អន្តរជាតិ
ថៃ៖ ក្រុមហ៊ុន AstraZeneca សុំពន្យារពេលដឹកជញ្ជូនវ៉ាក់សាំង៦១លានដូសរយៈពេល៥ខែ
15, Jul 2021 , 3:59 pm        
រូបភាព
កញ្ចប់វ៉ាក់សាំង AstraZeneca ។ រូបថត Xinhua
កញ្ចប់វ៉ាក់សាំង AstraZeneca ។ រូបថត Xinhua
ក្រុមហ៊ុនAstraZeneca បានស្នើរដ្ឋាភិបាលថៃពន្យារពេលដឹកជញ្ជូនវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន ៦១លានដូសក្នុងរយៈពេល៥ខែ។ អនុរដ្ឋមន្រ្តីសុខាភិបាលថៃ លោកSathit Pitutacha បានអះអាងបែបនេះ នៅថ្ងៃទី១៥ ខែកក្កដា។ ការស្នើនេះធ្វើឡើង ស្របពេលថៃ កំពុងមានតម្រូវការវ៉ាក់សាំងខ្លាំងសម្រាប់ផ្តល់ឱ្យប្រជាជន និងអាចប៉ះពាល់ការផ្គត់ផ្គង់ប្រទេសក្នុងតំបន់ផងដែរ។


 
ស្របពេលករណីឆ្លងកូវីដ-១៩ កំពុងហក់ឡើងខ្លាំងនៅក្នុងប្រទេស រដ្ឋាភិបាលថៃ ត្រូវការវ៉ាក់សាំងជាចាំបាច់សម្រាប់ផ្តល់ឱ្យប្រជាជនខ្លួន។ មិនតែប៉ុណ្ណោះ ថៃគ្រោងផ្តល់វ៉ាក់សាំងដូសទី៣ ដល់បុគ្គលិកសុខាភិបាលថែមទៀត ដើម្បីបង្កើនប្រព័ន្ធការពារប្រឆាំងនឹងវីរុសបង្កជាជំងឺកូវីដ-១៩ ទម្រង់ដែលតា និងកាត់បន្ថយករណីស្លាប់។ 
 
ក្នុងកាលៈទេសៈរដ្ឋាភិបាលក្រុងបាងកកកំពុងមានតម្រូវការវ៉ាក់សាំងខ្លាំង ក្រុមហ៊ុន AstraZeneca បានស្នើពន្យារពេលដឹកជញ្ជូនវ៉ាក់សាំងរយៈពេល៥ខែ។ ក្នុងកិច្ចសម្ភាសជាមួយទូរទស្សន៍ MCOT អនុរដ្ឋមន្រ្តីសុខាភិបាលថៃ Sathit Pitutacha បានអះអាងថា ក្រុមហ៊ុន AstraZeneca បានសុំរយៈពេលបន្ថែមដល់ទៅ៥ខែ សម្រាប់វ៉ាក់សាំង ៦១លានដូស។ បើតាមលោក Sathit ក្នុងពេលបច្ចុប្បន្ន ក្រុមហ៊ុន AstraZeneca ដែលសហការជាមួយដៃគូនៅថៃ អាចផលិតវ៉ាក់សាំងបានចំនួន១៥លានដូសក្នុងមួយខែ និងអាចបង្កើនសមត្ថភាពផលិតបន្ថែមទៀតនៅពេលខាងមុខ។ 
 
កន្លងមក ក្រុមហ៊ុនឱសថមួយនេះ ក៏បានសន្យាដឹកជញ្ជូនវ៉ាក់សាំងចំនួន ៤០ភាគរយនៃវ៉ាក់សាំងផលិតបានឱ្យថៃផងដែរ។
«យើងត្រូវតែចរចាជាមួយពួកគេ ដោយសារស្ថានភាពយើងត្រូវការវ៉ាក់សាំងបន្ថែម»។ លោក Sathit បានបន្តបែបនេះ ដោយបន្ថែមថា ថៃត្រូវការ ១០លានដូសក្នុងមួយខែ ដោយសារផែនការដំបូង បានឯកភាពចំនួន ១០លានដូស។
 
យ៉ាងណាមិញ ក្រុមហ៊ុនវ៉ាក់សាំងអង់គ្លេសមួយនេះ មិនទាន់បានឆ្លើយតប នឹងការអះអាងរបស់មន្រ្តីថៃនៅឡើយទេ។ 
ការអះអាងរបស់អនុរដ្ឋមន្រ្តីខាងលើ ធ្វើឡើងស្របពេលមន្រ្តីជាន់ខ្ពស់ថៃមួយរូប បានអះអាងថា ថៃកំពុងពិចារណាលើការកម្រិតនាំចេញវ៉ាក់សាំងក្រុមហ៊ុន AstraZeneca ទៅក្រៅប្រទេស។ ប្រសិនបើកម្រិតនាំចេញវ៉ាក់សាំងមែន វាអាចនឹងប៉ះពាល់ដល់វៀតណាម ម៉ាឡេស៊ី និងឥណ្ឌូណេស៊ី ដែលបានបញ្ជាទិញវ៉ាក់សាំងពីក្រុមហ៊ុន AstraZeneca ផលិតនៅខេត្តនន្ទថាបុរី និងធ្វើឱ្យកម្មវិធីចាក់វ៉ាក់សាំងប្រទេសពួកគេ មានដំណើរការយឺត។ 
 
មកទល់ពេលនេះ ថៃបានផ្តល់វ៉ាក់សាំងចំនួន ១២,៦លានដូសហើយ ដល់ប្រជាជនខ្លួន ដោយមនុស្សចំនួន ៣,២៧លាននាក់ បានទទួលវ៉ាក់សាំងពេញលេញ៕ 
 

Tag:
 ថៃ
  វ៉ាក់សាំង
  កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com