អន្តរជាតិ
នូវែលសេឡង់ គ្រោងនឹងបើកព្រំដែនឡើងវិញព្រោះខ្វះកម្លាំងពលកម្ម
09, Aug 2021 , 9:29 pm        
រូបភាព
រូបថត AFP
រូបថត AFP
ដោយ៖ ឈួ ស៊ាវយីងជាវ

រដ្ឋាភិបាលនូវែលសេឡង់ កំពុងរងសម្ពាធពីក្រុមហ៊ុន និងវិស័យសាធារណៈទាក់ទងការខ្វះខាតកម្លាំងពលកម្មដែលកើតឡើងដោយសារការបិទព្រំដែន។ នាយករដ្ឋមន្រ្តីនូវែលសេឡង់ ចាស៊ីនដា អាឌើន គ្រោងបង្ហាញផែនការស្តីពីការបើកព្រំដែនឡើងវិញនៅសប្តាហ៍នេះដើម្បីដោះស្រាយបញ្ហានេះ។


បច្ចុប្បន្ននេះ នូវែលសេឡង់ជាប្រទេសដែលអាចគ្រប់គ្រងជំងឺកូវីដ-១៩ បានល្អប្រសើរ ដោយករណីឆ្លងក្នុងស្រុកមិនមានច្រើនខែមកហើយ ស្របពេលបណ្តាប្រទេសនានាកំពុងញាប់ដៃញាប់ជើងទប់ស្កាត់សន្ទុះវីរុសបំប្លែងខ្លួនទម្រង់ដែលតា។ រដ្ឋាភិបាលនាយករដ្ឋមន្រ្តី ចាស៊ីនដា អាឌើន ប្រើយុទ្ធសាស្ត្រការលុបបំបាត់វីរុសដោយបិទខ្ទប់ប្រទេសយ៉ាងតឹងរ៉ឹងដោយបិទព្រំដែនអន្តរជាតិចាប់តាំងពីខែមីនា ឆ្នាំ២០២០ មក។
 
យ៉ាងណាមិញ យុទ្ធសាស្រ្តនេះ ក៏ប៉ះពាល់ខ្លាំងដល់សេដ្ឋកិច្ចក្នុងស្រុកដែលពឹងផ្អែកយ៉ាងខ្លាំងទៅលើកម្លាំងពលករអន្តោប្រវេសន៍។ បច្ចុប្បន្ន ក្រុមហ៊ុនានា ត្រូវរ៉ាប់រងការចំណាយខ្ពស់ និងមានទិន្នផលទាប ព្រោះមិនសូវមានកម្លាំងពលកម្ម។ ក្រុមហ៊ុននានាដែលរកស៊ីលើការផលិតទឹកដោះគោ ដំណាំវប្បកម្ម លំនៅដ្ឋាន សេវាកម្ម សុខភាព និងវិស័យសាធារណៈ សុទ្ធតែបានរាយការណ៍ពីកង្វះបុគ្គលិក និងអំពាវនាវឱ្យរដ្ឋាភិបាលបើកព្រំដែនឡើងវិញ។
 
នៅថ្ងៃទី៩ ខែសីហា ឆ្មបនៅមន្ទីរពេទ្យចំនួន១៥០០នាក់ បានដើរចេញពីការងារដោយលើកឡើងពីការធ្វើការហួសប្រមាណដោយសារកង្វះបុគ្គលិក។ ចំណែកគិលានុបដ្ឋាយិកាជាង៣ម៉ឺននាក់ គ្រោងធ្វើកូដកម្មជាលើកទី២នៅចុងខែសីហានេះក្នុងគោលបំណងទាមទារប្រាក់ខែបន្ថែម និងលក្ខខណ្ឌការងារចំពេលបញ្ហាកង្វះបុគ្គលិកកើនឡើង។
 
ដើម្បីដោះស្រាយបញ្ហានេះ រដ្ឋាភិបាលនូវែលសេឡង់ ត្រៀមផែនការដើម្បីបើកប្រទេសវិញ។ លោកស្រី អាឌើន និយាយនៅថ្ងៃទី៩ខែសីហា ថា រាល់ការផ្លាស់ប្តូរការកំណត់ព្រំដែនណាមួយនឹងត្រូវពិចារណាយ៉ាងប្រុងប្រយ័ត្នដោយផ្អែកលើហានិភ័យ។ នៅថ្ងៃទី១២ ខែសីហា នូវែលសេឡង់ នឹងបង្ហាញផែនការសម្រាប់វិស័យសុខាភិបាល និងការគ្រប់គ្រងព្រំដែន
«យើងបានមកឆ្ងាយណាស់ហើយ...។» លោកស្រី អាឌើន និយាយបែបនេះក្នុងសន្និសីទសារព័ត៌មានមួយ។
 
ទាក់ទងការទាមទារបើកព្រំដែននេះ លោកស្រី អាឌើន ក៏បង្ហាញក្ដីព្រួយបារម្ភខ្លាំងពីវីរុសបំប្លែងខ្លួនទម្រង់ដែលតាដែលកំពុងវាយលុកក្នុងប្រទេសជិតខាងដូចជាអូស្រ្តាលី និងពិភពលោក។ លោកស្រីថា វីរុសបំប្លែងខ្លួនដែលតាមានគ្រោះថ្នាក់ច្រើនជាងមេរោគកូវីដ-១៩ទម្រង់បំប្លែងខ្លួនផ្សេងទៀត។
 
គិតត្រឹមថ្ងៃទី៩ ខែសីហា នូវែលសេឡង់ បានផ្តល់វ៉ាក់សាំងឱ្យប្រជាជនប្រមាណជា២លានដូសដែលស្មើនឹង២១ភាគរយនៃប្រជាជនសរុប។ ឯករណីឆ្លងជំងឺកូវីដ-១៩ មានត្រឹមតែចំនួន ២៨៩០នាក់ និងស្លាប់២៦នាក់ប៉ុណ្ណោះ៕
 
 

Tag:
 នូវែលសេឡង់
© រក្សាសិទ្ធិដោយ thmeythmey.com