អន្តរជាតិ
ប្រធានាធិបតីកូរ៉េខាងត្បូង សម្រេចមិនទៅជប៉ុន ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកឡើយ
19, Jul 2021 , 5:22 pm        
រូបភាព
លោកប្រធានាធិបតីកូរ៉េខាងត្បូង មូន ចេអ៊ីន (ខាងឆ្វេង) និងនាយករដ្ឋមន្រ្តីជប៉ុន លោកស៊ូហ្កា យូស៊ីហ៊ីដេ ។ រូបភាព៖ Yonhap
លោកប្រធានាធិបតីកូរ៉េខាងត្បូង មូន ចេអ៊ីន (ខាងឆ្វេង) និងនាយករដ្ឋមន្រ្តីជប៉ុន លោកស៊ូហ្កា យូស៊ីហ៊ីដេ ។ រូបភាព៖ Yonhap
ប្រធានាធិបតីកូរ៉េខាងត្បូង លោកមូន ចេអ៊ីន បានសម្រេចមិនទៅ ចូលរួមក្នុងពិធីបើកព្រឹត្តិការណ៍កីឡា អូឡាំពិកទីក្រុងតូក្យូ និងជួបនាយករដ្ឋមន្រ្តីជប៉ុនឡើយ។ នេះបើតាមការប្រកាសរបស់វិមានប្រធានាធិបតីកូរ៉េខាងត្បូង នៅថ្ងៃទី១៩ ខែកក្កដា។


 
តាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុន Yomiuri Shimbun លោក មូន ចេអ៊ីន ប្រធានាធិបតីកូរ៉េខាងត្បូង បានពិចារណាទៅចូលរួមក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងតូក្យូនៅថ្ងៃទី២៣ ខែកក្កដាខាងមុខ រួមទាំងមានជំនួបជាមួយនាយករដ្ឋមន្រ្តីជប៉ុន ស៊ូហ្កា យូស៊ីហ៊ីដេ ផង។ 
 
យ៉ាងណាមិញ មេដឹកនាំកូរ៉េខាងត្បូង បានសម្រេចមិនធ្វើទស្សនកិច្ចទៅជប៉ុនវិញ។ តាមសេចក្តីប្រកាសរបស់វិមានប្រធានាធិបតីកូរ៉េខាងត្បូង មន្រ្តីប្រទេសទាំងពីរ បានជជែកពិភាក្សាពីបញ្ហាប្រវត្តិសាស្រ្ត និងកិច្ចសហប្រតិបត្តិប្រកបដោយផ្លែផ្កា។ បើទោះកិច្ចពិភាក្សាទទួលបានលទ្ធផលប្រសើរក្តី នីតិវិធីបន្ទាប់ ហាក់មិនទាន់គ្រប់គ្រាន់ ដើម្បីបង្ហាញពីការសម្រេចបានលទ្ធផលណាមួយនៅក្នុងជំនួបមេដឹកនាំទាំងពីរ។ កត្តាផ្សេងទៀត ក៏ជាហេតុផល ដែលលោកប្រធានាធិបតីមិនទៅទស្សនកិច្ចនៅជប៉ុនដែរ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Yonhap។
 
ជាមួយគ្នា ការិយាល័យលោក មូន ក៏បានជូនពរឱ្យជប៉ុនរៀបចំកីឡាអូឡាំពិចប្រកបដោយសុវត្ថិភាព និងជោគជ័យផងដែរ។ 
ការសម្រេចមិនទៅជប៉ុននេះ ធ្វើឡើងស្របពេលប្រជាជនកូរ៉េខាងត្បូងមួយចំនួន មិនពេញចិត្តឱ្យលោកប្រធានាធិបតីទៅជប៉ុន។ 
 
គួររំលឹកថា ទំនាក់ទំនងជប៉ុន និងកូរ៉េខាងត្បូង កាន់តែធ្លាក់ចុះជាលំដាប់ ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ បន្ទាប់ពីប្រទេសទាំងពីរឈ្លោះគ្នា ជុំវិញសំណងឱ្យជនរងគ្រោះកូរ៉េខាងត្បូង ដែលត្រូវបានជប៉ុនចាប់បង្ខំកម្លាំងពលកម្ម និងការបំពានផ្លូវភេទ ចាប់ពីឆ្នាំ១៩១០ ដល់ឆ្នាំ១៩៤៥៕ 
 

Tag:
 កូរ៉េខាងត្បូង
  ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com