អន្តរជាតិ
យោធាចិន ព្រមានការបាក់ទំនប់ក្នុងខេត្តហឺណាន ខណៈភ្លៀងខ្លាំងសម្លាប់មនុស្ស១២នាក់
21, Jul 2021 , 11:11 am        
រូបភាព
ទឹកជំនន់នៅក្នុងក្រុងចឹងចូវ ខេត្តហឺណា ប្រទេសចិន។ រូបភាព៖ Xinhua
ទឹកជំនន់នៅក្នុងក្រុងចឹងចូវ ខេត្តហឺណា ប្រទេសចិន។ រូបភាព៖ Xinhua
យោធាចិន នៅល្ងាចថ្ងៃទី២០ ខែកក្កដា បានព្រមានថា ទំនប់វារីអគ្គិសនីមួយ ស្ថិតនៅក្នុងខេត្តហឺណាភាគកណ្តាលប្រទេសចិន អាចនឹងបាក់គ្រប់ពេលទាំងអស់ បន្ទាប់ពីរងការបំផ្លាញដោយព្យុះ និងភ្ញៀងធ្លាក់យ៉ាងខ្លាំងប៉ុន្មានថ្ងៃមកនេះ។

 
ខេត្តហឺណាន ដែលស្ថិតនៅភាគកណ្តាលប្រទេសចិន បានរងគ្រោះដោយសារព្យុះ និងភ្លៀងយ៉ាងខ្លាំង ចាប់ពីថ្ងៃទី១៦ ខែកក្កដាមក។ ទឹកភ្លៀងកម្រិត៤០០,៨ មីលីម៉ែត្រ បានវាយប្រហារលើទីក្រុងជាច្រើនក្នុងខេត្តនេះ។ ផ្ទៃដីដំណាំ៩២២២ហិចតា រងការខូចខាត ដែលធ្វើឱ្យប៉ះពាល់ទំហំសេដ្ឋកិច្ចជាង១១លានដុល្លារ។ ប្រជាជនជាង១ម៉ឺននាក់ ត្រូវបានជម្លៀសចេញទៅកាន់ទីតាំងសុវត្ថិភាព។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានរដ្ឋចិន Xinhua។ 
 
នៅល្ងាចថ្ងៃទី២០ ខែកក្កដា កងទ័ពរំដោះប្រជាជនចិន បានព្រមានថា ភ្លៀងធ្លាក់ឥតឈប់ឈរ បានធ្វើឱ្យប្រេះទំនប់វារីអគ្គិសនី Yihetan ក្នុងក្រុងឡកយ៉ាង ទំហំ ២០ម៉ែត្រ និងអាចបង្កហានិភ័យនៃការបាកទំនប់មួយនេះគ្រប់ពេល ខណៈពេលច្រាំងទន្លេ បានរកការខូតខាតយ៉ាងខ្លាំង។ ក្នុងសេចក្តីថ្លែងការណ៍មួយរបស់ខ្លួន បញ្ជាការដ្ឋានយោធាភូមិភាគកណ្តាល បញ្ជាក់ថា ទាហានត្រូវបានបញ្ជូនទៅទំបន់វារីអគ្គិសនីនោះហើយ ដើម្បីឆ្លើយតបនឹងស្ថានភាពអាសន្ន ក្នុងនោះមានដូចជាការរៀបចំបំផ្ទុះ និងការប្តូរមុខទឹកជាដើម។ 
 
នៅទីក្រុងចឹងចូវដែលជាទីរួមខេត្តហឺណាន ព្យុះ និងភ្លៀងខ្លាំង បានបណ្ដាលឱ្យមនុស្សយ៉ាងហោចណាស់១២នាក់ បានស្លាប់នៅក្នុងចំណតរថភ្លើងក្រោមដី និងមនុស្សផ្សេងទៀត បានបាត់ខ្លួន។ នៅក្នុងស្រុកមួយផ្សេងទៀតក្នុងខេត្តដដែលនេះ មនុស្ស ២នាក់ បានបាត់បង់ជីវិត។ ហេដ្ឋារចនាសម្ព័ន្ធជាច្រើន បានរងការខូចខាត ខណៈផ្ទះសម្បែងមួយចំនួន បានរលំដោយសារព្យុះ។ 
 
សូមបញ្ជាក់ថា គ្រោះទឹកជំនន់ តែងតែកើតឡើងជាញឹកញាប់នៅចិនក្នុងរដូវវស្សា។ ការសាងសង់ទំនប់វារីអគ្គិសនី និងទំបន់ទឹកដ៏ច្រើននៅក្នុងប្រទេសដែលបង្អាក់រំហូរទឹក ជាផ្នែកមួយដែលបង្កឱ្យមានផលវិបាកបែបនេះ៕  
 

Tag:
 ចិន
  ព្យុះ
© រក្សាសិទ្ធិដោយ thmeythmey.com