អន្តរជាតិ
ថៃ នឹងធ្វើតេស្តវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ លើមនុស្សនៅក្នុងខែកញ្ញាខាងមុខ
19, Jul 2021 , 10:29 pm        
រូបភាព
ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅថៃ។ រូបថត Xinhua
ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅថៃ។ រូបថត Xinhua
ថៃ បានអះអាងថា វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលអភិវឌ្ឍដោយក្រុមហ៊ុនក្នុងស្រុក នឹងត្រូវសាកល្បងលើមនុស្សជាលើកដំបូងនៅខែកញ្ញាខាងមុខ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation នៅថ្ងៃទី១៨ ខែកញ្ញា។ វ៉ាក់សាំងនេះ ត្រូវបានយកចេញពីប្រូតេអ៊ីនរបស់រុក្ខជាតិ និងម៉ូលេគុលប្រូតេអ៊ីន។

 
ក្រុមហ៊ុន Baiya Phytopharm កំពុងអភិវឌ្ឍវ៉ាក់សាំងមួយប្រភេទ ដែលយកចេញពីប្រូតេអ៊ីនរបស់រុក្ខជាតិដូចវ៉ាក់សាំងរបស់ក្រុមហ៊ុន Novavax ដែរ។ ទាក់ទិននឹងការអភិវឌ្ឍវ៉ាក់សាំងនេះ លោកស្រី Ratchada Thanadirek អ្នកនាំពាក្យរដ្ឋាភិបាលថៃរង បានអះអាងថា ថៃបានត្រៀមរួចហើយ ក្នុងការផលិតវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទនេះ។ 
 
ចំណែកក្រុមអ្នកស្រាវជ្រាវ នឹងផ្ញើឯកសាររបស់រោងចក្រផលិតវ៉ាក់សាំងទៅរដ្ឋបាលថ្នាំពេទ្យ និងអាហារ ដើម្បីត្រួតពិនិត្យលើដំណើរការផលិត។ វ៉ាក់សាំង ដែលត្រូវបានអភិវឌ្ឍក្នុងស្រុកនេះ នឹងចាប់ផ្តើមផលិតសាកល្បងក្នុងពេលប៉ុន្មានសប្តាហ៍ខាងមុខ ហើយធ្វើតេស្តលើមនុស្សនៅដើមខែកញ្ញា ឆ្នាំ២០២១។ 
 
ក្នុងការសាកល្បងលើមនុស្ស ថៃនឹងជ្រើសរើសអ្នកស្ម័គ្រចិត្តចំនួន១០០នាក់ ដែលមានសុខភាពល្អ និងមានអាយុចាប់ពី១៨ឆ្នាំទៅ៥៥ឆ្នាំ និងពី៦៥ឆ្នាំ ទៅ៧៥ឆ្នាំ។ ប្រសិនបើជោគជ័យលើការធ្វើតេស្តនេះ ថៃរំពឹងថា ខ្លួនអាចផលិតវ៉ាក់សាំងប្រភេទនេះ សម្រាប់ប្រជាជនខ្លួននៅពាក់កណ្តាលឆ្នាំ២០២២ខាងមុខ។ តម្លៃវ៉ាក់សាំងក្នុងមួយដូស អាចមានទំហំប្រមាណពី ជាង ៩ដុល្លារ ទៅជាង ១៥ដុល្លារ។
 
មកទល់ពេលនេះ ថៃបានផ្តល់វ៉ាក់សាំងចំនួន១៤,២លានដូសហើយ ដល់ប្រជាជនខ្លួន ដោយប្រជាជនចំនួន៣,៤៤លាន នាក់បានទទួលវ៉ាក់សាំងពេញលេញ។ ថៃ បានប្រើប្រាស់វ៉ាក់សាំងក្រុមហ៊ុន AstraZeneca និងក្រុមហ៊ុន Sinovac ៕
 

Tag:
 ថៃ
  វ៉ាក់សាំង
  កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com