អន្តរជាតិ
រុស្ស៊ី បញ្ជូនយន្តយោធាទៅជួយពន្លត់ភ្លើងឆេះព្រៃនៃស៊ីបេរី
14, Jul 2021 , 10:29 pm        
រូបភាព
រូបថត TASS
រូបថត TASS
ដោយ៖ឈួស៊ាវយីងជាវ

ភ្លើងឆេះព្រៃដែលកើតក្រោយរលកកម្តៅនៅតំបន់ស៊ីបេរី កំពុងរីករាលដាលខ្លាំង និងបំផ្លាញព្រៃរាប់ម៉ឺនហិកតា។នៅថ្ងៃទី១៤ ខែកក្កដា រុស្ស៊ី បានបញ្ជូនយន្តហោះពន្លត់អគិ្គភ័យជាច្រើនគ្រឿងទៅកាន់តំបន់ស៊ីបេរី ដើម្បីជួយដល់ក្រុមពន្លត់អគិ្គភ័យរាប់ពាន់នាក់ដែលកំពុងប្រយុទ្ធនឹងភ្លើងឆេះព្រៃដ៏សន្ធោសន្ធៅ ។


នៅស៊ីបេរី អណ្តាតភ្លើងកំពុងលេបត្របាក់ព្រៃចំនួន៨០ម៉ឺនហិកតា។ តំបន់ Yakutia សិ្ថតនៅភាគខាងកើតនៃខេត្តស៊ីបេរី ប្រឈមរងគ្រោះខ្លាំងជាងគេ និងស្ថិតក្នុងភាពអាសន្នអស់ជាច្រើនសប្តាហ៍មកហើយ។ នៅថ្ងៃទី១៣ខែកក្កដា ក្រុមពន្លត់អគ្គិភ័យប្រមាណ២៦០០០នាក់ ចុះប្រតិបត្តិការពន្លត់ការឆាបឆេះព្រៃផងដែរ។ ជាមួយគ្នានេះ ក្រុមអ្នកវិទ្យាសាស្រ្តអាកាសធាតុក៏ប្រកាសអាសន្នអំពីផលប៉ះពាល់រយៈពេលយូរពីបម្រែបម្រួលអាកាសដោយសារភ្លើតឆេះនេះផងដែរ។
 
«យើងកំពុងថប់ដង្ហើម សួតរបស់ពួកយើងត្រូវបានបំពុលដោយផ្សែងដ៏ខ្មួលខ្មាញ់»។ នេះបើយោងតាមញ្ញាតិ្តសុំជំនួយរបស់អ្នកស្រុក Yakutia ផ្ញើទៅកាន់ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន មុនបន្តថា ពួកគេចង់បានឧបករណ៍និ ងកម្លាំងបន្ថែមទៀតដើម្បីប្រយុទ្ធនឹងភ្លើងឆេះព្រៃនេះ។
 
រដ្ឋមន្រ្តីការពារជាតិរុស្ស៊ីលោក Sergei Shoigu  បាននិយាយថា លោក ពូទីន បានបញ្ជាឱ្យក្រសួងការពារជាតិរុស្ស៊ីជួយអន្តរាគមន៍អាជ្ញាធរមូលដ្ឋានបន្ថែមទៀត។ ខណនេះ កងទ័ពរុស្ស៊ី បានដាក់ពង្រាយយន្តហោះទម្លាក់ទឹក llyushin II-76 ជាច្រើនគ្រឿងក្នុងការជួយជះទឹកទប់អណ្តាតភ្លើងពីលើមេឃ។
 
លើសពីនេះទៀត អគ្គិភ័យនៅតំបន់ស៊ីបេរីដ៏ធំល្វឹងល្វើយនេះ  បានបង្កជាក្តីបារម្ភដល់សុខភាពអ្នកស្រុករស់នៅតំបន់នោះ ព្រោះផ្សែងដែលហុយចេញពីភ្លើងមានលាយឡំរុក្ខជាតិពុលក្នុងព្រៃលាយគ្នា គួបផ្សំការបញ្ចេញឧស្ម័នកាបូនដែលផ្ទុកក្នុងទឹកកកអស់ពេលជាយូរ ។ កាលពីសប្តាហ៍មុន អគ្គិភ័យក៏បានឆាបឆេះនៅតំបន់ Chelyabinsk ដោយសម្លាប់មនុស្សម្នាក់ និងដុតបំផ្លាញផ្ទះអ្នកភូមិជាច្រើនខ្នង។
 
ប៉ុន្មានឆ្នាំថ្មីៗនេះ រដូវភ្លើងឆេះព្រៃនៅរុស្ស៊ីមានសភាពកាន់តែអាក្រក់ ដោយសារការប្រែប្រួលអាកាសធាតុ ដែលធ្វើឱ្យកម្តៅផែនដីកើនឡើងខុសធម្មតាជាពិសេសនៅទូទាំងភាគខាងជើងនៅវាលស៊ីបេរី។ នៅឆ្នាំ២០២១ សីតុណ្ហភាពនៅរុស្ស៊ីកើនឡើងដល់កម្រិតក្តៅរហូតបំបែកកំណត់ត្រា។ ទីក្រុង Yakutsk នៃខេត្តស៊ីបេរីត្រូវគេកត់ត្រាថា កើនឡើងរហូត៣៥អង្សា។
 
គួរបញ្ជាក់ថា រយៈពេល៦សប្តាហ៏កន្លងទៅនេះ ភ្លើងឆេះព្រៃក្នុងតំបន់បញ្ចេញនៅឧស្ម័នកាបូនឌីអុកស៊ីត ប្រមាណ១៥០មេហ្គាតោន ដែលជិតស្មើនឹងការបំភាយឥន្ទនៈប្រចាំឆ្នាំរបស់វេណេហ្ស៊អេឡា៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com