កីឡាអន្តរជាតិ
អន្តរជាតិ
ក្តីសុបិនចង់បាន Ronaldo របស់ PSG ត្រូវជំនួសដោយ Messi វិញ!
10, Aug 2021 , 12:11 pm        
រូបភាព
Lionel Messi សម្រក់ទឹកភ្នែកនាពិធីលាគ្នាជាមួយសមាជិកក្រុម Barcelona បន្ទាប់ពីមិនអាចបន្តលេងឱ្យក្លិបយក្សអេស្ប៉ាញនេះបាន។ បើតាមប្រភពទុកចិត្តដែលកាសែត ESPN ទទួលបាន Paris St-Germain ជាក្លិបតែមួយគត់ដែល Messi យល់ព្រមទៅចូលរួម។ PSG ធ្លាប់បានដាក់គោលដៅចង់បាន Cristiano Ronaldo ទៅរួមក្រុម ប៉ុន្តែពេលនេះក្តីសុបិនរបស់ពួកគេត្រូវជំនួសដោយ Messi វិញ។


Messi និង Barcelona ត្រូវចែកផ្លូវគ្នាក្រោយរួមរស់អស់រយៈពេល ១៨ឆ្នាំ។ ការចែកផ្លូវនេះ មិនមែនជាអ្វីដែលខ្សែបម្រើឆ្នើមសញ្ជាតិអាហ្សង់ទីនចង់បានឡើយ ប៉ុន្តែដោយសារក្លិបមិនអាចបំពេញកិច្ចសន្យាថ្មីព្រោះវិបត្តិហិរញ្ញវត្ថុ រួមទាំងច្បាប់លីគ La Liga របស់អេស្ប៉ាញ។ 
 
បើតាមការផ្សាយរបស់ ESPN តារាឆ្នើម Messi បានយល់ព្រមចុះកិច្ចសន្យារយៈពេល២ឆ្នាំជាមួយក្លិបយក្សបារាំងដែលមានលោក Mauricio Pochettino ជាអ្នកចាត់ការរួចហើយ និងរង់ចាំតែថ្ងៃបង្ហាញមុខប៉ុណ្ណោះ។
 
មុនពេលមានភាគរយខ្ពស់ក្នុងការទទួលបានប្រធានក្រុមជម្រើសជាតិអាហ្សង់ទីនទៅរួមក្រុម  PSG ធ្លាប់បានព្យាយាមចរចាយក Ronaldo ទៅប៉ារីស ស្របពេលខ្សែប្រយុទ្ធឆ្នើមសញ្ជាតិព័រទុយហ្កាល់រូបនេះហាក់ចង់ចាកចេញពី Juventus។
 
Ronaldo ចង់ចាកចេញពីក្រុមយក្សអ៊ីតាលី ដោយមិនទទួលបានពានអ្វីសោះរដូវកាលមុន។ ក៏ប៉ុន្តែអ្វីៗបានប្រែទៅជាល្អវិញរវាងកីឡាករ និងក្លិបទាំងសងខាងក្រោយ Juventus បានតែងតាំងលោក Massimiliano Allegri ជាអ្នកចាត់ការទូទៅវិញ។ Ronaldo ក៏បានត្រឡប់ពីវិស្សមកាលដើម្បីទៅចួលរួមក្រុមក្នុងការប្រកួតកំដៅសាច់ដុំផងដែរ។
 
PSG ត្រូវបានគេជឿជាក់ថាជាក្លិបតែមួយគត់ដែលមានសមត្ថភាពចុះហត្ថលេខាយកខ្សែប្រយុទ្ធវ័យ៣៦ឆ្នាំទៅរួមក្រុមបាន ក៏ប៉ុន្តែវត្តមានរបស់ Messi នឹងធ្វើឱ្យ Ronaldo មិនអាចធ្វើឱ្យ Ronaldo ទៅកាន់កីឡដ្ឋាន Parc des Princes បានទេ ទោះបីជាមិនមានថ្លៃផ្ទេរក៏ដោយ។ នេះមានន័យថា សុបិនរបស់ PSG ក្នុងការចង់បាន Ronaldo ត្រូវបញ្ចប់ ហើយត្រូវជំនួសវិញដោយ Messi។
 
បើយោងតាមកាសែត AS ទោះការមកដល់របស់ Messi ធ្វើឱ្យ PSG កើនចំណាយថ្លៃពលកម្មខ្ពស់ក៏ដោយ ក៏ក្លិបយក្សបារាំងមួយនេះមិនព្រមប្រលែង Kylian Mbappe ទៅចូលរួមជាមួយ Real Madrid ដែរ។ PSG អះអាងថា បើទោះលក់ខ្សែប្រយុទ្ធឆ្នើមសញ្ជាតិបារាំងវ័យ២២ឆ្នាំរូបនេះក្នុងតម្លៃថ្លៃណាមួយហើយគ្រប់គ្រាន់ដើម្បីយក Ronaldo ទៅរួមក្រុមក៏ដោយ ក៏ពួកគេមិនធ្វើដែរ៕
 

Tag:
 Lionel Messi
  Cristiano Ronaldo
© រក្សាសិទ្ធិដោយ thmeythmey.com