អន្តរជាតិ
ឡាវនិងវៀតណាម ចុះកិច្ចព្រមព្រៀង១៤ ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី
10, Aug 2021 , 7:29 pm        
រូបភាព
ប្រធានាធិបតីឡាវ ថងលួន ស៊ីសូលីត ស្វាគមន៍សមភាគីវៀតណាម ង្វៀន សួនហ្វ៊ុក នៅរដ្ឋធានីវៀងចន្ទន៍។ រូបថតពីវេបសាយរដ្ឋាភិបាលវៀតណាម
ប្រធានាធិបតីឡាវ ថងលួន ស៊ីសូលីត ស្វាគមន៍សមភាគីវៀតណាម ង្វៀន សួនហ្វ៊ុក នៅរដ្ឋធានីវៀងចន្ទន៍។ រូបថតពីវេបសាយរដ្ឋាភិបាលវៀតណាម
ដោយ៖ ងួន សុភាវត្តី

ប្រទេសភូមិផងគ្នាឡាវ និងវៀតណាមបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការចំនួន ១៤ ក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅឡាវរបស់ប្រធានាធិបតីវៀតណាម ង្វៀន សួនហ៊្វុក ​នៅថ្ងៃទី៩សីហា។


ប្រធានាធិបតីវៀតណាម ង្វៀន​ សួនហ្វ៊ុក ទៅដល់រដ្ឋធានីវៀងចន្ទន៍ នៅថ្ងៃទី៩ ខែសីហាក្នុងដំណើរទស្សនកិច្ចមិត្តភាពមួយ។ នេះគឺជាដំណើរទស្សនកិច្ចផ្លូវការនៅក្រៅប្រទេសជាលើកដំបូងរបស់​លោកហ្វ៊ុក ក្រោយ​ក្លាយជាប្រធានាធិបតីថ្មីរបស់វៀតណាមកាលពីខែមេសាកន្លង​ទៅ។ នេះក៏ជាលើកដំបូងក្នុងឆ្នាំនេះ ដែលឡាវទទួលស្វាគមន៍ដំណើរទស្សនកិច្ចពីប្រមុខរដ្ឋបរទេស។ ប្រធានាធិបតីឡាវ ថងលួន ស៊ីសូលីត បានស្វាគមន៍លោក ហ្វ៊ុក នៅវិមានប្រធានាធិបតី។ 
 
កិច្ចព្រមព្រៀងចំនួន១៤ ត្រូវបានចុះហត្ថលេខាអំឡុងជំនួបនេះ។ កិច្ចព្រមព្រៀងទាំងនោះមាន កិច្ចសហប្រ​តិបត្តិការសម្រាប់ឆ្នាំ២០២១-២០២៥ រវាងការិយាល័យប្រធានាធិបតីឡាវ និងវៀតណាម, ផែនការកិច្ចសហប្រតិបត្តិការសម្រាប់ឆ្នាំ២០២២ ស្តីពីច្បាប់និងយុត្តិធម៌, កិច្ចព្រមព្រៀងស្តីពីកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងការជួញដូរគ្រឿងញៀន, និងកិច្ចព្រមព្រៀងផ្សេងៗទៀតដែលពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការរបស់រដ្ឋាភិបាលទាំងពីរនិងពាក់ព័ន្ធនឹងវិស័យឯកជនផងដែរ
 
ក្នុងជំនួបទ្វេភាគី ប្រធានាធិបតីទាំងពីរ ក៏បានឯកភាពគ្នាក្នុងការពង្រឹងទំនាក់ទំនង មិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅ។ លោក ហ្វ៊ុក និងលោក ថងលួន បានសន្យាផ្លាស់ប្តូរទស្សនកិច្ចបន្ថែមទៀតដោយគណៈប្រតិភូជាន់ខ្ពស់ ដើម្បីជំរុញការអនុវត្តកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាទាំងនេះ។ នេះបើតាមកាសែត Vientiane Times ។
 
លើសពីនោះ មេដឹកនាំទាំងពីរ ក៏បានឯកភាពលើសំណើដែលបានធ្វើឡើងដោយវិស័យផ្សេងៗនៅឡាវនិងវៀតណាមដើម្បីពង្រឹងកិច្ចសហការក្នុងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ វិស័យទេសចរណ៍ កិច្ចសហប្រតិបត្តិការថាមពលនិងកសិកម្ម ដែលនឹងជួយពង្រឹងមូលដ្ឋានគ្រឹះសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចនៅឡាវ និងវៀតណាម។
 
លោក ថងលួន បានថ្លែងអំណរគុណដល់ប្រទេសវៀតណាមដែលបានជួយឧបត្ថម្ភឡាវអំឡុងពេលមានវិបត្តិសេដ្ឋកិច្ចជាពិសេសការផ្តល់ឧបករណ៍វេជ្ជសាស្ត្រនិងអ្នកឯកទេសដើម្បីជួយដល់ប្រទេសឡាវក្នុងការឆ្លើយតបទៅនឹងការផ្ទុះឡើងជំងឺកូវីដ-១៩កន្លងមក​។ ក្នុងជំនួបនេះដែរ វៀតណាមក៏បានយល់ព្រមផ្តល់ជាជំនួយថវិកាបន្ថែមទៀតដល់ឡាវ ក្នុងការ​​សាងសង់សាលាបណ្តុះបណ្តាលវិជ្ជាជីវៈមួយនៅ ខេត្ត Khammuan ក្នុងទំហំទឹកប្រាក់ជាងចំនួន ៥ លានដុល្លារអាមេរិក៕
 

Tag:
 ឡាវ
  វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com