ជាតិ
សង្គមជាតិ
ជនជាតិដើមភាគតិច ស្នើបង្កើតជំពូកថ្មីក្នុងច្បាប់ ដើម្បីការពារពួកគាត់ឲ្យស្មើពលរដ្ឋខ្មែរទូទៅ
10, Aug 2021 , 8:59 pm        
រូបភាព
ជនជាតិដើមភាគតិច ក្នុងឃុំបរខាំ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ចូលរួមក្នុងពិធីប្រារព្ធទិវាជនជាតិដើមភាគតិចអន្តរជាតិលើកទី២៥ កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩។ រូបពីគណនីហ្វេសប៊ុក Fang Chompey Jarai
ជនជាតិដើមភាគតិច ក្នុងឃុំបរខាំ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ចូលរួមក្នុងពិធីប្រារព្ធទិវាជនជាតិដើមភាគតិចអន្តរជាតិលើកទី២៥ កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩។ រូបពីគណនីហ្វេសប៊ុក Fang Chompey Jarai
ជនជាតិដើមភាគតិច ស្នើឲ្យតាក់តែងជំពូកថ្មីអំពីជនជាតិដើមភាគតិច ក្ក្នុងច្បាប់ ដើម្បីឲ្យពួកគាត់ មានតម្លៃស្មើប្រជាជនខ្មែរទូទៅ និងដើម្បីដាក់ទោសអ្នក ដែលបំពានឬមាក់ងាយពួកគាត់។ មន្រ្តីជាន់ខ្ពស់ បកស្រាយថា រដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់លើប្រជាជនគ្រប់រូប ហើយច្បាប់ការពារមនុស្សរាល់គ្នា។ ចំពោះសំណើ មន្រ្តី ឆ្លើយថា ស្ថាប័នពាក់ព័ន្ធ នឹងយកទៅពិចារណា បើទទួលបានជាផ្លូវការពីបងប្អូនជនជាតិដើមភាគតិច។



ជនជាតិដើមភាគតិចនៅកម្ពុជា បានយកឱកាសនៃទិវាជនជាតិដើមភាគតិចអន្តរជាតិលើកទី២៧ កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១ បង្ហាញពីទុក្ខកង្វល់របស់ពួកគាត់។ ក្នុងចំណោមទុក្ខកង្វល់ទាំងនោះ មានទុក្ខកង្វល់ធំមួយ ដែលជនជាតិដើមភាគតិចលើកឡើង គឺពួកគាត់ ហាក់យល់ថា ពួកគាត់ មិនទាន់ទទួលបានការការពារដិតដល់ពីរដ្ឋាភិបាល និងតាមផ្លូវច្បាប់ឡើយ។

តាមរយៈសេចក្តីថ្លែងការណ៍រួម ដែលចេញក្នុងទិវាជនជាតិដើមភាគតិចអន្តរជាតិ ជនជាតិដើមភាគតិចនៅកម្ពុជា បានស្នើឲ្យរដ្ឋាភិបាលកម្ពុជា ក៏ដូចជាអង្គការនីតិបញ្ញត្តិ សរសេរជំពូកបន្ថែមដាច់ដោយឡែងអំពីជនជាតិដើមភាគតិច ក្នុងក្រម២ គឺក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌ។ គោលបំណងរបស់ជនជាតិដើមភាគតិច ក្នុងការស្នើឲ្យចែងជំពូកថ្មីក្នុងក្រមបែបនេះ គឺដើម្បីដាក់ទោសបុគ្គលឬក្រុមណា ដែលប៉ះពាល់ បំពាន ប្រឆាំង មាក់ងាយ និង រើសអើងលើជនជាតិដើមភាគតិច។

ម្យ៉ាងទៀត ការចែងជំពូកថ្មីក្នុងក្រម ធ្វើឲ្យពួកគាត់ មានជំនឿថា ពួកគាត់ អាចនឹងត្រូវបានការពារពេញលេញពីការបំពាន ការប្រឆាំង ការមាក់ងាយ ការរើសអើង ហើយក៏អាចជួយឲ្យពួកគាត់ មានភាពស្មើមុខស្មើមាត់ និងមានតម្លៃស្មើនឹងប្រជាជនខ្មែរទូទៅដែរ ដែលរស់លើទឹកដីដូនតាតែមួយជាមួយគ្នា។

លោក គ្រើង តុលា អ្នកប្រឹក្សាយោបល់ដល់ជនជាតិដើមភាគតិចក្នុងខេត្តមណ្ឌលគិរី លើកឡើងថា ជនជាតិដើមភាគតិច ដូចជា ជនជាតិព្នងជាអាទិ៍ ឧស្សាហ៍ត្រូវបានគេ បំពាននិងមាក់ងាយ ម៉្លោះហើយទើបបានជាជនជាតិដើមភាគតិច មូលមតិគ្នាស្នើឲ្យរដ្ឋាភិបាល បង្កើតជំពូកថ្មីដោយឡែកក្នុងក្រម ដើម្បីការពារពួកគាត់ និងដាក់ទោសដល់ជន ដែលបំពាននិងមាក់ងាយពួកគាត់។

ជនជាតិព្នងព្រៃផ្សៃ ភ្លីភ្លើ មិនបានរៀនសូត្រ ។ល។ ទាំងនេះ គឺជាពាក្យ ដែលលោក គ្រើង តុលា លើកមកធ្វើជាឧទាហរណ៍ ដោយអះអាងថា ជនជាតិព្នង និងជនជាតិដើមភាគតិចផ្សេងទៀត ធ្លាប់ទទួលបាន ហើយនៅមានមនុស្សមួយចំនួន កំពុងបន្តប្រើពាក្យទាំងនេះលើពួកគាត់ដល់សព្វថ្ងៃ។ លោក បន្តថា មិនត្រឹមតែប្រជាជនសាមញ្ញទេ រហូតដល់តំណាងរាស្រ្ត ក៏ធ្លាប់ប្រើពាក្យនេះលើជនជាតិដើមភាគតិចដែរ។

លោក បានឆ្លៀតរម្លឹកពីតំណាងរាស្រ្តម្នាក់ ដែលធ្លាប់ប្រៀបធៀបតំណាងរាស្រ្តខាងប្រឆាំង ថាមានចរិតព្រៃផ្សៃដូចព្នង។ កាលនោះ ជនជាតិដើមភាគតិច ពិសេសជនជាតិព្នង បានប្រតិកម្មយ៉ាងខ្លាំងចំពោះតំណាងរាស្រ្តនោះ។ យ៉ាងណា តំណាងរាស្រ្តរូបនោះ បានសូមទោសជនជាតិព្នង ចំពោះពាក្យពេចន៍មិនគប្បីរបស់ខ្លួន។

លោក រម្លឹកទៀតថា កន្លងមក មានអ្នកពោលពាក្យប្រមាថជនជាតិខ្មែរ ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ  តែដល់ពេលជនជាតិដើមភាគតិច ត្រូវបានគេប្រមាថ បែរជាពុំមានស្ថាប័នណាប្រតិកម្ម និងទាមទារឲ្យតុលាការដាក់ទោសលើជននោះ។ លោក បន្ថែមថា ចំណុចនេះ បង្ហាញឲ្យឃើញពីកង្វះការយកចិត្តទុកដាក់ និងកង្វះការគាំពារពីរដ្ឋាភិបាលលើជនជាតិដើមភាគតិច។

លោក គ្រើង តុលា ដែលជាបុរសជនជាតិព្នង បានបរិយាយក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗថា៖«ប្រទេសតែមួយ ជនជាតិតែមួយ ហើយយើង បែងចែក នេះ ជាបក្សសម្ព័ន្ធនេះ នោះ ជាបក្សសម្ពនោះ។ កាលណាធ្វើអ៊ីចឹង វា ក្លាយជាប្រទេសអស្ថិភាព ដែលអាចបែងចែកពូជសាសន៍ ពណ៌សម្បុរ ជាតិពន្ធុអីផ្សេងៗអ៊ីចឹងទៅ យើង អត់ចង់បានអ៊ីចឹងទេ។ យើង ចង់បាន ជនជាតិតែមួយ រស់នៅជាមួយគ្នា យើង ចង់បានតែប៉ុណ្ណឹងទេ»។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល និងលោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ អះអាងដូចគ្នាថា ដ្បិតកម្ពុជា មិនទាន់មានជំពូកដោយឡែក ដែលចែងអំពីជនជាតិដើមភាគតិច ក្នុងក្រមក្តី តែប្រជាជនគ្រប់រូប ដែលរស់នៅលើទឹកដីកម្ពុជា គឺមានសិទ្ធិស្មើគ្នា មានភាពស្មើគ្នាចំពោះមុខច្បាប់ និងត្រូវការពារដូចគ្នា បើមានការរំលោភបំពាន។ មាត្រា៣៨នៃរដ្ឋធម្មនុញ្ញ ចែងថា ជន​គ្រប់​រូប​ មាន​សិទ្ធិ​ការពារ​ខ្លួន​តាម​ផ្លូវ​តុលាការ។

លោក ផៃ ស៊ីផាន អធិប្បាយថា រដ្ឋាភិបាលកម្ពុជា មានគោលជំហរ ក្នុងការគោរពគ្នាទៅវិញទៅមក ដូចដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់ផ្សេងៗ។ លោក និយាយតាមផ្លូវច្បាប់ថា មិនថាជនជាតិដើមភាគតិចតិច ឬជនជាតិភាគច្រើន មិនថាជនងាយរងគ្រោះ ឬអ្នកក្រ គឺមិនអាចត្រូវរំលោភបំពាននោះទេ។

ជាមួយគ្នានេះ លោក មើលមិនឃើញថា រដ្ឋាភិបាល មានភាពខ្វះចន្លោះក្នុងការការពារជនជាតិដើមភាគតិចឡើយ។ លោក ចង់មានន័យថា រដ្ឋាភិបាល ការពារប្រជាជនខ្មែរគ្រប់រូប ដោយមិនមែនការពារតែជនជាតិខ្មែរទូទៅ ហើយទុកជនជាតិដើមភាគតិចចោលនោះទេ។ លោក បន្ថែមថា  ជនជាតិដើមភាគតិចនៅកម្ពុជា ត្រូវបានលើកកម្ពស់ថែមទៀត ដោយមានជនជាតិដើមភាគតិចខ្លះ មានវត្តមានលើកឆាកនយោបាយ មានវត្តមានក្នុងជួរតំណាងរាស្រ្ត និងក្នុងជួរដ្ឋាភិបាល។

តាមរយៈបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ អ្នកនាំពាក្យរដ្ឋាភិបាលរូបនេះ មានប្រសាសន៍ថា៖«រាជរដ្ឋាភិបាល មានគោលការណ៍សមធម៌ [និង ឲ្យតម្លៃមនុស្សទាំងអស់] ស្មើភាពគ្នាចំពោះមុខច្បាប់។ អ្នកណា ដែលឃើញថា ជាការមាក់ងាយ ជាការមើលស្រាល ជាការរំខានប៉ះពាល់ដល់កិត្តិយស យើង មានច្បាប់ប្តឹង»។

លោក គ្រើង តុលា ប្រាប់ថា មុនឆ្នាំ២០១៩ (មុនផ្ទុះជំងឺកូវីដ-១៩) តំណាងជនជាតិដើមភាគតិច ធ្លាប់បានពិភាក្សាជាមួយអន្តរក្រសួងលើសំណើ ដែលចង់ឲ្យមានជំពូកដាច់ដោយឡែងអំពីជនជាតិដើមភាគតិចនៅក្នុងក្រម។ រហូតដល់ទិវាជនជាតិដើមភាគតិចអន្តរជាតិក្នុងឆ្នាំ២០២១នេះ ពួកគាត់ ក៏សម្រេចស្នើចំណុចនេះឡើង ក្នុងចំណោមចំណុចជាច្រើនទៀត ទៅកាន់រដ្ឋាភិបាល តាមរយៈសេចក្តីថ្លែងការណ៍រួមរបស់ពួកគាត់។

ប៉ុន្តែ មកដល់ពេលនេះ ជនជាតិដើមភាគតិច មិនទាន់មានគម្រោងដាក់សំណើផ្លូវការ ជូនទៅរដ្ឋាភិបាល ឬក្រសួងណាមួយ ដើម្បីសុំឲ្យពិចារណាពីការបង្កើតជំពូកថ្មីក្នុងក្រមឡើយ។ លោក គ្រើង តុលា បញ្ជាក់ថា៖«យើង មិនទាន់ដឹងថាដាក់ ឬមិនដាក់ទេ តែដោយសាយើង មានច្បាប់ស្រាប់ហើយ យើង ស្នើប៉ុណ្ណឹង រដ្ឋាភិបាល គួរតែពិចារណាតែម្តង អាហ្នឹងបានល្អ»។

លោក ជិន ម៉ាលីន ឆ្លើយតបថា បើក្រសួងយុត្តិធម៌ ឬក្រសួងពាក់ព័ន្ធណា ទទួលបានសំណើពីជនជាតិដើមភាគតិចអំពីការស្នើឲ្យបន្ថែមជំពូកថ្មីក្នុងក្រម ក្រុមការងារបច្ចេកទេស នឹងយកទៅពិចារណា និងពិនិត្យលើគ្រប់ទិដ្ឋភាព ដូចជា ទិដ្ឋភាពច្បាប់ ទិដ្ឋភាពសង្គម និង ទិដ្ឋភាពសិទ្ធិមនុស្ស។  អ្នកនាំពាក្យក្រសួងយុត្តិធម៌រូបនេះ ថ្លែងមកកាន់សារព័ត៌មានថ្មីៗថា៖«ពេលបានសំណើ គេ នឹងពិនិត្យមើលជាក់ស្តែងទៅតាមហ្នឹង»។

ការធ្វើជំរឿនចន្លោះឆ្នាំ២០១៣ បានឲ្យដឹងថា ជនជាតិដើមភាគតិចនៅកម្ពុជា មានជាង១៨ម៉ឺននាក់ ស្មើនឹង១,២៥ភាគរយនៃប្រជាជនកម្ពុជាសរុប។ ជនជាតិដើមភាគតិចនៅកម្ពុជា មាន២៤ក្រុមឬអម្បូរ រស់នៅក្នុងខេត្ត១៥ រួមមាន មណ្ឌលគិរី រតនគិរី ស្ទឹងត្រែង ក្រចេះ កំពង់ធំ ព្រះវិហារ ពោធិ៍សាត់ បាត់ដំបង ឧត្តរមានជ័យ បន្ទាយមានជ័យ ត្បូងឃ្មុំ កោះកុង កំពង់ស្ពឺ សៀមរាប និង ព្រះសីហនុ។

ជនជាតិដើមភាគតិច សរសេរក្នុងសេចក្តីថ្លែងការណ៍រួមថា៖«ពួកយើង មានទំនាក់ទំនងជិតស្និទ្ធ និងមានជំនឿយ៉ាងមុតមាំទៅលើទឹកដី ព្រៃភ្នំ ក្រំថ្ម ជ្រោះ ស្ទឹង ទន្លេ បឹងបួ»៕

Tag:
 ជនជាតិដើមភាគតិច
  ជំពូកថ្មីក្នុងក្រម
© រក្សាសិទ្ធិដោយ thmeythmey.com