អន្តរជាតិ
ថៃ និងវៀតណាម សុទ្ធតែបំបែកកំណត់កត់ត្រាករណីឆ្លងជំងឺកូវីដ-១៩ ប្រចាំថ្ងៃ
19, Jul 2021 , 2:32 pm        
រូបភាព
ប្រជាជនថៃ ដើរទិញម្ហូបនៅក្នុងផ្សារមួយកន្លែងក្នុងក្រុងបាងកក។ រូបភាព៖ Xinhua
ប្រជាជនថៃ ដើរទិញម្ហូបនៅក្នុងផ្សារមួយកន្លែងក្នុងក្រុងបាងកក។ រូបភាព៖ Xinhua
ស្ថានភាពជំងឺកូវីដ-១៩ នៅប្រទេសជិតខាងកម្ពុជា ដូចជា ថៃ និងវៀតណាម កាន់តែធ្ងន់ធ្ងរឡើង ដោយករណីឆ្លងប្រចាំថ្ងៃ បានហក់ឡើងដល់ចំណុចខ្ពស់បំផុត។ ទាក់ទិននឹងបញ្ហានេះ រដ្ឋាភិបាលក្រុងហាណូយ និងក្រុងបាងកក បានដាក់ចេញវិធានការជាច្រើន ដើម្បីទប់ស្កាត់ជំងឺឆ្លងសកល ដែលកំពុងរីកសាយនៅក្នុងប្រទេស។

 
 
ស្ថានភាពជំងឺកូវីដ-១៩ នៅថៃ នៅថ្ងៃទី១៩ ខែកក្កដា បានហក់ឡើងដល់ចំណុចខ្ពស់បំផុត គិតចាប់តាំងពីផ្ទុះជំងឺឆ្លងនៅចុងឆ្នាំ២០១៩ មក។ ថៃបានរាយការណ៍ករណីឆ្លង ចំនួន១១៧៨៤ករណី ត្រឹមតែរយៈពេល ២៤ម៉ោងប៉ុណ្ណោះ។ ក្នុងចំនួននោះ អ្នកជាប់ពន្ធនាគារចំនួន ១០០នាក់បានឆ្លងកូវីដ-១៩ ។ មកទល់ពេលនេះ ករណីឆ្លងកូវីដ-១៩ សរុបមានជាង ៤១ម៉ឺនករណី និងអ្នកស្លាប់មានចំនួន ៣៤២២នាក់។ អ្នកជាសះស្បើយមានចំនួនជិត ២៩ម៉ឺននាក់។ 
 
ដោយករណីឆ្លងកាន់តែរីកសាយ រដ្ឋាភិបាលថៃ បានសម្រេចដាក់ខេត្តចំនួន ៣ទៀត ក្នុងស្ថានភាពបិទខ្ទប់ និងបម្រាមគោចរ ដោយក្នុងនោះមានដូចជា ឈុនបុរី, ឆាឆឹងសៅ និងអយុធ្យា ចាប់ពីថ្ងៃទី២០ ខែកក្កដាទៅ។ នេះបើតាមចុះផ្សាយនៅក្នុងរាជកិច្ចថៃ។ ពេលនេះ រដ្ឋាភិបាល បានសម្រេចដាក់បញ្ជូលខេត្តចំនួន ១៣ហើយ ក្នុងការបិទខ្ទប់។
 
មកទល់ពេលនេះ ថៃបានផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន ១៤,២លានដូសរួចហើយ។ ក្នុងនោះ មនុស្សចំនួន៣,៤លាននាក់ បានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ពេញលេញ។ 
 
ដោយឡែក ស្ថានភាពកូវីដ-១៩ នៅវៀតណាមឯណោះវិញ ក៏កាន់តែធ្ងន់ផងដែរ។ នៅថ្ងៃទី១៨ ខែកក្កដា រដ្ឋាភិបាលក្រុងហាណូយ បានរាយការណ៍ករណីឆ្លងចំនួន ៥៩២៦ករណី និងអ្នកស្លាប់មានចំនួន ២៩នាក់។ នេះជាតួលេខដ៏ខ្ពស់បំផុតរបស់វៀតណាម។ នៅព្រឹកថ្ងៃបន្ទាប់ វៀតណាម បានរកឃើញករណីឆ្លងចំនួនជាង ២ពាន់ករណីបន្ថែមទៀត។ 
 
មកទល់ពេលនេះ ករណីឆ្លងជំងឺកូវីដ-១៩ សរុបនៅវៀតណាម បានកើនដល់ជាង ៥ម៉ឺនករណីហើយ ខណៈអ្នកស្លាប់ មានចំនួន ២៥៤នាក់។ អ្នកជាសះស្បើយមានចំនួនត្រឹមតែ ១ម៉ឺននាក់ប៉ុណ្ណោះ។ 
 
ចាប់ពីថ្ងៃទី១៩ ខែកក្កដា ខេត្តភាគខាងត្បូងចំនួន១៦ ផ្តើមអនុវត្តវិធានការបិទខ្ទប់ចលនាប្រជាជន ដើម្បីទប់ស្កាត់ករណីឆ្លង ដែលកាន់តែហក់ឡើងខ្ពស់។ ចំណែកជើងហោះហើរមួយចំនួននៅក្នុងប្រទេស ក៏ត្រូវផ្អាកផងដែរ។ 
 
វៀតណាម បានផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ យ៉ាងហោចណាស់៤,២៦លានដូស ដោយប្រជាជនចំនួនជាង ៣០ម៉ឺននាក់ បានទទួលវ៉ាក់សាំងពេញលេញ៕ 
 

Tag:
 វៀតណាម
  ថៃ
  កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com