អន្តរជាតិ
ចិន និងអាស៊ាន ចង់បង្កើនកម្រិតកិច្ចសហប្រតិបត្តិការដៃគូយុទ្ធសាស្រ្តកាន់តែខ្ពស់
20, Jul 2021 , 4:50 pm        
រូបភាព
លោក លី ខឺឈាំង នាយករដ្ឋមន្រ្តីចិន។ រូបភាព៖ ASEAN
លោក លី ខឺឈាំង នាយករដ្ឋមន្រ្តីចិន។ រូបភាព៖ ASEAN
នាយករដ្ឋមន្រ្តីចិន លី ខឺឈាំង និងស៊ុលតង់ព្រុយណេ Hassanal Bolkiah ដែលជាប្រធានផ្លាស់វេនអាស៊ាន នៅថ្ងៃទី១៩ ខែកក្កដា បានផ្លាស់ប្តូរលិខិតអបអរសាទរខួប ៣០ឆ្នាំនៃការបង្កើតទំនាក់ទំនងដៃគូសន្ទនា។ ក្នុងលិខិតនោះ ចិន និងអាស៊ាន បានសំឡឹងរកការកសាងដៃគូយុទ្ធសាស្រ្ត ក្នុងកម្រិតខ្ពស់ជាងមុន។

 
ក្នុងលិខិតផ្ញើទៅស៊ុលតង់ព្រុយណេនៅថ្ងៃទី១៩ ខែកក្កដា លោក លី ខឺឈាំង នាយករដ្ឋមន្រ្តីចិន បានរំលឹកថា ក្នុងរយៈពេល ៣០ឆ្នាំចុងក្រោយ ចិន និងអាស៊ាន បានរួមគ្នាកសាងស្ថិរភាព ការអភិវឌ្ឍ វិបុលភាពនៅក្នុងតំបន់ជាច្រើន។ មិនតែប៉ុណ្ណោះ ចិន និងអាស៊ាន ចាប់តាំងពីឆ្នាំ២០២០ មក បានរួមគ្នាប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ និងជួយគ្នាក្នុងស្ថានភាពលំបាកទៀតផង។ 
 
តាមលិខិតដែលបានចុះផ្សាយលើវេបសាយក្រសួងការបរទេសចិន លោក លី បានបន្តថា ទំនាក់ទំនងចិន-អាស៊ាន បានឈានចូលដំណាក់កាលថ្មីនៃការអភិវឌ្ឍគ្រប់ជ្រុងជ្រោយ។ «ចិន បានត្រៀមខ្លួនធ្វើការជាមួយអាស៊ានរួចហើយ ដើម្បីកសាងដៃគូយុទ្ធសាស្រ្តក្នុងកម្រិតខ្ពស់ជាងមុន»។ នាយករដ្ឋមន្រ្តីចិន បានសង្កត់ធ្ងន់បែបនេះ ដោយបន្ថែមថា ភាគីទាំងពីរនឹងពង្រឹងសហគមន៍កាន់តែជិតស្និទ្ធសម្រាប់អនាគតរួមគ្នា និងការឆ្លើយតបកាន់តែប្រសើរលើបញ្ហាប្រឈមសកលសម្រាប់ប្រជាជនជិត ២ពាន់នាក់របស់ខ្លួន។ 
 
ជាការឆ្លើយតប មហាក្សត្រព្រុយណេ ដែលជាប្រធានអាស៊ានផ្លាស់វេន បានសង្កត់ធ្ងន់ថា ដៃគូយុទ្ធសាស្រ្តចិន-អាស៊ាន នឹងបង្កើតអនាគតកាន់តែប្រសើរសម្រាប់ប្រជាជនរបស់ខ្លួន។ ទន្ទឹមនេះ មេដឹកនាំព្រុយណេរូបនេះ ក៏បានសាទរខួប ៣០ឆ្នាំនៃការបង្កើតទំនាក់ទំនងដៃគូសន្ទនារវាងភាគីទាំងពីរផងដែរ។ 
 
បើតាមស៊ុលតង់ព្រុយណេ ទំនាក់ទំនងរវាងភាគីទាំងពីរនាពេលកន្លងមក បានសម្រេចលទ្ធផលប្រកបដោយផ្លែផ្កា និងក្លាយជាដៃគូយុទ្ធសាស្រ្ត និងគ្រប់ជ្រុងជ្រោយដ៏សំខាន់មួយ។ មិនតែប៉ុណ្ណោះ អាស៊ានចិន ក៏បានសហការគ្នាប្រយុទ្ធជាមួយជំងឺឆ្លងសកលថែមទៀត។ 
 
សូមបញ្ជាក់ថា ចិនស្នើអាស៊ានធ្វើជាដៃគូសន្ទនានៅក្នុងឆ្នាំ១៩៩១។ ៥ឆ្នាំបន្ទាប់ ចិនបានក្លាយជាដៃគូសន្ទនាអាស៊ានពេញលេញ។ នៅក្នុងឆ្នាំ២០១៩ ពាណិជ្ជកម្មរវាងភាគីទាំងពីរ បានឈានដល់ ៦៤១ពាន់លានដុល្លារ និងជាដៃគូពាណិជ្ជកម្មដ៏សំខាន់មួយ៕ 
 

Tag:
 ចិន
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com