អន្តរជាតិ
នាយករដ្ឋមន្រ្តីថ្មីហៃទី ប្តេជ្ញារក្សាសន្តិសុខក្នុងប្រទេស បន្ទាប់ពីឃាតកម្មប្រធានាធិបតី
21, Jul 2021 , 2:29 pm        
រូបភាព
លោកAriel Henry នាយករដ្ឋមន្រ្តីថ្មីហៃទី។ រូបភាព៖ AFP
លោកAriel Henry នាយករដ្ឋមន្រ្តីថ្មីហៃទី។ រូបភាព៖ AFP
នាយករដ្ឋមន្រ្តីថ្មីហៃទី លោក Ariel Henry នៅថ្ងៃទី២០ ខែកក្កដា បានចូលកាន់តំណែងរបស់ខ្លួន បន្ទាប់ពីឃាតកម្មរបស់លោកប្រធានាធិបតី Jovenel Moise។ លោក Henry បានសន្យារក្សាសន្តិសុខ និងសណ្តាប់ធ្នាប់ក្នុងប្រទេស។

 
លោក Ariel Henry បានចូលកាន់តំណែងជានាយករដ្ឋមន្រ្តីហៃទីនៅថ្ងៃទី២០ ខែកក្កដា បន្ទាប់ពីត្រូវបានលោកប្រធានាធិបតី Jovenel Moise ជ្រើសតាំង មុនពេលឃាតកម្មកើតឡើង។ លោក Henry នឹងត្រូវដឹកនាំប្រទេសរហូតដល់ រៀបចំបោះឆ្នោតប្រធានាធិបតីថ្មីនៅក្នុងខែកញ្ញាខាងមុខ។ ក្នុងសុន្ទរកថាថ្ងៃចូលកាន់តំណែង នាយករដ្ឋមន្រ្តីរូបនេះ សង្ឃឹមថា លោកនឹងអាចជួយរៀបចំស្ថិរភាពក្នុងប្រទេស ដើម្បីអាចឱ្យប្រជាជនបោះឆ្នោតបាន។ 
 
«កិច្ចការអាទិភាពដំបូងរបស់ខ្ញុំ គឺធានាដល់ប្រជាជនថា យើងនឹងធ្វើគ្រប់យ៉ាងដើម្បីរៀបចំសណ្តាប់ធ្នាប់ និងសន្តិសុខឡើងវិញ»។ លោក Henry បានសង្កត់ធ្ងន់បែបនេះ ទៅកាន់ប្រជាជនប្រមាណ ១០លាននាក់របស់ខ្លួន។ បើតាមនាយករដ្ឋមន្រ្តីថ្មីរូបនេះ ការធានាស្ថិរភាព នៅក្នុងប្រទេស គឺជាកិច្ចការដ៏សំខាន់របស់លោក។ 
 
ក្នុងឱកាសឡើងកាន់តំណែងថ្មីនេះ អង្គការសហប្រជាជាតិ អាមេរិក អាល្លឺម៉ង់ ក៏បានបង្ហាញការគាំទ្រនាយករដ្ឋមន្រ្តីហៃទីថ្មីនេះដែរ។ បន្ទាប់ពីឡើងកាន់តំណែង លោក Henry ត្រូវដោះស្រាយបញ្ហាជាច្រើនដូចជា ភាពក្រីក្រ ឧក្រិដ្ឋកម្ម អស្ថិរភាពក្នុងប្រទេស និងគ្រោះធម្មជាតិ។
 
សូមបញ្ជាក់ថា មកទល់ពេលនេះ ជនសង្ស័យប្រមាណ ២៦នាក់ ទាក់ទិននឹងឃាតកម្មលោកប្រធានាធិបតីត្រូវបានចាប់ខ្លួន។ បន្ទាប់ពីមរណភាពលោកMoise លោក Claude Joseph បានឡើងជាប្រធានាធិបតីស្តីទី។ រហូតដល់រដ្ឋាភិបាលថ្មីត្រូវរៀបចំ លោក Joseph បានប្រគល់តួនាទីទៅលោក Henry វិញ ចំណែកលោក Joseph បានត្រលប់ទៅកាន់តំណែងជារដ្ឋមន្រ្តីការបរទេសវិញ។នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។ 
 
ពេលនេះ អាជ្ញាធរហៃទី កំពុងសហការជាមួយមន្រ្តីអាមេរិក FBI ដើម្បីស៊ើបអង្កេតពីករណីបាញ់សម្លាប់លោកប្រធានាធិបតី និងស្វែងរកមូលហេតុ៕ 
 

Tag:
 ហៃទី
  ឃាតកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com