COVID-19
អន្តរជាតិ
នាយករដ្ឋមន្រ្តីថៃ ជំរុញឱ្យសិក្សាម៉ត់ចត់លើការចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ លាយគ្នា
14, Jul 2021 , 8:29 pm        
រូបភាព
នាយករដ្ឋមន្រ្តីថៃ លោកប្រាយុទ្ធ ចន្ទអូចា។ រូបភាព៖ AFP
នាយករដ្ឋមន្រ្តីថៃ លោកប្រាយុទ្ធ ចន្ទអូចា។ រូបភាព៖ AFP
នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចន្ទអូចា នៅថ្ងៃទី១៣ ខែកក្កដា បានជំរុញឱ្យសិក្សាម៉ត់ចត់លើការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ពីក្រុមហ៊ុនខុសគ្នា ដើម្បីធានាសុវត្ថិភាពប្រជាជន។ ការអំពាវនាវរបស់ នាយករដ្ឋមន្រ្តីបែបនេះ ធ្វើឡើងបន្ទាប់ពីការព្រមានរបស់អង្គការសុខភាពពិភពលោក (WHO) ជុំវិញការចាក់វ៉ាក់សាំងលាយគ្នា។


រដ្ឋមន្រ្តីសុខាភិបាលថៃ នៅថ្ងៃទី១២ ខែកក្កដា បានសម្រេចផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្រុមហ៊ុន AstraZeneca ដូសទីពីរ ដល់ប្រជាជនដែលទទួលវ៉ាក់សាំងក្រុមហ៊ុន Sinovac នៅដូសទី១ ។ ការចាក់វ៉ាក់សាំងពីក្រុមហ៊ុនខុសគ្នាបែបនេះ ធ្វើឡើងក្នុងគោលបំណងបង្កើនប្រព័ន្ធភាពស៊ាំ និងការពារវីរុសបង្កជាជំងឺកូវីដ-១៩ ទម្រង់ដែលតា។ 
 
ការប្រកាសរបស់ប្រមុខសុខាភិបាលថៃបែបនេះ បានធ្វើឱ្យកន្លែងផ្តល់វ៉ាក់សាំងមួយចំនួនមានការភាន់ច្រឡំនៅតាមទីតាំងផ្ដល់វ៉ាក់សាំងរហូតមានការផ្អាក ឬពន្យារពេលចាក់វ៉ាក់សាំង។ មន្រ្តីសុខាភិបាលខេត្ត នន្ទបុរី បានពន្យារពេលផ្តល់វ៉ាក់សាំងឱ្យប្រជាជនជន ស្របពេលមន្ទីរពេទ្យសាធារណៈ និងឯកជន នៅខេត្តឈៀងមៃ បានប្រកាសមិនផ្តល់សេវាចាក់វ៉ាក់សាំងដល់ប្រជាជន។ 
 
នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីតាមប្រព័ន្ធវីដេអូ លោក ប្រាយុទ្ធ ចន្ទអូចា ប្រមុខរដ្ឋាភិបាលថៃ បានអំពាវនាវឱ្យមានការសិក្សាយ៉ាងលម្អិតមួយ លើគោលនយោបាយចាក់វ៉ាក់សាំងលាយគ្នាបែបនេះ ដើម្បីសុវត្តិភាពប្រជាជន។ ការជំរុញរបស់នាយករដ្ឋមន្រ្តីធ្វើឡើង បន្ទាប់ពីការព្រមានពីសំណាក់អង្គការ WHO ជុំវិញ គ្រោះថ្នាក់ ដែលអាចកើតមានពីការចាក់វ៉ាក់សាំងក្រុមហ៊ុនខុសគ្នា។ 
 
វានៅតែមានការយល់ឃើញខុសគ្នា រវាងអង្គការសុខភាពពិភពលោក និងអ្នកជំនាញថៃ។ តាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍ លោក Yong Poovorawan អ្នកជំនាញផ្នែកវីរុស បានការពារថា ការផ្តល់វ៉ាក់សាំងលាយគ្នារវាងក្រុមហ៊ុន AstraZeneca និងក្រុមហ៊ុន Sinovac គឺមានប្រសិទ្ធភាព និងសុវត្ថិភាព ក្នុងការទប់ស្កាត់វីរុសទម្រង់ដែលតា។ 
 
បើតាមលោក Yong ការសិក្សាមួយបានបង្ហាញថា ការលាយវ៉ាក់សាំងបែបនេះ អាចបណ្តុះប្រព័ន្ធការពារបានខ្ពស់ និងកាន់តែឆាប់ជាងការរំពឹងទុក។ 
 
សូមបញ្ជាក់ថា មួយរយៈចុងក្រោយនេះ ថៃមានករណីឆ្លងហក់ឡើងយ៉ាងខ្លាំង ស្របពេលវីរុសទម្រង់ដែលតា ក៏រីកសាយច្រើនដែរនៅក្នុងប្រទេស។ នៅថ្ងៃទី១៤ ខែកក្កដា ថៃបានរាយការណ៍ករណីឆ្លង ចំនួន ៩៣១៧ករណី និងអ្នកស្លាប់មានចំនួន ៨៧នាក់។ ករណីឆ្លងសរុបនៅថៃ បានកើនដល់ជាង ៣៦ម៉ឺនករណី និងអ្នកស្លាប់មានជិត ៣ពាន់នាក់៕ 
 

Tag:
 ថៃ
  កូវីដ-១៩
  វ៉ាក់សាំង
© រក្សាសិទ្ធិដោយ thmeythmey.com