អន្តរជាតិ
វៀតណាម អនុម័តវ៉ាក់សាំង Jonhson & Jonhson ឱ្យប្រើប្រាស់បន្ទាន់ដោយមានលក្ខខណ្ឌ
16, Jul 2021 , 11:59 am        
រូបភាព
វ៉ាក់សាំងក្រុមហ៊ុន Johnson & Johnson ។ រូបភាព៖ AFP
វ៉ាក់សាំងក្រុមហ៊ុន Johnson & Johnson ។ រូបភាព៖ AFP
ក្រសួងសុខាភិបាលវៀតណាម នៅថ្ងៃទី១៥ ខែកក្កដា បានអនុម័តវ៉ាក់សាំងក្រុមហ៊ុន Jonhson & Jonhson ឱ្យប្រើប្រាស់ជាបន្ទាន់ដោយភ្ជាប់ជាមួយលក្ខខណ្ឌមួយចំនួន ដើម្បីសុវត្ថិភាពប្រជាជនខ្លួន។ នេះជាវ៉ាក់សាំងទី៦ ហើយ ដែលត្រូវបានអនុម័តឱ្យប្រើជាបន្ទាន់នៅវៀតណាម។

 
បន្ទាប់ពីដាក់សំណើនៅដើមខែកក្កដាកន្លងទៅ វ៉ាក់សាំងក្រុមហ៊ុន Johnson & Johnson (J&J) ត្រូវបានវៀតណាមអនុម័តដោយមានភ្ជាប់ជាមួយលក្ខខណ្ឌ ដែលតម្រូវឱ្យក្រុមហ៊ុនធានាពីសុវត្ថិភាព និងគុណភាព ផ្តល់ព័ត៌មានបន្ថែម សហការក្នុងការចែកចាយវ៉ាក់សាំង និងគ្រប់គ្រងហានិភ័យ និងគ្រោះថ្នាក់ជាដើម។ 
 
កន្លងមក វៀតណាម បានអនុម័តវ៉ាក់សាំងក្រុមហ៊ុន AstraZeneca, ក្រុមហ៊ុន Pfizer, ក្រុមហ៊ុន Moderna, ក្រុមហ៊ុន Sinopharm និងវ៉ាក់សាំង Sputnik-V។ ខុសពីវ៉ាក់សាំងទាំង៥ ដែលតម្រូវឱ្យចាក់ពីរដូស វ៉ាក់សាំងក្រុមហ៊ុន Jonhson & Jonhson ចាក់តែមួយដូសប៉ុណ្ណោះ។ កន្លងទៅវ៉ាក់សាំងក្រុមហ៊ុន Johnson & Johnson មានប្រសិទ្ធភាព ៦៦ភាគរយ ដោយផ្អែកលើអ្នកចូលរួមជាង ៤ម៉ឺននាក់។ 
 
ការអនុម័តវ៉ាក់សាំងនេះ ធ្វើឡើងស្របពេលករណីឆ្លងជំងឺកូវីដ-១៩ នៅវៀតណាម កំពុងហក់ឡើងខ្លាំង។ នៅថ្ងៃទី១៥ ខែកក្កដា ក្រសួងសុខាភិបាលវៀតណាម បានរាយការណ៍ករណីឆ្លងកូវីដ-១៩ ចំនួន ៣៤១៦ករណី និងអ្នកស្លាប់មានចំនួន ៦៩នាក់។ ករណីឆ្លងសរុបមានចំនួនជាង ៤ម៉ឺននាក់ និងអ្នកស្លាប់មានចំនួន ២០៧នាក់។ 
 
មកទល់ពេលនេះ វៀតណាម បានផ្តល់វ៉ាក់សាងបង្ការជំងឺកូវីដ-១៩ ដល់ប្រជាជនចំនួនជាង ៤លានដូសហើយ ដោយប្រជាជនប្រមាណ ២៧ម៉ឺននាក់ បានទទួលវ៉ាក់សាំងពេញលេញ៕ 
 

Tag:
 វៀតណាម
  Jonhson & Jonhson
  វ៉ាក់សាំង
  កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com