អន្តរជាតិ
អូស្រ្តាលី រំពឹងទីផ្សារឥណ្ឌាជំនួសចិនដែលកំពុងមានបញ្ហានឹងគ្នា
10, Aug 2021 , 9:45 am        
រូបភាព
លោក Tony Abbott កាលនៅជានាយករដ្ឋមន្រ្តីអូស្ត្រាលី ស្វាគមន៍សមភាគីឥណ្ឌា នារិន្ទ្រា ម៉ូឌី ។ រូបថត AFP
លោក Tony Abbott កាលនៅជានាយករដ្ឋមន្រ្តីអូស្ត្រាលី ស្វាគមន៍សមភាគីឥណ្ឌា នារិន្ទ្រា ម៉ូឌី ។ រូបថត AFP
ដោយ៖ ងួន​ សុភាវត្តី

អូស្រ្តាលី ចង់សម្រេចឱ្យបានលឿនកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយឥណ្ឌា ដើម្បីជំនួសការនាំចេញទំនិញទៅទីផ្សារចិនដែលកំពុងមានបញ្ហា។ ប្រេសិតពាណិជ្ជកម្មអូស្ត្រាលី Tony Abbott បញ្ជាក់បែបនេះនៅថ្ងៃទី៩ ខែសីហា។ សម្រាប់លោក Abbott កិច្ចព្រមព្រៀងជាមួយឥណ្ ឌាជាសញ្ញាបង្ហាញថា ក្រុមប្រទេសជាប្រជាធិបតេយ្យ កំពុងងាកចេញពីចិន លើផ្នែកពាណិជ្ជកម្ម។



ខណៈបញ្ហាជាមួយចិន លើរឿងពាណិជ្ជកម្មមិនទាន់មានដំណោះស្រាយអ្វី ហើយក៏មិនរំពឹងថា នឹងមានច្រកចេញឆាប់ៗ អូស្ត្រាលី ក៏ងាករកមហាអំណាចមួយទៀត ដើម្បីជំនួសទីផ្សារចិន។ នៅសប្តាហ៍មុនលោក Tony Abbott ដែលជាប្រេសិតពិសេស និងជាអតីតនាយករដ្ឋមន្ត្រីអូស្រ្តាលី បានធ្វើទស្សនកិច្ចនៅទីក្រុងញូវដេលី ក្នុងនាមជាប្រេសិតពាណិជ្ជកម្មពិសេស។​ ទស្សនកិច្ចរបស់លោក Abbott មានគោលបំណងពន្លឿន ការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី ជាមួយឥណ្ឌា។ 
 
ទាក់ទងកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយឥណ្ឌា លោក Abbott អះអាងថា មិនត្រឹមបង្កើនវិបុលភាពរយៈពេលវែង សម្រាប់ប្រទេសទាំងពីរឡើយ តែក៏បង្ហាញថា លោកសេរីងាកចេញពីចិនដែរ។​ ក្នុងអត្ថបទមួយទៅកាន់កាសែត The Australian លោក Abbott សរសេរថា​ ឥណ្ឌា ជាចម្លើយទាំងអស់ទាក់ទងបញ្ហាជាមួយចិន។​
 
«ខណៈប្រទេសមហាអំណាច កំពុងងើបឡើងជុំវិញពិភពលោក ប្រជែងគ្នាកាន់តែខ្លាំងស្ទើរតែរាល់ថ្ងៃ វាជាផលប្រ​យោជន៍​របស់ពិភពលោក ដែលឥណ្ឌាឈរជើងនៅកន្លែងត្រឹមត្រូវ ក្នុងចំណោមប្រទេសមហាអំណាចទាំងនោះ ឱ្យបានលឿនតាមដែលអាចធ្វើទៅបាន»។ លោក ​Abbott បញ្ជាក់បែបនេះ។
 
តាមពិតទៅ ការចរចារវាងឥណ្ឌា និងអូស្ត្រាលី ស្តីពីកិច្ចព្រមព្រៀងសហប្រតិបត្តិការសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ បានចាប់ផ្តើមនៅឆ្នាំ២០១១ ប៉ុន្តែត្រូវបានផ្អាកនៅឆ្នាំ២០១៥។ ឥណ្ឌាបារម្ភខ្លាំង លើការនាំចេញកសិផលអូស្ត្រា​​លី ដែលអាចប៉ះពាល់ទំនិញក្នុងស្រុក។ បន្ថែមពីនេះទៀត ការទាមទាររបស់ទីក្រុងញូវដេលី ក្នុងការបន្ធូរបន្ថយការរឹតត្បិតទិដ្ឋាការ សម្រាប់កម្មករឥណ្ឌា ក៏ជាចំណុចស្នូលដ៏សំខាន់ ដែលធ្វើឱ្យអូស្ត្រាលីស្ទាក់ស្ទើរវិញដែរ។ 
 
ចំណែកកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងចិន និងអូស្ត្រាលី បានចូលជាធរមាននៅឆ្នាំ២០១៥ ក្នុងអាណត្តិ លោក Abbott ​ជានាយករដ្ឋមន្រ្តីតែម្ដង។ យ៉ាងណាមិញ ទំនាក់ទំនងរវាងអូស្រ្តាលី និងចិន ចាប់ផ្តើមល្អក់កករ បន្ទាប់ពីអូស្ត្រាលី ហាមឃាត់ក្រុមហ៊ុនទូរគមនាគមន៍ចិន Huawei ក្នុងគម្រោង 5G ដោយព្រួយបារម្ភលើការជ្រៀតជ្រែកពីបរទេស ចូលក្នុងនយោបាយអូស្រ្តាលី និងការអំពាវនាវរបស់អូស្រ្តាលីឱ្យមានការស៊ើបអង្កេតឯករាជ្យ អំពីប្រភពដើម នៃការរីករាលដាលនៃជំងឺកូវីដ-១៩ ។​
 
សំណេររបស់លោក Abbott ក៏បានចោទប្រកាន់ទីក្រុងប៉េកាំងថា ធ្វើពហិការទំនិញអូស្ត្រាលីជាច្រើន។ កន្លងទៅ ចិន ដាក់ដំឡើងពន្ធ និងដាក់ការរឹតត្បិតលើទំនិញនាំចេញរបស់អូស្ត្រាលី រួមមានធ្យូងថ្ម ស្រូវបាលេ ស្រា និងគ្រឿងសមុទ្រជាដើម។ លោក Abbott ហៅសកម្មភាពរបស់ចិន ជាការប្រើប្រាស់ពាណិជ្ជកម្មជាអាវុធយុទ្ធសាស្ត្រ៕
 

Tag:
 អូស្ត្រាលី
  ចិន
  ឥណ្ឌា
© រក្សាសិទ្ធិដោយ thmeythmey.com