កីឡាអន្តរជាតិ
អន្តរជាតិ
Djokovic ដកខ្លួនចេញពីការប្រកួត Western & Southern Open ក្រោយបរាជ័យនៅអូឡាំពិកតូក្យូ
10, Aug 2021 , 3:59 pm        
រូបភាព
ដោយ៖ជា យូគៀង

កីឡាករវាយកូនបាល់(Tennis) Novak Djokovic បានប្រកាសដកខ្លួនចេញពីកម្មវិធីប្រកួត Western & Southern Open នៅទីក្រុងស៊ីនស៊ីណាទី រដ្ឋអូហៃយ៉ូ សហរដ្ឋអាមេរិក។ ការប្រកាសដកខ្លួននេះ គឺក្រោយពេលរូបគេបានបរាជ័យក្នុងការប្រជែងមេដាយអូឡាំពិក នាទីក្រុងតូក្យូ ២០២០ នាពេលថ្មីៗនេះ។


Novak Djokovic ជាកីឡាករវាយកូនបាល់លំដាប់ទី១ពិភពលោក ដែលធ្លាប់ឈ្នះពានរង្វាន់ Grand Slam ចំនួន២០លើក និងជាជើងឯក Masters 1000 Hardcourt ២លើក. រូបគេបានបង្ហោះសារនៅលើបណ្តាញសង្គម Twitter ថា រូបគេបានដកខ្លួនចេញពីការប្រកួតក្នុងកម្មវិធីវាយកូនបាល់ Western & Southern Open ក្នុងខែនេះ។ ការដកខ្លួនចេញពីការប្រកួតនេះ ត្រូវបាន Djokovic អះអាងថា រូបគេត្រូវការពេលសម្រាក ក្រោយបញ្ចប់ការប្រកួតនៅអូឡាំពិកតូក្យូរួចមក។
 
«ខ្ញុំត្រូវការពេលវេលារាងយូរបន្តិច ដើម្បីឲ្យខ្លួនខ្ញុំបានសះស្បើយពីការប្រកួតបានខ្លះ បន្ទាប់ពីខ្ញុំបានធ្វើដំណើរទៅប្រកួតនៅប្រទេសអូស្រ្តាលីចប់ ហើយហោះមកប្រកួតនៅតូក្យូ(ប្រទេសជប៉ុន)ទៀត»។ នេះជាការលើកឡើងរបស់កីឡាករវាយកូនបាល់លំដាប់ទី១ របស់ពិភពលោក។
 
Djokovic បានសរសេរទៀតថា៖« ពិតជាសោកស្តាយចំពោះការនិយាយបែបនេះ ប៉ុន្តែខ្ញុំមិនទាន់រួចរាល់សម្រាប់ការប្រកួតប្រជែងនៅទីក្រុងស៊ីនស៊ីណាទី រដ្ឋអូហៃយ៉ូបាននៅឡើយទេ ក្នុងឆ្នាំនេះ។ ខ្ញុំនិងត្រឡប់មកវិញ ជាមួយការផ្តោតអារម្មណ៍សម្រាប់ការប្រកួត US Open និងចំណាយពេលវេលាច្រើនបន្តិចជាមួយក្រុមគ្រួសាររបស់ខ្ញុំ»។
 
កីឡាករ Novak Djokovic បានឈ្នះការប្រកួត Grand Slam រហូតដល់ទៅ៣ដងក្នុងឆ្នាំ២០២១នេះ ។ រូបគេក៏បានរំពឹងខ្លាំងថា អាចក្លាយជាបុរសដំបូង ដែលឈ្នះការប្រកួតវាយកូនបាល់ជាលើកទី៤ ជាមួយនិងមេដាយមាសអូឡាំពិក។ តែក្តីរំពឺងនេះ បែរត្រឹមខកចិត្ត ។ Djokovic បានប្រកួតចាញ់កីឡាករ Alexander Zverev មកពីអាឡឺម៉ង់ នៅវគ្គពាក់កណ្តាល់ផ្តាច់ព្រ័ត្រ និងចាញ់ការប្រកួតដណ្តើមមេដាយសំរិទ្ធិ ជាមួយកីឡាករមកពីអេស្ប៉ាញ Pablo Carreno៕

Tag:
 Tennis
  Novak Djokovic
© រក្សាសិទ្ធិដោយ thmeythmey.com