COVID-19
អន្តរជាតិ
អង់គ្លេស លើកចោលបម្រាមរឹតត្បិតទាំងអស់ បើទោះករណីឆ្លងកូវីដ-១៩ ហក់ឡើង
19, Jul 2021 , 12:29 pm        
រូបភាព
នាយករដ្ឋមន្រ្តីអង់គ្លេស លោកបូរីស ចនសុន។ រូបភាព៖ AFP
នាយករដ្ឋមន្រ្តីអង់គ្លេស លោកបូរីស ចនសុន។ រូបភាព៖ AFP
រដ្ឋាភិបាលចក្រភពអង់គ្លេស នឹងលើកចោលបម្រាមរឹតត្បិត ដែលទប់ស្កាត់ការរីកសាយជំងឺកូវីដ-១៩ នៅតំបន់មួយចំនួន ក្នុងថ្ងៃទី១៩ ខែកក្កដា បើទោះករណីឆ្លងប្រចាំថ្ងៃនៅតែបន្តហក់ឡើងខ្ពស់ និងមានការព្រមានពីការផ្ទុះរលកឆ្លងថ្មីក្ដី។ ចំណាត់ការថ្មីនេះ ក៏រួមមានទាំងការលុបចោលបម្រាមពាក់ម៉ាស់នៅទីសាធារណៈផងដែរ។

 
ចក្រភពអង់គ្លេស នៅថ្ងៃទី១៨ ខែកក្កដា បានរាយការណ៍ករណីឆ្លងជំងឺកូវីដ-១៩ ជាង ៤ម៉ឺនករណី និងអ្នកស្លាប់មានចំនួន ២៥នាក់។ បើទោះមានករណីឆ្លងមានច្រើនក៏ដោយ រដ្ឋាភិបាលចក្រភពអង់គ្លេស បានសម្រេចលើកចោលបម្រាមរឹតត្បិតនៅអង់់គ្លេសតាមគម្រោងដដែល ដើម្បីជួយសង្រ្គោះសេដ្ឋកិច្ចឡើងវិញដែលដុនដាបចាប់តាំងពីការបិទខ្ទប់ក្នុងឆ្នាំ២០២០មក។ 
 
ចាប់ពីថ្ងៃទី១៩ ខែកក្កដា នៅអង់គ្លេស ក្លិបរាត្រី និងអាជីវកម្មផ្សេងទៀតបើកឡើងវិញ ស្របពេលវិធានពាក់ម៉ាស់, ការរក្សាគម្លាត និងធ្វើការពីផ្ទះត្រូវលុបចោល។ សកម្មភាពនៅទីសាធារណៈ និងសកម្មភាពខាងក្នុងផ្សេងទៀត និងការប្រកួតកីឡាក៏ត្រូវបានអនុញ្ញាតឱ្យមានទស្សនិកជនដូចធម្មតាដែរ។  ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកដាក់ឈ្មោះថា «ថ្ងៃសេរីភាព»។ 
 
វិធានខាងលើ នឹងអនុវត្តនៅតែទឹកដីអង់គ្លេសប៉ុណ្ណោះ ខណៈស្កុតឡែន, វេលស៍ និងអៀរឡង់ខាងជើង នឹងចំណាត់ការផ្ទាល់ខ្លួន។ សម្រាប់ស្កុតលែន ការបន្ថូរបន្ថយវិធានរឹតត្បិត ក៏អនុញ្ញាតក្នុងថ្ងៃដដែលនេះដែរ ដោយបារ និងភោជនីយដ្ឋាន អាចបើករហូតដល់ពាក់កណ្តាលយប់។ ការពាក់ម៉ាស់ នៅតែចាំបាច់ក្នុងដែនដីមួយនេះ។ ដោយឡែកវេលស៍ នឹងបន្ថូរបន្ថយការរឹតត្បិតនៅថ្ងៃទី៧ ខែសីហា និងអៀរឡង់ខាងជើង នៅថ្ងៃទី២៦ ខែកក្កដា។ 
 
ដោយសារលុបចោលបម្រាបរឹតត្បិត ស្របពេលករណីឆ្លងហក់ឡើងបែបនេះ  រដ្ឋាភិបាលអង់គ្លេសបានរងការរិះគន់ខ្លាំងពីអ្នកជំនាញ។ នាយករដ្ឋមន្រ្តីចក្រភពអង់គ្លេស លោក បូរីស ចនសុន បានតបនៅក្នុងវីដេអូមួយដែលបង្ហោះលើបណ្តាញសង្គម Twitter ថា ប្រសិនអង់គ្លេសមិនបើកប្រទេសក្នុងពេលនេះទេ រដ្ឋាភិបាលនឹងបើកប្រទេសក្នុងរដូវរងាខាងមុខ ដែលជាពេលជំងឺកូវីដ-១៩ អាចនឹងឆ្លងខ្លាំងជាងមុន។ 
 
«ប្រសិនបើយើងមានធ្វើវាពីឥឡូវនេះ យើងគួរសួរខ្លួនឯងថា ថាយើងនឹងធ្វើវានៅពេលណា?» នាយករដ្ឋមន្រ្តីអង់គ្លេស បានសង្កត់ធ្ងន់បែបនេះ ដោយអំពាវនាវឱ្យបណ្តាប្រទេសផ្សេង ដាក់ចេញវិធានដូចខ្លួនដែរ។ យ៉ាងណាមិញ ប្រមុខរដ្ឋាភិបាលអង់គ្លេសរូបនេះ ក៏បានអំពាវនាវឱ្យប្រជាជនប្រុងប្រយ័ត្នផងដែរ​ ចំពោះវីរុសបង្កជាជំងឺកូវីដ-១៩ បំប្លែងខ្លួនថ្មី ព្រោះវានៅតែបន្តរាលដាល និងអាចធ្វើឱ្យប្រជាជនធ្លាក់ខ្លួនឈឺ បើទោះទទួលវ៉ាក់សាំងហើយក្តី។
 
មកទល់ពេលនេះ អង់គ្លេសបានផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ យ៉ាងហោចណាស់ មួយដូសដល់ប្រជាជនពេញវ័យចំនួន ៨៧ភាគរយ ដោយ ៦៨ភាគរយ បានទទួលវ៉ាក់សាំងចំនួនពីរដូស។ ចំណែកករណីឆ្លងកូវីដ-១៩ សរុបមានចំនួន ៥,៤លានករណី​ និងអ្នកស្លាប់មានចំនួនជាង ១២ម៉ឺននាក់។ អ្នកជាសះស្បើយមានចំនួន ៤,៣លាននាក់៕ 
 

Tag:
 អង់គ្លេស
  កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com