ជាតិ
UN៖ ការអភិវឌ្ឍមនុស្សថយចុះ ខណៈសិស្សជាង៣លាននាក់ ប៉ះពាល់ការសិក្សា ដោយសារបិទសាលា
26, Jul 2021 , 9:59 pm        
រូបភាព
ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចបិទសាលារៀនបណ្ដោះអាសន្នទូទាំងប្រទេស ដើម្បីការពារការរាតត្បាតជំងឺកូវីដ-១៩ ។ ការបិទសាលារៀននេះ ត្រូវបានអង្គការសហប្រជាជាតិប្រចាំកម្ពុជា (UN) បានកត់សម្គាល់ថា ការអភិវឌ្ឍធនធានមនុស្ស ធ្លាក់ចុះយ៉ាងគំហុក ។  នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ UN  កាលពីថ្ងៃទី២០ ខែ កក្កដា ឆ្នាំ២០២១ ។

 
ជាង ២០០ថ្ងៃមកហើយ  ដែលសាលារៀនទាំងអស់នៅកម្ពុជាបានបិទទ្វារ បើគិតពីខែមីនា ឆ្នាំ២០២០ ដោយសារខ្លាចមានការចម្លងជំងឺកូវីដ១៩ ទៅសិស្សានុសិស្ស គ្រូ និងបុគ្គលិកអប់រំជាដើម។ បើតាមរបាយការណ៍UN សិស្សប្រមាណជាង ៣.២លាននាក់ មិនបានទៅសាលារៀន។
 
UN បានសង្កត់ធ្ងន់ដូច្នេះ៖ «សាលារៀនមិនមែនជាកន្លែងដែលនាំឱ្យមានការចម្លងជំងឺកូវីដ១៩ខ្លាំងជាងគេនោះឡើយ។ ដូច្នេះសាលារៀនអាចបើកដំណើរការឡើងវិញប្រកបដោយសុវត្ថិភាព។ បើការបិទសាលារៀននៅតែបន្តអូសបន្លាយពេលយូរ ហានិភ័យដែលកុមារ មិនអាចត្រឡប់ទៅសាលារៀនវិញកើនឡើងកាន់តែខ្ពស់។ កុមារមកពីក្រុមងាយរងគ្រោះ ដែលអាចធ្វើឱ្យមានគម្លាតឌីជីថលកាន់តែរីកធំបន្ថែមទៀត»។ 
 
បញ្ហានេះនឹងបង្កផលប៉ះពាល់ដល់លទ្ធភាពរបស់ឪពុក-ម្តាយ និងអ្នកផ្តល់មើលថែទាំជាច្រើន ជាពិសេសស្ត្រី ,កុមារជាច្រើននាក់មិនសូវបានអាហារដែលសម្បូរសារធាតុចិញ្ចឹម និងបង្កើនហានិភ័យ នៃការប្រព្រឹត្តអំពើហិង្សាលើកុមារ។ ក្មេងប្រុស និងក្មេងស្រី ២០ភាគរយ បានរាយការណ៍ថា ប្រឈមហានិភ័យនៃអំពើហឹង្សា និងការរំលោភបំពានកាន់តែច្រើនជាងមុន អំឡុងពេលសាលារៀនបិទទ្វារ។ 
 
ជាមួយគ្នានេះ ក្រសួងអប់រំ និង UN ធ្លាប់វាយតម្លៃរួមគ្នាថា កុមារ មានឱកាសមិនដូចគ្នាឡើយ ក្នុងការបន្តការរៀនសូត្ររបស់ពួកគេ ដែលនាំឱ្យមានការបាត់បង់ការរៀនសូត្រយ៉ាងច្រើននៅគ្រប់កម្រិត។ កុមារ ៣០ភាគរយប៉ុណ្ណោះ មានលទ្ធភាពប្រើប្រាស់ខ្លឹមសារមេរៀនតាមអនឡាញ និង ៣២ភាគរយ ពឹងអាស្រ័យលើឯកសារមេរៀនតែប៉ុណ្ណោះ។  កុមារមកពីគ្រួសារក្រីក្រ ឬរស់នៅជាមួយពិការភាព នៅតែបន្តជួបប្រទះបញ្ហាប្រឈមច្រើនជាងគេ។ 
 
ជុំវិញការស្នើសុំឱ្យបើកសាលារៀនឡើងវិញនេះ អង្គការ UNICEF ក៏បានចេញរបាយការណ៍មួយថា ការបើកដំណើរការសាលារៀនឡើងវិញប្រកបដោយសុវត្ថិភាព បានក្លាយជាអាទិភាពបន្ទាន់មួយ។ ការខាតបង់រយៈពេលវែងចេញពីការបិទទ្វារសាលារៀន មានទំហំធំធេងក្រៃលែង ទាំងសម្រាប់កុមារម្នាក់ៗ និងសម្រាប់សង្គមទាំងមូល ដែលពិបាកនឹងលើកហេតុផលណាមួយ សម្រាប់ការបន្តបិទទ្វារសាលារៀនទៀត។
 
 
UNICEF បានអះអាងដូច្នេះ៖ «ការបិទទ្វារសាលារៀនអូសបន្លាយរយៈពេលយូរ បង្កផលប៉ះពាល់យ៉ាងខ្លាំងលើការទទួលបានជំនាញរបស់កុមារ និងលើបញ្ហាសុខភាពផ្លូវកាយ និងសុខភាពផ្លូវចិត្តរបស់ពួកគេផងដែរ»។
 
ទាក់ទិននឹងបញ្ហានេះ លោក រស់ សុវាចា អ្នកនាំពាក្យក្រសួង អប់រំ យុវជន និងកីឡា បានប្រាប់ថ្មីៗថា ក្រសួងអប់រំនៅតែបន្តគោលជំហរផ្អាកសាលារៀនទូទាំងប្រទេស ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩។ លុះត្រាតែជំងឺកូវីដ-១៩នៅកម្ពុជាមានភាពធូរស្រាល ទើបក្រសួងអប់រំពិចារណាបើកសាលារៀនឡើងវិញ។
 
អ្នកនាំពាក្យក្រសួងអប់រំ បានអះអាងដូច្នេះថា៖ «ក្រសួងអប់រំ យុវជន និងកីឡា មានជំហរបន្តផ្អាកគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជននៅទូទាំងប្រទេសដោយបន្តតាមដាន និងវាយតម្លៃស្ថានភាពព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ»។
 
សូមបញ្ជាក់ថា គ្រូរដ្ឋ និងគ្រូឯកជន ប្រមាណ៨៥ភាគរយហើយ ដែលបានចាក់វ៉ាក់សាំងចំនួន២ដូស។ រដ្ឋាភិបាល គ្រោងចាក់វ៉ាក់សាំងដល់កុមារអាយុ១២ឆ្នាំ ដល់១៧ឆ្នាំផងដែរ៕ 
 

Tag:
 អប់រំ
  បិទសាលា
  សាលា
  UN
  UNICEF
© រក្សាសិទ្ធិដោយ thmeythmey.com