COVID-19
អន្តរជាតិ
ឡាវបន្តបិទខ្ទប់ប្រទេស ឯករណីឆ្លងកូវីដ-១៩ នៅវៀតណាមនិងថៃ បន្តហក់ឡើងខ្ពស់
20, Jul 2021 , 12:29 pm        
រូបភាព
រូបថត AFP
រូបថត AFP
ឡាវ នៅថ្ងៃទី១៩ ខែកក្កដា បានបន្តបិទខ្ទប់ប្រទេស ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ និងករណីនាំចូលពីប្រទេសជិតខាង។ ស្របគ្នានេះ ករណីឆ្លងជំងឺកូវីដ-១៩ នៅវៀតណាម និងថៃ នៅតែបន្តហក់ឡើងខ្ពស់។

 
ករណីឆ្លងជំងឺកូវីដ-១៩ នៅឡាវ ថៃ និងវៀតណាម កាន់តែកើនឡើងច្រើន។ ប្រទេសនីមួយ បានដាក់ចេញវិធានការរៀងៗខ្លួន ដើម្បីទប់ស្កាត់ជំងឺឆ្លងសកលមួយនេះ។ ឡាវ បានសម្រេចបន្តបិទខ្ទប់ប្រទេស រហូតដល់ថ្ងៃទី៣ ខែសីហា ស្របពេលករណីឆ្លងជំងឺកូវីដ-១៩ នៅថ្ងៃទី១៩ ខែកក្កដា មានចំនួន ១១៤ករណី។ 
 
ថ្លែងនៅក្នុងសន្នីសីទសារព័ត៌មាន លោកស្រី  Madame Thippakone អ្នកនាំពាក្យរដ្ឋាភិបាលឡាវ បានអះអាងថា បើទោះឡាវអាចទប់ស្កាត់ការរីកសាយជំងឺកូវីដ-១៩ បានល្អមែន ប៉ុន្តែប្រទេសជិតខាងនៅតែមានករណីឆ្លងហក់ឡើង។ លើសពីនេះ ពលករឡាវ ដែលត្រលប់មកប្រទេសវិញ បានឆ្លងកូវីដ-១៩ ជាច្រើននាក់។ ដោយផ្អែកតាមហេតុផលនេះ នាយករដ្ឋមន្រ្តីឡាវ បានបញ្ជាឱ្យបន្តវិធានបិទខ្ទប់ប្រទេស។ 
 
ក្រោមវិធានបិទខ្ទប់នេះ ឡាវនៅតែបន្តអនុវត្តចំណាត់ការមួយចំនួនដូចជា បិទកន្លែងកម្សាន្ត រោងភាពយន្ត, ការ៉ាអូខេ និងកន្លែងផ្សេងទៀតដដែល។ រោងចក្រ និងសិប្បកម្មស្ថិតក្នុងតំបន់ក្រហម ក៏ត្រូវផ្អាកដំណើរដែរ។ វិធានការមួយចំនួន ត្រូវបន្ធូរបន្ថយក្នុងតំបន់ ដែលមានហានិភ័យទាប។ នៅក្នុងក្រុងវៀងចន្ទន៍ កន្លែងម៉ាស្សា កន្លែងបណ្តុះបណ្តាល និងវិទ្យាស្ថានអប់រំត្រូវបើកឡើងវិញ ប៉ុន្តែត្រូវគោរពតាមគោលការណ៍ក្រសួងសុខាភិបាល និងទទួលបានវ៉ាក់សាំងពេញលេញ។ 
 
ចំណែកនៅស្ថានការណ៍ជំងឺកូវីដ-១៩ នៅថៃ និងវៀតណាម ក៏ធ្ងន់ធ្ងរដែរ។ ថៃនៅថ្ងៃទី២០ ខែកក្កដា បានរាយការណ៍ករណីឆ្លងថ្មីចំនួន ១១៣០៥ករណី ដោយក្នុងនោះ អ្នកជាប់ពន្ធនាគារមានចំនួន ៥៩៥នាក់។ ករណីឆ្លងថៃសរុប មានចំនួនជិត ៤០ម៉ឺនករណី និងអ្នកស្លាប់កើនដល់ជាង ៣ពាន់នាក់។ 
 
វៀតណាម ក៏មិនស្រាលដែរ។ ក្នុងថ្ងៃទី១៩ ខែកក្កដា វៀតណាម មានករណីឆ្លងកូវីដ-១៩ ចំនួន ៤១៩៥ករណី និងអ្នកស្លាប់ ៨០នាក់។ ចំនួននេះ ធ្លាក់ចុះច្រើន បើធៀបនឹងមួយថ្ងៃមុន ដែលមានជិត ៦ពាន់ករណី។ នៅព្រឹកថ្ងៃទី២០ ខែកក្កដា ក្រសួងសុខាភិបាលវៀតណាម ប្រកាសករណីឆ្លងចំនួន ២១៥៤ករណីបន្ថែម។ 
 
ករណីឆ្លងកូវីដ១៩ សរុបរបស់វៀតណាម កើនលើស៦ម៉ឺនករណីហើយ ខណៈអ្នកស្លាប់មានចំនួន ៣៣៤នាក់៕ 
 

Tag:
 ឡាវ
  ថៃ
  វៀតណាម
  កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com