អន្តរជាតិ
ប្រទេសធំៗ មិនអើពើការអំពាវនាវរបស់ WHO ដោយបន្តផែនការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៣
06, Aug 2021 , 9:29 pm        
រូបភាព
អគ្គនាយកអង្គការសុខភាពពិភពលោក Tedros Adhanom Ghebreyesus។ រូបថត Xinhua
អគ្គនាយកអង្គការសុខភាពពិភពលោក Tedros Adhanom Ghebreyesus។ រូបថត Xinhua
ដោយ៖ ងួន សុភាវត្តី

អាល្លឺម៉ង់ បារាំង និងអ៊ីស្រាអែល នឹងបន្តផែនការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ដូសទី៣ ឬដូសជំរុញឱ្យពលរដ្ឋរៀងៗខ្លួន ដោយមិនអើពើនឹងការអំពាវនាវរបស់អង្គការសុខភាពពិភពលោក (WHO) ឡើយ។ WHO បានស្នើប្រទេសដែលគ្រោងចាក់វ៉ាក់សាំងដូសទី៣ ទុកវ៉ាក់សាំងសម្រាប់ផ្គត់ផ្គង់ប្រទេសក្រីក្រ។


បើទោះបីជាមានទទូចដោយផ្ទាល់ពីប្រមុខអង្គការសុខភាពពិភពលោកក្តី ការសម្រេចចិត្តបន្តចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៣ ឬដូសជំរុញ នៅតែកើតមានឡើង ខណៈដែលប្រទេសអ្នកមានព្យាយាមការពារប្រជាពលរដ្ឋខ្លួនពីវីរុសបំប្លែងខ្លួនដែលតា។ អគ្គនាយក WHO លោក Tedros Adhanom Ghebreyesus បានអំពាវនាវឱ្យផ្អាកការចាក់វ៉ាក់សាំងដូសទី៣ រហូតដល់យ៉ាងហោចណាស់នៅចុងខែកញ្ញា។
 
នៅបារាំង លោកប្រធានាធិបតី អេម៉ានុយអែល ម៉ាក្រុង និយាយថា បារាំងនឹងដំណើរការការចាក់វ៉ាក់សាំងដូសជំរុញដល់មនុស្សចាស់និងជនងាយរងគ្រោះចាប់ពីខែកញ្ញាទៅ។ រដ្ឋាភិបាលលោក ម៉ាក្រុង កំពុងព្យាយាមជំរុញផែនការចាក់វ៉ាក់សាំងរបស់ខ្លួន ស្របពេលបារាំងកំពុងប្រឈមមុខនឹងរលកឆ្លងទី៤ និងការធ្វើបាតុកម្មតវ៉ាប្រឆាំងនឹងគោលនយោបាយវ៉ាក់សាំងជំងឺកូវីដ-១៩ របស់រដ្ឋាភិបាល។
 
ចំណែកក្រសួងសុខាភិបាលអាល្លឺម៉ង់ ក៏បានលើកឡើងថា ខ្លួនមានបំណងផ្តល់វ៉ាក់សាំងដូសជំរុញដល់មនុស្សចាស់ និងអ្នកថែទាំតាមផ្ទះចាប់ពីខែកញ្ញានេះផងដែរ។ ស្របគ្នានេះ អាល្លឺម៉ង់ ក៏អះអាងថា ខ្លួននឹងបរិច្ចាគវ៉ាក់សាំងយ៉ាងតិចណាស់ ៣០ លានដូសដល់ប្រទេសក្រីក្រផងដែរដើម្បីគាំទ្រការផ្ដល់វ៉ាក់សាំងលើពិភពលោក។ 
 
ឯនាយករដ្ឋមន្រ្តីអ៊ីស្រាអែល Naftali Bennett បានជំរុញឱ្យប្រជាជនវ័យចំណាស់ទទួលបានការចាក់វ៉ាក់សាំងដូសទី ៣ បន្ទាប់ពីរដ្ឋាភិបាលនេះបានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងដូសជំរុញកាលពីចុងខែកក្កដាកន្លងទៅ។ 
 
រហូតមកដល់ពេលនេះ បារាំង និងអាល្លឺម៉ង់បានផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ យ៉ាងតិចមួយដូសដល់ប្រជាជន ៦៤,៥ ភាគរយ និង៦២ភាគរយនៃប្រជាជនសរុបរៀងខ្លួន។ ៤៩ភាគរយនៃប្រជាជនបារាំង និង៥៣ភាគរយនៃប្រជាជនអាល្លីម៉ង់ បានចាក់វ៉ាក់សាំងពេញលេញរួចហើយ៕
 

Tag:
 WHO
© រក្សាសិទ្ធិដោយ thmeythmey.com