖ ក្រសួងការបរទេសចិន
ចិន នៅថ្ងៃទី១៣ ខែកក្កដា បានរិះគន់«សៀវភៅស»ការពារជាតិរបស់ជប៉ុនថា ជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងខ្លួន និងចោទប្រកាន់ដោយគ្មានមូលដ្ឋានមកលើសកម្មភាពយោធា និងការការពារជាតិរបស់ចិន។ រដ្ឋាភិបាលក្រុងប៉េកាំង បានជំរុញឱ្យក្រុងតូក្យូ គោរពអធិបតេយ្យចិន និងរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់។

 
គណៈរដ្ឋមន្រ្តីជប៉ុន នៅថ្ងៃទី១៣ ខែកក្កដា បានអនុម័តសៀវភៅសការពារជាតិប្រចាំឆ្នាំមួយ ដោយក្នុងនោះ ជប៉ុន ក៏បានលើកឡើងពី ការកើនឡើងឥទ្ធិពលចិន ការដាក់សម្ពាធយោធាលើតៃវ៉ាន់ និងការបង្កើនការចំណាយយោធាចិនជាដើម។ ដោយចាត់ទុកជាដែនដីជិតខាង សៀវភៅសការពារជាតិ ចាត់ទុក ស្ថិរភាពនៅតៃវ៉ាន់ គឺសំខាន់ណាស់សម្រាប់សន្តិសុខជាតិជប៉ុន និងសហគមន៍អន្តរជាតិ។ បើតាមសៀវភៅស ជប៉ុនបានទទូចឱ្យផ្តោតការយកចិត្តទុកដាក់លើបញ្ហាទាំងនោះ។ 
 
ក្នុងសៀវភៅសដដែលនេះ ជប៉ុន ក៏បានសង្កត់ធ្ងន់លើការពង្រឹងអំណាចយោធារបស់ចិន និងការផ្លាស់ប្តូរតុល្យភាពអំណាចយោធារវាងចិន និងអាមេរិកផងដែរ។ ការផ្លាស់ប្តូរទាំងនេះ អាចនឹងប៉ះពាល់ដល់សន្តិភាព ក៏ដូចជាស្ថិរភាពនៅក្នុងតំបន់ឥណ្ឌូ-បាស៊ីហ្វិក។
 
យ៉ាងណាមិញ ចិនជំទាស់យ៉ាងខ្លាំងនឹងអ្វីដែលទាក់ទងចិនមានក្នុងសៀវភៅសនេះ និងចាត់ទុកជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងចិន។ «នេះគឺជារឿងខុស និងគ្មានការទទួលខុសត្រូវ»។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកZhao Lijian បានប្រើសម្តីធ្ងន់បែបនេះ ដោយបន្ថែមថា ចិនសូមច្រានចោល និងបដិសេធការលើករបស់ជប៉ុន។ 
 
បើតាមអ្នកនាំពាក្យក្រសួងការបរទេសចិន តៃវ៉ាន់ គឺជាផ្នែកមួយរបស់ចិន ហើយរដ្ឋាភិបាលខ្លួន នឹងមិនអនុញ្ញាតឱ្យបរទេសជ្រៀតជ្រែក កិច្ចការផ្ទៃក្នុងរបស់ខ្លួនឡើយ។ លោក Zhao បានបន្ថែមថា ចិនត្រូវតែបង្រួបបង្រួមជាមួយតៃវ៉ាន់។ 
 
មិនតែប៉ុណ្ណោះ អ្នកនាំពាក្យរូបនេះ ក៏បានការពារច្បាប់ថ្មីរបស់ចិន ដែលអនុញ្ញាតឱ្យនាវាល្បាតខ្លួនបំពាក់អាវុធផងដែរ។ លោក Zhao បានអះអាងថា ច្បាប់ល្បាតសមុទ្រ មិនបានផ្តោតលើប្រទេសណាមួយឡើយ ហើយវាក៏ស្របច្បាប់អន្តរជាតិ និងការអនុវត្តជាអន្តរជាតិផងដែរ។ ក្នុងន័យនេះ លោក Zhao បានបន្តថា ជាការពិត ជប៉ុន និងប្រទេសផ្សេងទៀត ក៏មានច្បាប់ល្បាតសមុទ្រស្រដៀងខ្លួនដែរ ហើយបានអនុម័តតាំងពីមុនចិនមកម្លេះ។ 
 
ជាចុងក្រោយ អ្នកនាំពាក្យក្រសួងការបរទេសចិន បានទទូចឱ្យជប៉ុន គោរពអធិបតេយ្យរបស់ខ្លួន និងការពារស្ថិរភាព និងសន្តិភាពក្នុងតំបន់អាស៊ី-បាស៊ីហ្វិក៕ 
 

Tag:
 ចិន
  ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com